លោក​ហ៊ុន សែន​​បង្ហាញផ្លូវ​​ឲ្យ​គណបក្ស​ប្រឆាំង​?​

18-12-2017 3:13 pm
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី នាពេលកន្លងមក

ប្រមុខ​គណបក្សកាន់អំណាច ​លោក​ហ៊ុន សែន បាន​អះអាង​ជាថ្មី​ថា អតីត​គណបក្សប្រឆាំង​មួយ​នេះ គឺ​នឹង​គ្មាន​ថ្ងៃ​កើតឡើង​សារជាថ្មី​ទៀតឡើយ ពីព្រោះ​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល គឺ ចប់​ជា​ស្ថាពរ​។ បន្ថែម​លើ​ការអះអាង​បែបនេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានផ្តល់​ជា​យោបល់​ថា កុំអោយ​ខាត​ពេល​ច្រើន មានតែ​វិធី​មួយគត់ គឺ​បង្កើត​គណបក្សនយោបាយ​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន ពិត ហើយ​ខាតបង់​ពេលវេលា​កាន់តែច្រើន​។​

​តែ​សម្រាប់​លោក​អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​អនុសាសន៍​លោក​ហ៊ុន សែន ពេលនេះ ថា​ជា​យុទ្ធសាស្ត្រ​នយោបាយ ស្រាយ​សម្ពាធ​អន្តរជាតិ​។​លោក​ថា នេះ​ជា​ផ្លូវ​ដែល​លោក​ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​គណបក្សប្រឆាំង​ដើរ​តាម​គាត់ បន្ទាប់ពី​ចាប់ខ្លួន​លោក​កឹម សុខា និង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​លោក​អេង ឆៃអ៊ាង ថា​គណបក្សប្រឆាំង​មិន​ដើរ​លើផ្លូវ​ដែល​លោក​ហ៊ុន សែន ចង់បាន​នោះទេ ព្រោះ​ផ្លូវ​នេះ នាំឲ្យ​លោក ហ៊ុន សែន ក្លាយជា​មេដឹកនាំ​ផ្តាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ភាពក្រីក្រ និង​ភ័យខ្លាច ។​

​លោក​សុខ ឥសាន មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា​ការ​បង្ហាញផ្លូវ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ក្រុមប្រឆាំង​បង្កើត​បក្ស​ថ្មី មក​ប្រកួត​ជាមួយ​លោក គឺជា​សីលធម៌​នយោបាយ​មួយ​។​ប៉ុន្តែ​លោក​ថា ការ​បង្ហើប​ផ្លូវ​នេះ មិនមែនជា​ការបើកផ្លូវ​ឲ្យ​លោក​សម រង្ស៊ី ឬ​មនុស្ស​១១៨​នាក់ អាច​ត្រឡប់មក​ប្រឡូក​នយោបាយ​វិញ​នោះទេ​......

​សំឡេង​លោក​សុខ ឥសាន​៖

​ចំណែក​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម បន្ថែម​យោបល់​ថា ស្ថានភាព​ចុងក្រោយ​នេះ ក្រុម​ប្រឆាំង គួរ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​។​លោក​មើលឃើញថា ការបើកផ្លូវ​ពី​លោក​ហ៊ុន សែន ពេលនេះ អាចជា​ផល​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។ វិជ្ជមាន​លុះ​ណា​ជា​សុច្ឆន្ទៈ​ពិតប្រាកដ ហើយ​បើកផ្លូវ​ផ្តល់ឱកាស ឲ្យ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ដោយ​រលូន​។​តែ​ផ្លូវ​អវិជ្ជមាន​វិញ គឺ​ឲ្យ​បង្កើត​គ្រាន់តែ​ល្អមើល   ដោយ​បង្កើតឲ្យមាន​ឧបសគ្គ​ផ្សេងៗ ដែល​មិនអាច​ឈានដល់​ការបោះឆ្នោត​បាន​ស្រួល​...................

