វិបត្ដិ​ធំៗ​បី​​កំពុង​ទាក់ទាញ​​ការចាប់អារម្មណ៍​​និង​បង្ក​ការព្រួយបារម្ភ​​ក្នុង​ពិភពលោក​

12-12-2017 5:16 pm 1094
ការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង វិបត្ដិក្រុមរ៉ូហ៊ីងយ៉ា និងវិបត្ដិនៅជេរ៉ូសាឡឹម

​វិបត្ដិ​ធំៗ​ចំនួន​បី​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង និង​បង្ក​កា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែរ​ក្នុង​ពិភពលោក​។​បញ្ហា​ប្រឈម​ទាំងបី​នេះ កំពុង​ធ្វើឲ្យ​ប្រទេស​មហាអំណាច​និង​អង្គកា​រ​សហប្រជាជាតិ ឈឺក្បាល​ពិបាក​រក​ដំណោះស្រាយ​។​ម្ខាងៗ​ប្រកាន់​គោលនយោបាយ​អត្ដនោម័ត ទើប​រក​មិនឃើញ​ចំណុចរួម​។​បច្ចុប្បន្ន​មិនទាន់មាន​វិធីសាស្ដ្រ​ណាមួយ​ឬ​ភាគី​ណាមួយ អាច​ចេញមុខ​ដោះស្រាយ​ភាពជាប់គាំង​នេះ​បានទេ​។​វិបត្ដិ​ទាំងបី​នេះ​មាន​អ្វីខ្លះ ?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិ​ការអន្ដរ​ជាតិ រាយការណ៍​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​វិបត្ដិ​កូរ៉េខាងជើង​

​ជម្លោះ​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​បន្សល់ទុក​ចាប់តាំងពី​បញ្ចប់សង្គ្រាម​បែងចែក​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។​ស្ថិតក្រោម​គោលនយោបាយ​ខុសគ្នា ការ​ប្រតិ​ប​ត្ដិ​របប​ដឹកនាំ​ខុសគ្នា បានធ្វើឲ្យ​កូរ៉េ​ទាំងពីរ​បន្ដ​ប៉ះទង្គិ​ចដល់​បច្ចុប្បន្ន​។​ក្រោយពី​បែងចែក​ជា​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ការគាំទ្រ​ក៏មាន​ភាគី​ផ្សេងគ្នា​ដែរ​។​កូរ៉េខាងជើង​មាន​រុស្ស៊ី​និង​ចិន​ជា​ជំហរ​ធំ​នៅ​ពីក្រោយ ដោយឡែក​កូរ៉េខាងត្បូង​វិញ​មាន​អាមេរិក​ជា​បង្អែក​។​ដូច្នេះ ស្ថិតក្រោម​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​ដែលមាន​ប៉ូល​ខុសគ្នា​គឺ​ប៉ូល​សេរី​និង​កុ​ម្មុយ​និ​ស្ដ ធ្វើឲ្យ​បងប្អូន​កូរ៉េ​តែង​ចង់​ឈ្នះ​ចាញ់​ទៅវិញទៅមក​។​

​យើង​ចាប់អារម្មណ៍​ពី​ស្ថានភាព​ក្នុងពេល​ថ្មីៗ​នេះ បន្ទាប់ពី​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ ការ​ធ្វើតេស្ដ​មី​ស៊ី​ល ពិសេស​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​លើកចុងក្រោយ​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧ កូរ៉េខាងជើង​បានធ្វើឲ្យ​អន្ដរជាតិ​ថ្កោលទោស​កាន់តែខ្លាំង ហើយ​សូម្បី​ប្រទេស​សម្ព័ន្ធមិត្ដ​ចិន​និង​រុស្ស៊ី​ក៏មិន​ពេញចិត្ដ​នឹង​ទង្វើ​កូរ៉េខាងជើង​ដែរ​។​ចិន​បាន​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ព្រោះតែ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ដបន្ទាប់​។​ធ្វើបែបនេះ​ចិន​ចង់​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​អាមេរិក ពិសេស​ដើម្បី​បង្ហាញ​ពី​តួនាទី​ជា​សមាជិក​មួយ​ដ៏​សំខាន់​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដែល​ទទួលខុសត្រូវ​លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។

​ចិន​មិន​ចង់​ទទួល​សម្ពាធ​ពី​សមាជិក​ដទៃទៀត​ទេ ហើយក៏​មិន​ចង់ឃើញ​កូរ៉េខាងជើង​បញ្ហា​នៅក្នុង​តំបន់​ដែរ ព្រោះតែ​កើតសង្គ្រាម​ច្បាស់​ណាស់​ប្រទេសជិតខាង​មាន​ចិន​ជាដើម ពិតជា​រង​ផលប៉ះពាល់​មិន​ខាន​។​កូរ៉េខាងជើង​និង​អាមេរិក​កំពុង​ផ្ទុះ​កំហឹង​ដាក់គ្នា​កាន់តែខ្លាំង​ផង បើ​ចិន​មិន​ជួយ​សម្របសម្រួល​ទេ មើលមិនឃើញ​ឡើយ​ថា​នឹងមាន​អ្វី​កើតឡើង​។​ចំពោះ​អាមេរិក​បានចាត់ទុក​ចិន​គឺជា​ភាគី​ដែលមាន​ទឹកមាត់ប្រៃ បានន័យថា​កូរ៉េខាងជើង​អាច​ស្ដាប់​ចិន​ច្រើន​។​

​ក្រៅពី​ចិន​នៅមាន​រុស្ស៊ី​មួយទៀត ដ្បិតថា​មិនជា​ឯកភាព​ខ្លាំង​ដូច​ចិន​ចំពោះ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ប៉ុន្ដែ​រុស្ស៊ី​ក៏បាន​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល​ឲ្យ​កូរ៉េខាងជើង​និង​អាមេរិក​ដែរ​។​មន្ដ្រី​រុស្ស៊ី​ធ្លាប់បាន​និយាយថា កូរ៉េខាងជើង​ចង់​ចរចា​ដោយផ្ទាល់​ជាមួយ​អាមេរិក ដែលមាន​រុស្ស៊ី​ជា​អាជ្ញាកណ្ដាល ប៉ុន្ដែ​ដោយសារ​ស្ថានការណ៍​ហាក់​ធ្ងន់ធ្ងរ អាមេរិក​នៅ​មិនទាន់​ឆ្លើយតប​ថា​យល់ព្រម​ឡើយ​។​ផ្ទុយទៅវិញ​អាមេរិក​សង្កត់ធ្ងន់ថា បើ​កូរ៉េខាងជើង​មាន​ឆន្ទៈ​ចង់​ឆ្ពោះទៅរក​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ នោះ​ទើប​សង្ឃឹមថា​អាចមាន​ការចរចា​។​

​វិបត្ដិ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​ដែល​អាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​មួយចំនួនទៀត​ចោទថា​កូរ៉េខាងជើង​ជា​អ្នក​បង្កឡើង បាន​រុញច្រាន​សន្ដិភាព​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ដែនដី​បងប្អូន​បង្កើត​មួយ​នេះ​។​ការ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​៦​លើក បូករួម​នឹង​ការបាញ់​មី​ស៊ី​ល​រាប់​ភ្លេច​គ្រាប់ មាន​ទាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី រយៈ​ចម្ងាយ​ឆ្ងាយ មី​ស៊ី​ល​ឆ្លង​ទ្វីប ធ្វើឲ្យ​កូរ៉េខាងជើង​ត្រូវរុំ​ព័ទ្ធ​ដោយ​ទណ្ឌកម្ម​ជុំ​ទិស ទាំង​ទណ្ឌកម្ម​រួម​នឹង​ទណ្ឌកម្ម​ឯកតោភាគី​។​

​បើ​និយាយ​ពី​កូរ៉េខាងជើង កន្លងមក​មិនបាន​អើពើ​នឹង​ទណ្ឌកម្ម​របស់​ប្រទេស​ណាមួយ​ឡើយ​។​កូរ៉េខាងជើង​ធ្លាប់បាន​អះអាង​ដដែលៗ​ថា បើ​មាន​ទណ្ឌកម្ម​កាន់តែច្រើន​កូរ៉េខាងជើង​បន្ដ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​កាន់តែខ្លាំង​។​ម្យ៉ាង​គេ​ធ្លាប់​បកស្រាយ​ថា ការ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កន្លងមក គឺ​បណ្ដាលមកពី​មាន​ការគំរាមកំហែង ដូច្នេះ​កូរ៉េខាងជើង​ត្រូវ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​។​ការគំរាមកំហែង​កូរ៉េខាងជើង​ចង់​សម្ដៅលើ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង ដែល​កូរ៉េខាងជើង​ចាត់ទុកជា​ការ​ពង្រឹងកម្លាំង​ឈ្លានពាន​។​

​បច្ចុប្បន្ន ទាំង​ភាគី​ពាក់ព័ន្ធ​ទាំង​អង្គការសហប្រជាជាតិ កំពុង​ព្យាយាម​រុញច្រាន​ឲ្យមាន​ការចរចា​ឡើងវិញ ព្រោះ​មានតែ​ការចរចា​តាមផ្លូវ​ការទូត​ប៉ុណ្ណោះ ដែល​សង្ឃឹម​ខ្ពស់​ថា​អាច​ទទួល​បា​លទ្ធផល​វិជ្ជមាន​។​

​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនជាតិភាគតិច​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ក៏​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី នៅ​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​។​តាមពិតទៅ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រងគ្រោះ​ជាច្រើន​ឆ្នាំ​មកហើយ​។​ពួកគេ​រស់នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ទាំង​មី​យ៉ាន់​ម៉ា​មិន​ទទួលស្គាល់​ជា​ពលរដ្ឋ​។​រាល់​សកម្មភាព​នានា មាន​ការសិក្សា​រៀនសូត្រ ឱកាស​ការងារ និង​ការធ្វើដំណើរ​ផ្សេងៗ​ត្រូវបាន​ហាមឃាត់​និង​រឹតបន្ដឹង​។​

​និយាយ​ពី​ស្ថានភាព​បច្ចុប្បន្ន ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស ដោយសារតែ​កងទ័ព​ធ្វើ​ប្រតិ​បត្ដិកា​រ​បង្ក្រាបក្រុម​សកម្មប្រយុទ្ធ​។​ប៉ុន្ដែ​ការបង្ក្រាប​មិនមែន​សម្លាប់​តែ​ក្រុម​សកម្មប្រយុទ្ធ​ឯណា បាន​ប៉ះពាល់​ដល់​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​មាន​សេចក្ដីរាយការណ៍​ថា ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​រងគ្រោះ​ដោយសារ​អំពើហិង្សា ការរំលោភបំពាន ការសម្លាប់ ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​ដុតបំផ្លាញ​។​នេះហើយ​ជា​មូលហេតុ​នាំឲ្យមាន​ការ​ជម្លៀសខ្លួន​យ៉ាងគំហុក​ទៅកាន់​ប្រទេស​ក្បែរ​ខាង​ដើម្បី​រក​កន្លែង​ជ្រកកោន​។​

​អង្គការសហប្រជាជាតិ​និង​ប្រទេស​មួយចំនួនទៀត បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ និង​ត្រូវ​ធ្វើយ៉ាងណា​ធានា​សុវត្ថិភាព​ដល់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ឲ្យ​ពួកគេ​អាច​វិល​ត្រឡប់មក​មាតុភូមិ​កំណើត​។​អង្គការសហប្រជាជាតិ​បាន​ផ្ដោតជាសំខាន់​លើ​យោធា​មី​យ៉ាន់​ម៉ា ថា​មានបំណង​ចង់​បោសសម្អាត​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​ប្រទេស ទោះ​យោធា​បាន​បដិសេធ​ក៏ដោយ​។​

​ចំណែក​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​វិញ ក៏​រង​ការរិះគន់​មិនតិច​ដែរ​ពី​អន្ដរជាតិ ចំពោះ​ភាព​អសកម្ម​ក្នុងកា​រដោះ​ស្រាវ​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​តែ​លោកស្រី​នៅតែ​ប្ដេជ្ញា​ដោះស្រាយ​តាម​ជំហាន ព្រោះ​មិនអាច​បញ្ចប់វិបត្ដិ​រ៉ាំរ៉ៃ​នេះ​ត្រឹម​មួយថ្ងៃ​ឬ​មួយខែ​បាន​នោះទេ​។​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ភាគី​មី​យ៉ាន់​ម៉ា​បាន​ចុះហត្ថលេខា​ជាមួយ​បង់​ក្លា​ដែស​រួចហើយ នឹង​នាំយក​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់មកវិញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​ពេលនេះ​កំពុងតែ​រៀបចំ​ដំណើ​រកា​រនៃ​ការធ្វើ​មាតុភូមិនិវត្ដន៍​។​

វិបត្ដិ​នៅ​តំបន់​ជេ​រ៉ូ​សាឡឹម​

​នៅជេ​រ៉ូ​សាឡឹម​ទើបតែ​ផ្ទុះ​អំពើហិង្សា​ឡើងវិញ​ក្នុងពេល​ថ្មីៗ​នេះ​ទេ​ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​។​តែ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​០៦​ធ្នូ ប្រតិកម្ម​បាន​ផ្ទុះឡើង​ពី​ប្រជាជន​ប៉ាឡេ​ស្ទីន និង​បណ្ដា​មេដឹកនាំ​ប្រទេស​អារ៉ាប់​។​បណ្ដា​ប្រទេស​អារ៉ាប់​មួយចំនួន​នាំគ្នា​ថ្កោលទោស​ការសម្រេចចិត្ដ​របស់​លោក​ត្រាំ និង​ថា​ធ្វើ​ដូច្នេះ​ប្រាកដជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ សន្ដិភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា ពិសេស​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​

​អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយគ្នា​ដោយសារតែ​ការទាមទារ​កាន់កាប់​នៅ​តំបន់​ជេ​រ៉ូ​សាឡឹម​នេះ​។​សហរដ្ឋអាមេរិក​ស្ថិតក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតីមុនៗ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ ចំពោះ​ការប្រើ​គោលនយោបាយ​នៅជេ​រ៉ូ​សាឡឹម​។​ប៉ុន្ដែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​សម្រេចចិត្ដ​ធ្វើឲ្យ​ផ្អើល​ដល់​ពិភពលោក ហើយ​មិន​នឹកស្មានថា​លោក​ធ្វើបាន​។​

ការតវ៉ា​បាន​កើតឡើង​រវាង​ប្រជាជន​ប៉ាឡេ​ស្ទីន​ជាមួយ​កងទ័ព​អ៊ីស្រាអែល រហូត​បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​និង​របួស​រាប់រយ​នាក់​។​មកទល់ពេលនេះ​ស្ថានភាព​នៅ​មិនទាន់​ស្ងប់ស្ងាត់​ទេ​។​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ដូចជា លី​បង់ អេ​ហ្ស៊ី​ប ឥណ្ឌូនេស៊ី អាមេរិក​ជាដើម ប្រជាជន​មូស្លីម​បាននាំគ្នា​ប្រមូលផ្ដុំ​តវ៉ា ប្រឆាំងនឹង​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​។​មាន​ការស្នើ​សុ​ឲ្យ​ដកចេ​ញវិញ​នូវ​ការទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល​។​

​សរុបមក វិបត្ដិ​ទាំងបី​នេះ​គឺជា​បញ្ហា​ប្រឈម​ខ្លាំង ហើយក៏​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​អន្ដរជាតិ​នា​ពេលបច្ចុប្បន្ន ក្រៅពី​វិបត្ដិ​ផ្សេងៗ​ទៀត​។​កំពុងមាន​ការទន្ទឹងរង់ចាំ​ដំណោះស្រាយ​ដែល​អាចជួយ​សម្រូល​ដល់​ស្ថានភាព​វឹកវរ ចៀសវាង​ក្លាយជា​វិបត្ដិ​បង្ក​មហន្ដរាយ​កាន់តែ​ធ្ងន់ធ្ងរ នៅក្នុង​ពិភពលោក​ដែល​កំពុង​ញាំញី​ដោយ​បញ្ហា​ចម្រុះ​ពណ៌​៕

ព័ត៌មានផ្សេងទៀត