ពី​អ្នកពុល​ផ្សែង​ដុត​សំរាម​ទៅជា​អ្នក​ច្នៃ​វត្ថុ​សិល្បៈ​ផលិត​ពី​សំរាម​ល្បី​ពេញ​ខេត្ត​សៀមរាប​

16-12-2017 6:06 pm 2622
លោក រៀម មុនីសីុឡុង និងផលិតផលសិល្បៈកែច្នៃរបស់លោក ។ រូបថតពី fb លោក មុនីស៊ីឡុង ។

​បុរស​អ្នក​កែច្នៃ​សំរាម​មួយរូប បាន​តាំងចិត្ត​ខ្លួនឯង​ច្នៃ​សំរាម ដែល​ជា​វត្ថុ​គេបោះបង់​ចោល មិន​មាន​តម្លៃ​សម្រាប់​ការគិត​របស់​មនុស្ស​ទូ​ទៅ ក្រោយ​គាត់​ពុល​ផ្សែង​ដុត​សំរាម ដែល​គ្រួសារ​របស់​គាត់​ដុត ។ ដោយសារ​កត្តា​ជីវភាព គាត់​ធ្លាប់​បោះបង់ចោល​នូវ​អាជីព​អ្នក​កែច្នៃ​សំរាម​នេះ​ម្តង តែ​ក្រោយ​ពី​មើលឃើញ​ពី​សារៈប្រយោជន៍​នៃ​ការកែច្នៃ​សំរាម​ចំពោះ​សង្គមជាតិ គាត់​ក៏​វិលត្រឡប់​មក​ប្រឡូក​ការងារ​នេះ ដោយ​តាំងចិត្ត​ថា​នឹង​មិន​ឈប់​ទៀត​ទេ ។ រាយការណ៍​ដោយ គង់ ឧត្តម ។​

ស្តាប់បទយកការណ៍ជាសំឡេង ៖

​ជាទូទៅ យើង​ម្នាក់ៗ តែង​គិត និង​ឱ្យ​តម្លៃ​សំរាម ថា​ជា​វត្ថុ​មួយ​ដែល​ពុំ​មាន​តម្លៃ​សោះឡើយ ជាងនេះទៅទៀត វា​ក៏​បាន​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទៀតផង ។ ក្នុង​កម្មវិធី​ពិព័រណ៍​បៃតង​កម្ពុជា កាលពី​អំឡុង​ដើម​ខែ​ធ្នូ  ខ្ញុំ​បាន​ជួប​បុរស​អ្នក​កែ​ច្នៃ​សំរាម​ទៅ​ជា​វត្ថុ​សិល្បៈ​មានតម្លៃ​មួយរូប ដែល​គាត់​កំពុងតែ​មមាញឹក​ក្នុងការ​ធ្វើ​បទ​បង្ហាញ ទៅ​ដល់​ភ្ញៀវ​ដែល​បាន​ដើរ​មើល​ពិព័រណ៍​នៅ​ក្នុង​ស្តង់​របស់​គាត់ ។ ឃើញ​ដូច​នោះ ខ្ញុំ​ក៏​បាន​ស្កាត់ ណាត់​ជួប​បុរស​ម្នាក់​នេះ រហូត​បាន​ជួប​សម្ភាស​គាត់​ផ្ទាល់​នៅក្នុង​បារ​បារាំង​មួយកន្លែង ម្តុំ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ មុន​ពេល​គាត់​ចាកចេញ​ទៅ​ទឹកដី​អង្គរ ខេត្ត​សៀមរាប​មួយ​ថ្ងៃ ។​

​បុរស​ម្នាក់​នោះ គឺ​ឈ្មោះ រៀម មុនី​ស៊ី​ឡុង ហៅ វ៉ាត ស៊ុន ។ លោករៀម មុនីស៊ី​ឡុង បាន​ប្រាប់​ខ្ញុំ​ថា បច្ចុប្បន្ន លោក​មាន​អាជីព​ជា​អ្នក​កែច្នៃ​សំរាម មក​ធ្វើជា​ផលិតផល​សិល្បៈ​តម្លើង និង​សិល្បៈ​គំនូរ ។ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ខ្ញុំ​បន្តថា គាត់​បាន​ចំណាយពេល​ជិត​១០​ឆ្នាំ ទៅលើ​អាជីព​ជា​អ្នក​កែច្នៃ​សំរាម ដែល​ជា​សំណល់​ផ្ទះបាយ សំណល់​សរីរាង្គ ពិសេស​គឺ​សំណល់ផ្លា​ស្ទិក​ទាំងនេះ ដែល​ក្នុង​អំឡុង​ជិត​១០​ឆ្នាំ​មកនេះ គាត់​ក៏​ធ្លាប់​មាន​ចិត្ត​ចង់​បោះបង់​អាជីព​នេះដែរ ក៏​ព្រោះ​បញ្ហា​ជីវភាព​គ្រួសារ ម្យ៉ាង​ក៏​ពុំ​សូវ​មាន​អ្នកគាំទ្រ​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