​សំឡេង​លោក​មាស នី​៖ 

​នៅពេល​សួរថា ផ្លូវ​ថ្មី​នេះ ជា​ការបើកផ្លូវ​ឲ្យ​លោក​សម រង្ស៊ី ចូលមក​បង្កើត​បក្ស​ថ្មី តើ​វា​អាច​ដក​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ឬទេ​? លោក​មាស នី ហាក់​អល់អែក ដោយ​លោក​គ្រាន់តែ​និយាយថា វា​អាចជា​ច្រក​នេះ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល មិន​ចង់​បាក់មុខ ដោយ​ការ​ប្រើពាក្យ​«​សម្ពាធ​អន្តរជាតិ​»​ទេ តែ​យ៉ាងណា​ពលរដ្ឋ​ខ្មែរ អាច​ដឹងបាន​គ្រប់គ្នា​ពី​បញ្ហា​នេះ​។​

​លោក​មាស នី យល់ថា គណបក្សកាន់អំណាច នឹងមិន​ឲ្យឈ្មោះ​សង្គ្រោះ​ជាតិរស់​ឡើងវិញ​ដាច់ខា​ត​។​ដូច្នេះ ក្រុម​ប្រឆាំង មិនគួរ​បន្ត​តវ៉ា​យកឈ្មោះ​សង្គ្រោះ​ជាតិ​មកវិញ​ទេ ពីព្រោះ​ពេលវេលា​កាន់តែ​ខ្លី​មែនទែន​ហើយ​។​ប៉ុន្តែ​បើ​សេណារីយោ​បើកផ្លូវ​ថ្មី​នេះ ផ្តល់ឲ្យ​លោកសម រង្ស៊ី គ្មាន​វត្តមាន​លោក​កឹម សុខា នោះ​ចរន្ត​បែកបាក់​ពី​ក្រុម​លោក​កឹម សុខា អាច​នឹង​កើតមាន ដែល​នេះ​ជា​ការចង់បាន​ពី​គូបដិបក្ខ​។​តែ​ក្រុម​នេះ ត្រូវ​តែ រឹងមាំ ហើយ​ឲ្យ​ប្រាកដថា មិនមែនជា​មធ្យោបាយ ក្នុងការ​បំបែក ក្រុម​ខ្លួនឯង​ទេ​.......

​សំឡេង​លោក​មាស នី​៖

​ជា​ការកត់សម្គាល់ គិត​ចាប់តាំងពី​ថ្ងៃ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក សហគមន៍​អន្តរជាតិ បានចេញ​សេចក្ដីសម្រេច​បន្តបន្ទាប់​គ្នា ដូចជា​សភា​សហភាព​អឺរ៉ុប កាត់ផ្ដាច់​ជំនួយ​ទាំងអស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ការ​រឹតត្បិត​ទិដ្ឋាកា​រលើ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន និង​អាច​ពិនិត្យ​លើ​ការអនុគ្រោះ​ពន្ធ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​ផង​។ ចំណែកឯ​សហរដ្ឋអាមេរិក​វិញ ក៏បាន​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមគ្រួសារ ដែលមាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិនឲ្យ​ជាន់ដី​សហរដ្ឋអាមេរិក​។ បន្ថែម​លើ​នេះ សហរដ្ឋអាមេរិក អាច​នឹង​ឈានទៅ​បង្ក​ក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការអនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ដែរ​។​

​ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា មិន​ខ្វល់​ពី​ប្រទេស​មហាអំណាច​ខាងលិច ដោយ​អះអាងថា ខ្លួន​ធ្លាប់បាន​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​ហ៊ុំ​ព័ន្ធ​សេដ្ឋកិច្ច​នៅក្នុង​សម័យ​សង្គ្រាមត្រជាក់​រួចហើយ​។ បើទោះជា​បែបនេះ រដ្ឋាភិបាល​ហាក់​បង្ហាញ​ទំនោរ​ទៅរក​ក្រុង​ប៉េកាំង​ជា​បង្អែក​យ៉ាងសំខាន់​៕

ព័ត៌មានផ្សេងទៀត