ស្វែងយល់​​ពី​អត្ថន័យ​ នៃ​ពាក្យ​​«​សហាយ​»​

17-12-2017 11:37 am 1831

​មុននឹង​ពន្យល់​ពី​អត្ថន័យ​ពាក្យ​នេះ យើង​ចង់​ទាញអារម្មណ៍​លោកអ្នក ពិនិត្យ​លើ​សំណេរ​ពាក្យ​នេះ​ជាមុនសិន​។ សព្វថ្ងៃ នៅមាន​ការភ័ន្តច្រឡំ​ជាច្រើន​ចំពោះ​សំណេរ​ពាក្យ​នេះ ដោយ​ខ្លះ​សរសេរ «​សហាយ​» ខ្លះទៀត​សរសេរ «​សា​ហាយ​»​។ តើ​សំណេរ​ទាំងពីរ​នេះ សរសេរ​មួយណា​ត្រូវ​?

​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពាក្យ​ដែល​ត្រឹមត្រូវ​«​សហាយ​»​មិនមែន​«​សា​ហាយ​»​ទេ​។​ពាក្យ «​សហាយ​» មានន័យថា សម្លាញ់​, មិត្តសម្លាញ់​, អ្នក​ដែល​ទៅ ឬ​មក​ជាមួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា​(​បើ​ស្ត្រី​ជា​សហាយិកា​)​។​ពាក្យ​នេះ កម្ចី​ពី​បាលី សំស្ក្រឹត​។​

បើ​យើង​ពិនិត្យ​លើ​អត្ថន័យ​ខាងលើនេះ គឺជា​ពាក្យ​ដែល​មានន័យ​ល្អ ប៉ុន្តែ​ខ្មែរ​ប្រើពាក្យ​នេះ សំដៅ​សេចក្ដី​ផ្សេង​ថា “​បុរស​ស្ត្រី​ដែល​ដើរហើរ ឬ​ដែល​ខូចកា​ចនឹង​គ្នា​”​គឺ​អ្នក​ដែល​មានប្តី ឬ​ប្រពន្ធ​រួចហើយ​។ មាន​សហាយ មាន​ស្រី ឬ​មាន​ប្រុស ជា​អ្នកប្រព្រឹត្ត​អន្ធ​ករ​នឹង​គ្នា​។​សហាយ​នឹង​គ្នា គឺ​ដើរហើរ​នឹង​គ្នា ខូចកា​ចនឹង​គ្នា​។ «​សហាយស្មន់​» មានន័យថា សហាយ​ដែល​ខូចកា​ចនឹង​គ្នា ដល់​បែកការ​ត្រូវ​បង់ប្រាក់​ពិន័យ​មុខស្មន់​។  ចំពោះ​ពាក្យ​«​មុខ​ស្មន់​»​នេះ​វិញ មានន័យថា មុខក្រសួង ឬ​នាទី​ដែល​ត្រូវ​ពិន័យ​តាម​មាត្រា​ច្បាប់ បញ្ញត្តិ​អំពី​ស្មន់នឹងគ្នា​។​

​ពាក្យ​ស្មន់ ប្រើ​ជា​កិរិយា​សព្ទ មានន័យថា ខូច​កាច ដើរហើរ​នឹង​គ្នា​។​«​ស្ម​ន់​»​នេះ បានមកពី​ពាក្យ​ថា​«​សម​»​ប្រែ​ថា​ស្មើ​,​ស្មើគ្នា​+​អ​ន្ធ ប្រែ​ថា ងងឹត​,​ខ្វាក់ មានន័យថា​ងងឹត​ស្មើគ្នា​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រង់​ទំព័រ​១៣២១ និង​១៤៥៦)

ព័ត៌មានផ្សេងទៀត