​យ៉ាងណាក៏ដោយ បុរស​ដែល​មាន​ប្រពន្ធ និង​មាន​កូនប្រុស​ម្នាក់​ផង​នោះ បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា សព្វថ្ងៃ ជនជាតិខ្មែរ និង​ជនបរទេស បានចាប់ផ្តើម​គាំទ្រ និង​ឱ្យ​តម្លៃ ពិសេស​គឺ​ជនបរទេស​តែម្តង ដែល​កត្តា​នេះ ជា​កត្តា​ជំរុញ​ទឹកចិត្ត ដល់​គាត់​ឱ្យ​បន្ត​ការងារ​នេះ ។ គាត់​បញ្ជាក់​អះអាង​ប្រាប់​ខ្ញុំ​ថា ភាគច្រើន រូបភាព​ដែល​គាត់​ផលិត​ចេញពី​សំរាម​ទាំងនោះ គឺ​មាន​ការគាំទ្រ​ពី​សំណាក់​ជន​បរទេស ក៏​ព្រោះ​រូបភាព​របស់គាត់ មាន​តម្លៃ​ខ្ពស់ ។​

​លោក មុនី​ស៊ី​ឡុង បាន​រៀបរាប់​ប្រាប់​ខ្ញុំ​បន្តថា វត្ថុ​សិល្បៈ​របស់​គាត់​ដែល​បាន​ផលិត គឺ​ភាគច្រើន​ជា​ប្រភេទ​គំនូរ សិល្បៈ​តម្លើង និង​តុ ក្នុងនោះ ផលិតផល​គំនូរ​បាន​ឈរ​លើ​ជួរមុខ​គេ​នៃ​ការគាំទ្រ​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

​ជាទូទៅ រូប​គំនូរ ដែល​កែច្នៃ​ចេញពី​ស្នាដៃ​របស់​លោក​ផ្ទាល់ មានតម្លៃ​ចាប់ពី​១០​ដុល្លារ រហូតដល់​ជាង ១.០០០​ដុល្លារ​ក៏​មាន ។ រី​ឯ​ប្រភេទ​តុ​កង់ឡាន មាន​តម្លៃ​តាម​ម៉ូដ​របស់​វា មាន​ពី​១០០​ដុល្លារ រហូតដល់ ៣០០ ទៅ ៤០០ ដុល្លារ​ដែរ ។ លោក​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ វត្ថុ​សិល្បៈ​របស់​គាត់​មាន​លក់​នៅ Backstreet បារ ម្តុំ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ និង​នៅ​ផ្សារ​សូរិយា ជាន់​ទី​៤ ។ តាមពិតទៅ សិល្បករ​កែច្នៃ​សំរាម​រូបនេះ មិន​ត្រឹមតែ​ជា​អ្នក​កែច្នៃ​សំរាម​ទៅ​ជា​វត្ថុ​សិល្បៈ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​អ្នក​រចនា​ប្លង់ ម៉ូដ ឱ្យ​បារ​មួយ​កន្លែង​នៅក្នុង​ក្រុងភ្នំពេញ​ដែរ ។​

​និយាយ​បណ្តើរ ដៃ​កាន់​ក្រមា​ដែល​ចង​នៅ​ជាប់​នឹង​ក​បណ្តើរ សិល្បករ​កែច្នៃ​សំរាម​រូបនេះ បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​ចាប់​យក​អាជីព​ជា​អ្នក​កែ​ច្នៃ​សំរាម​ថា ដោយសារ​គាត់​ធ្លាប់មាន​ប្រវត្តិ​ពុល​ផ្សែង​សំរាម​ដែល​គ្រួសារ​គាត់​បាន​ដុត បូកផ្សំ​ជាមួយ​នឹង​ជំនាញ​អ្នក​គូររូប​នៅតាម​ជញ្ជាំង​វិហារ និង​ធ្លាប់​សិក្សា​ផ្នែក​កែច្នៃ​ជាមួយនឹង​អង្គការ​មួយ​ផង​នោះ គាត់​ក៏​សម្រេច​ចាប់យក​អាជីព​នេះ​ត​មក​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

​បុរស​រូប​នេះ បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ទៀតថា ដើមឡើយ​គាត់​ធ្លាប់​បោះបង់​អាជីព​ជា​អ្នក​កែ​ច្នៃ​សំរាម​ចោល​ម្តង ដោយ​ទុក​ពេល​ចោល​អស់​រយៈពេល​៣​ខែ តែ​ក្រោយ​ពី​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក​លោក​ថា «​កូន​ឯង​ធ្វើ​អី​ធ្វើ​ចុះ ឱ្យ​តែ​ការងារ​នោះ​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង បាន​ជួយ​ខ្លួនឯង​ផង និង​សង្គម​ផង​» ពេលនោះ លោក​ក៏​ឈាន​ចាប់យក​ការកែច្នៃ​សំរាម​នេះ​មក​វិញ​ត​រៀង​រហូត​មក ។ 

​បុរស​ដែល​មាន​ដើមកំណើត​ពី​ទឹកដី​អង្គរ ខេត្ត​សៀមរាប​រូប​នេះ បាន​ប្រាប់​ខ្ញុំ​ថា រូបមន្ត​នៃ​ការផលិត​រូបគំនូរ​ចេញពី​សំរាម​នេះ គឺ​លោក​បាន​ច្បិច​ចេញពី​ចំណេះដឹង​ដែល​លោក​ធ្លាប់​រៀន​កាល​នៅ​ជាមួយ​អង្គការ និង​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង ពិសោធន៍​ធ្វើ​ដោយ​ខ្លួនឯង​ផង កាលណា​វិធី​ធ្វើ​ណា​បាន​ផល លោក​កត់​រូបមន្ត​នោះ​ទុក កាលណា​វិធី​ធ្វើ​ណា​ខូច លោក​ក៏​ចាប់ផ្តើម​ពិសោធន៍​ថ្មី រហូត​អាច​ស្រាវជ្រាវ​បាន​រូបមន្ត​ថ្មី ។ 

​ដោយសារ​ការរកឃើញ​នូវ​រូបមន្ត​នៃ​ការផលិត​សិល្បៈ​សំរាម តាមរយៈ​ការពិសោធន៍​នេះ លោក​មុនី​ស៊ី​ឡុង ក៏​បាន​រៀបចំ និង​បាន​ទាក់ទង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ដែរ​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

​យ៉ាងណាម៉ិញ ភាព​ជោគជ័យ​នេះ កើត​ឡើង​រហូត​ដល់​សព្វថ្ងៃ ក៏​ព្រោះ​មាន​ការគាំទ្រ និង​ផ្តល់​កម្លាំងចិត្ត ចែករំលែក​ចំណេះដឹង​ពី​សំណាក់​រៀមច្បង​របស់គាត់​ដែរ ។ លោក​មុនី​ស៊ី​ឡុង ប្រាប់​ខ្ញុំ​ថា លោក​ក៏​មិន​អាច​ភ្លេច​គុណ​ដល់​រៀមច្បង​សិល្បៈ​ទាំងអស់ លោកគ្រូ អ្នកគ្រូ ដែល​បាន​ជួយ​ណែនាំ ផ្តល់​ដំបូន្មាន និង​ណែនាំ​គាត់​កន្លងមក ដែល​ការងារ​នេះ ជា​ការងារ​លំបាក​ដែរ ។​

​អ្នកជំនាញ​ច្នៃ​សំរាម​រូបនេះ​បញ្ជាក់​អះអាងថា ផល​ប៉ះពាល់​ពី​សំរាម​មាន​ច្រើន​តាមរយៈ ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល ។ ការ​យក​ទៅ​ដុត ដែល​ការដុត​នេះ​បាន​ប៉ះពាល់​ទៅលើ​ផ្លូវដង្ហើម អា​ឡាក់​ស៊ី​ស្បែក ជាដើម ពិសេស​គឺ​ធ្វើឱ្យ​ទីក្រុង​បាត់​សោ​ភណ្ឌ​ភាព​តែម្តង ។​

​បុរស​ដែល​មាន​រោម​ពុកមាត់ ពុក​ចង្កា ដុះ​ដ៏​ញឹក​ជុំវិញ​រង្វង់​មាត់​របស់គាត់​រូបនេះ បាន​ប្រាប់​ខ្ញុំ​បន្តថា កត្តា​ប្រឈម​ដ៏​ធំ​បំផុត​របស់​គាត់ គឺ​កត្តា​ជីវភាព​ជា​ចម្បង ព្រោះ​ការងារ​នេះ​មិនសូវ​អាច​រក​ប្រាក់ចំណូល​បាន​ច្រើន ។ យ៉ាងណាក៏ដោយ បើទោះបីជា​មាន​កត្តា​ប្រឈម​នេះ​ក្តី ក៏​លោក​និយាយ​ដោយ​សង្កត់ធ្ងន់​ប្រាប់​ខ្ញុំ​ថា លោក​នឹង​មិន​បោះបង់​ចោល​ទៀត​ទេ តាំង​ពី​លោក​បាន​តាំងចិត្ត​ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ច្នៃ​សំរាម​នេះ​ម្តង​ទៀត​មក ក៏​ព្រោះ​លោក​ស្រឡាញ់ និង​គិត​ថា លោក​បាន​ជួយ​ដល់​សង្គម​បាន​ច្រើន ។ 

​នៅពេល​សួរ​គាត់​ថា តើ​ជួយ​ដល់​សង្គម​បែប​ណា លោក​ឆ្លើយ​ថា គោលដៅ​នៃ​កែច្នៃ​សំរាម​នេះ គឺជា​ការ​បំផុស​ផ្នត់គំនិត​ពលរដ្ឋ​ឱ្យ​គាត់​បាន​យល់ ពី​ការគ្រប់គ្រង​សំរាម អត្ថប្រយោជន៍​នៃ​សំរាម និង​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​យល់​ថា ប្រភេទ​សំរាម​ណា​ដែល​យើង​អាច​រក្សា​កែច្នៃ​ប្រើប្រាស់​មក​វិញ​បាន ប្រភេទ​សំរាម​ណា​ដែល​យើង​ត្រូវ​បោះចោល​ជាដើម ។​

​ដោយសារ​សកម្មភាពរ​បស់​គាត់ គាត់​ត្រូវបាន​មតិ​មួយចំនួន​ហៅ​គាត់​ថា មនុស្ស​សំរាម តែ​ទោះ​យ៉ាងណា​ក៏ដោយ គាត់​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​ឮ មាន​គេ​និយាយ​បែប​នេះ​ដាក់​គាត់ គាត់​ក៏​មិន​ខឹង​នឹង​គេ​ដែរ ក៏​ព្រោះ ការហៅ​បែបនេះ មានន័យ​ថា មាន​មនុស្ស​ស្គាល់​គាត់​កាន់តែ​ច្បាប់ ដឹង​ពី​អាជីព និង​ការងារ​របស់​គាត់​ច្បាស់ គាត់​បែរជា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ទៅ​វិញ ។ បច្ចុប្បន្ន លោក​កំពុង​រស់នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ខេត្តសៀមរាប ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សួនសត្វ ចម្ងាយ​ពី​របង​សួនសត្វ​ប្រមាណ​៣០០​ម៉ែត្រ ។ គាត់​ប្រាប់​ខ្ញុំ​ថា បើសិន​ចង់​រក​គាត់ ទាល់តែ​ប្រាប់ ឬ​សួរ​គេ​ថា អ្នក​កែ​ច្នៃ​សំរាម ទើប​គេ​ស្គាល់ តែបើ​សួររក​ឈ្មោះ​មុនី​ស៊ី​ឡុង ប្រាកដជា​មិន​មាន​អ្នក​ស្គាល់​ទេ ។ 

​អ្នក​កែ​ច្នៃ​សំរាម​ទៅ​ជា​វត្ថុ​សិល្បៈ​រូបនេះ​បញ្ជាក់​ប្រាប់​ខ្ញុំ​ទៀតថា បច្ចុប្បន្ន លោក​មុនី​ស៊ី​ឡុង ក៏​កំពុង​រៀបចំ​ចងក្រង​សៀវភៅ និង​គ្រោង​បង្កើត​សិប្បកម្ម​តុ​ធ្វើ​ពី​សំរាម ហើយ​លោក​ក៏​មាន​គោលដៅ​បង្រៀន​ដល់​ក្មេងៗ ឱ្យបាន​យល់​ពី​អត្ថប្រយោជន៍​នៃ​សំរាម​ដែរ​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

​លោក​មុនី​ស៊ី​ឡុង និយាយ​ប្រាប់​ខ្ញុំ​ដោយ​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ថា រាល់​ពេល​ដើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន យើង​គួរ​ប្រមូល​យក​កាកសំណល់​ដាក់​ទៅ​តាម​ធុងសំរាម ដែល​ទង្វើ​នេះ ជា​ការជួយ​ដល់​សង្គម​មួយ​ចំណែក​ដ៏​ធំ​…
​សំឡេង​លោក មុនី​ស៊ី​ឡុង ៖

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត