វិធី​ដាំ​ល្ពៅក្នុង​ផើង​

19-12-2017 11:02 am 486

​ល្ពៅ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pumpkin ។ ល្ពៅ​មាន​ដើម​កំណើត​នៅ​ភូមិភាគ​កណ្តាល​នៃ​ម៉ិចស៊ីកូ និង​មាន​ចំនួន​២៥​អំបូរ​ល្ពៅ ។ ល្ពៅ​អាច​ដាំ​ដុះ​បាន​នៅ​តំបន់​ទី​វាលទំនាប​រហូត​ដល់​ខ្ពង់រាប ដែល​មាន​សីតុណ្ហភាព​មធ្យម វា​មិន​ទាមទារ​នូវ​ដី​ដែល​មាន​ជីជាតិ​ខ្លាំង​នោះឡើយ ។ ល្ពៅ​អាច​ដាំ​ដុះ​នៅលើ​ដី​ស្ទើរ​គ្រប់​ប្រភេទ តែ​ដី​ដែល​មាន​ជីជាតិ​តិច នឹង​ធ្វើ​ឱ្យ​ឆាប់​អស់​ផ្លែ ហើយ​ងាប់​ដើម ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ដាំ​ដុះ ដំណាំ​ល្ពៅ​នៅក្នុង​ផើង​ងាយៗ​…

​ការរៀបចំ ៖
- ត្រូវ​ជ្រើសរើស​ពូជ​ដែល​ធន់​ទ្រាំ ជាទូទៅ ត្រូវ​ជ្រើសរើស​ពូជ​ដែល​ដាំ​នៅក្នុង​ស្រុក​
- ដី​ដែល​ដាំ​ដុះ​ល្អ ជា​ដីល្បាប់​ល្បាយ​ខ្សាច់ ដី​ក្រហម ដី​ខ្មៅ ប៉ុន្តែ​ដី​ដែល​ជ្រាប​ទឹក​មិន​ល្អ​ទេ មិន​អាច​ជួយ​ធ្វើឱ្យ​ល្ពៅ​ទទួលបាន​ទិន្ន​ន​ផល​ខ្ពស់​ឡើយ​
- ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ​ល្អ ឬ​អាច​ធុង​ស្នោ​ក៏បាន​

​ការដាំដុះ​៖
- ត្រូវយក​គ្រាប់ពូជ​មក​សម្អាត​ជាមុន បន្ទាប់មក​ដាក់​ហាលថ្ងៃ​ឱ្យ​ក្តៅ ដើម្បី​ដាស់​ដំណេក​គ្រាប់ពូជ​
- យក​គ្រាប់​ពូជ​ទាំងនោះ ទៅ​ដាក​ត្រាំ​ទឹក​១​យប់​
- យក​ដី ដែល​យើង​ត្រៀម​រួចរាល់​នោះ ទៅ​ដាក់​ហាល​ក្រោម​កម្តៅ​ព្រះអាទិត្យ ឱ្យ​ស្ងួត​
- យក​ផើង​ដំណាំ ឬ​ធុង​ស្នោ ទៅ​លាង​ទឹក​ឱ្យ​ស្អាត និង​ហាល​ឱ្យ​ស្ងួត​
- ចាក់ដី ក្នុង​ផើង​ដំណាំ ឬ​ធុង​ស្នោ​ដែល​បាន​រៀបចំ​រួច​
- ស្រង់​គ្រាប់ពូជ​ល្ពៅ ដោយ​យក​ទៅ​ដាំ​ក្នុង​រណ្តៅ ក្នុង​មួយ​រណ្តៅ​ពី ៣-៤​គ្រាប់ និង​ជម្រៅ​ពី ២-៣​សង់ទីម៉ែត្រ​

​ការស្រោចស្រព ៖
- ល្ពៅ​ជា​ដំណាំ​ធន់​ទ្រាំ​នឹង​ភាព​រាំងស្ងួត តែ​បើកាលណា​ដី​ពុំ​មាន​សំណើម​គ្រប់គ្រាន់ វា​នឹង​អាច​ធ្វើឱ្យ​ដំណាំ​ខ្វះ​ការលូតលាស់ 

​ការថែទាំ ៖
- ត្រូវ​ឧស្សាហ៍​ជ្រុំ ធ្វើ​ដី​ឱ្យ​ធូរ និង​សម្អាត​ស្មៅ តាម​គុម្ព​ដំណាំ​
- ជ្រុំដី​ឱ្យ​ផុស​ល្អ ហើយ​ពូនដី​នៅ​នឹង​គល់ ក្រោយ​ពី​ដាំ​រយៈពេល ១៥-១៨​ថ្ងៃ​
- ពេល​កូន​ដុះ​លូតលាស់ ត្រូវ​ដក​រំ​លោះ​កូន​ចេញ ដោយ​ទុក​តែ ២-៣​ដើម​ក្នុង​មួយ​គុម្ព​បាន​ហើយ រក្សាទុក​គ្រាប់ពូជ​ដែល​ធំ​ថ្លោស​ល្អ 

​ការប្រមូល​ផល ៖
-  ល្ពៅ​ផ្លែ​ប្រផេះ​ស្រអាប់ សម្បក​រឹង ត្រូវ​កាត់​ផ្លែ​ល្ពៅ​ទាំង​ទង​យកមក​ទុកដាក់​លើ​ធ្នើ​មិន​ប៉ះ​ដី ទើប​រក្សា​ទុក​បាន​យូរ​ខែ​
- ដើម​រក្សាទុក​ពូជ​ឱ្យ​បានល្អ ត្រូវ​បេះ​ផ្លែ​ទុំ​ពេញ​លក្ខណៈ​ពី​ដើម ដែល​គ្មាន​កើត​ជំងឺ មក​រក្សា​ទុក​ពី ១០-១៥​ថ្ងៃ បន្ទាប់​មក​ពុះ​ផ្លែ ហើយ​យក​គ្រាប់​មក​លាង​ទឹក​ឱ្យ​ស្អាត​ដាក់​ហាលថ្ងៃ ឱ្យ​ស្ងួត​ក្នុង​ថ្ងៃ​ដំបូង តែ​២​ថ្ងៃ​បន្ទាប់​មក ត្រូវ​ហាល​គ្រាប់​ល្ពៅ​ក្នុង​ម្លប់​ឱ្យ​ស្ងួត (​មិន​ឱ្យ​ប៉ះពាល់​កម្តៅ​ព្រះអាទិត្យ កាលណា​ហាល​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង នឹង​ធ្វើឱ្យ​ល្ពៅ​រក្សាទុក​មិន​បាន​យូរ​ខែ​)
- ច្រក​គ្រាប់ពូជ ក្នុង​ថង់​កំណាត់​សំពត់ ដោយ​រក្សា​ទុក​នៅ​ទីតាំង​ដែល​ស្ងួត​ហើយ​ត្រជាក់​ធម្មតា (​មិន​មាន​កម្តៅ​ខ្លាំង និង​សំណើម​ខ្លាំង​)

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត