វិធី​ដាំ​ដុះ​ម្រះ ក្នុង​ផើង​

12-12-2017 11:18 am 908

​ម្រះ ជា​ប្រភេទ​ដំណាំ​បន្លៃ​សាមញ្ញ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ដាំ​ដុះ​គ្រប់​រដូវ ។ វា​មាន​ភាពងាយស្រួល​ក្នុង​ការដាំដុះ និង​លូតលាស់ ។ អាកាសធាតុ​ដែល​ធ្វើឱ្យ​ដំណាំ​ម្រះ​លូតលាស់​បានល្អ គឺ​នៅ​ចន្លោះ​ពី ២៥ ទៅ ៣០ អង្សា​សេ ។ ដោយឡែក​រដូវ​កាល​សមស្រប​សម្រាប់​ដាំ​ដុះ​ដំណាំ​នេះ គឺ​នៅក្នុង​ចន្លោះ​ខែ តុលា - វិច្ឆិកា ឯ​ការប្រមូល​ផល​ដល់​ខែ កុម្ភៈ​រដូវប្រាំង ចាប់ពី​ខែ ឧសភា - កក្កដា ប្រមូល​ផល​ខែ​សីហា ។ ខាងក្រោមនេះជាវិធីសាស្រ្ត ក្នុងការដាំដុះ ដំណាំម្រះនៅក្នុងផើងងាយៗ...

​ការរៀបចំ​ដាំ​ដុះ​៖
- ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ដី​មាន​លាយ​ជីលា​មក​សត្វ និង​កម្ទេចកម្ទី​ស្លឹកឈើ​ងាប់​
- ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ និង​ជ្រៅ​ល្មម ដែល​អាច​បង្ក​ភាពងាយស្រួល​ដល់​ដំណាំ ក្នុងការ​ចាក់ឫស​
- កំណាត់ឈើ​ឫស្សី សម្រាប់​ធ្វើ​ទ្រើង​
- ត្រៀម​គ្រាប់ពូជ​ម្រះ​ដែល​មាន​ប្រភព​ច្បាស់លាស់ (​ពូជ​នាំចូល​ពី​ប្រទេស​ឬ​ក្នុងស្រុក​) ដែល​មាន​ទំហំ​ថ្លោសៗ និង​សុខភាព​ល្អ​
- យក​គ្រាប់​ពូជ​ម្រះ​ទៅ​ហាលថ្ងៃ​១៥​នាទី (​ពេលព្រឹក​អំឡុង​ម៉ោង ៨ ទៅ ៩​ព្រឹក ឬ​បើ​ពេល​ល្ងាច អំឡុង​ម៉ោង ៤ ល្ងាច​) ហើយ​លាង​ទឹក​ឱ្យ​ស្អាត 
- យក​គ្រាប់​ពូជ​ទាំងនោះ ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ ដោយ​ខ្ចប់​គ្រាប់ពូជ​នឹង​កំណាត់​សំពត់​១ ទៅ ២​យប់ ដើម្បី​ឱ្យ​គ្រាប់ពូជ​ឆាប់​ដុះ​ពន្លក​បានល្អ​

​ការដាំដុះ​៖
- ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ ក្នុង​កម្រិត​ពេញ​ល្មម​
- យក​គ្រាប់​ពូជដែ​ត្រាំទុក​នោះ មក​ដាក់​ដាំ​ក្នុង​ផើង​ដំណាំ​ដោយផ្ទាល់ ក្នុង​មួយ​រណ្តៅ​ចំនួន ២-៣​គ្រាប់ ហើយ​រោយ​ដី​កប់​ពីលើ​សើៗ 
- យក​កម្ទេច​ចំបើង​គ្របពីលើ ដើម្បី​ការពារ​សំណើម​ដី រួច​ស្រោច​ទឹក​ឱ្យ​ជោគ 
- ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់ ត្រូវ​ស្រោច​ទឹក​បន្ត​១​ថ្ងៃ​ម្តង (​ទឹក​ត្រូវ​លាយ​ជាមួយ​ទឹក​ជីកំប៉ុស្ត ដើម្បី​បំប៉ន​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​ល្អ​)
- រយៈពេល​១០​ថ្ងៃក្រោយ​កូន​ដំណាំ នឹង​លូតលាស់ (​ត្រូវ​ជ្រើស​ដើម​ដែល​ថ្លោស​ល្អៗ សម្រាប់​ដើម​ណា​ដែល​មិនសូវ​ល្អ ត្រូវ​ដក​ចោល​)

​ការថែទាំ​៖
- ត្រូវ​រក​ចំបើង ឬ​ស្លឹកឈើ​ស្ងួត មក​គ្រប​កូន​ដំណាំ ដើម្បី​ការពារ​កម្តៅ​
- ឧស្សាហ៍​ជំ​រះ​ស្មៅ ដើម្បី​កម្ចាត់​ជម្រក​របស់​សត្វល្អិត​
- ពូន​ដី និង​ជ្រុំដី ដើម្បី​ឱ្យ​ដី​ធូរ ងាយ​ជ្រាប​ទឹក​បាន​ល្អ ក្រោយ​ដាំ​បាន​៧ ទៅ ១០ ថ្ងៃ​
- ត្រូវ​ស្រោច​ទឹក​ជាប្រចាំ មួយ​ថ្ងៃ​ពីរ​ដង (​ព្រឹក​ម្តង និង​ល្ងាច​ម្តង​)
- ពេល​ម្រះ​ចាប់ផ្តើម​ចេញ​ផ្កា រហូត​ដល់​ប្រមូល​ផល ត្រូវ​បន្ថែម​ការស្រោចស្រព​ទឹក និង​បន្ថែម​ជី​
- នៅ​ពេល​កូន​ម្រះ​ចាប់ផ្តើម​លូតលាស់ ត្រូវ​រក​កំណាត់​ឫស្សី មក​ឆ្នៃ​ធ្វើ​ជា​ទ្រើង ឬ​ធ្នើ សម្រាប់​ឱ្យ​ម្រះ​វា​ឡើង​
- ត្រូវ​កាត់​ស្លឹក​ចាស់ ឬ​ស្លឹក​ទុំ​ចោល​
- ត្រូវ​យក​ក្រដាស​មក​ខ្ចប់ រុំ​ផ្លែ នៅពេល​ម្រះ​ផ្លែ​បាន​១​សប្តាហ៍​

​ការប្រមូល​ផល​៖
- ក្រោយ​ដាំ​ដុះ​៥០​ថ្ងៃ ម្រះ​នឹង​ចាប់ផ្តើម​ឱ្យ​ផល​

​ការ​ទុក​ពូជ​៖
- ត្រូវ​ទុក​ម្រះ​រហូត​ដល់​ផ្លែ​ទុំ​ល្មម គ្រាប​សំបុរ​ផ្កាឈូក ទើប​អាច​បេះ​ទុក​សម្រាប់​ធ្វើ​ពូជ​
- កុំ​ទុកឱ្យ​ម្រះ​ទុំ​ពេក ព្រោះ​ពេល​ដាំ​សារ​ក្រោយ នឹង​ធ្វើឱ្យ​ពូជ​ក្លាយ បែក​ក្រឡា​ញឹក ក្លាយ​ជា​ពូជ​មិនល្អ​
- ដើម្បី​សម្គាល់ថា ផ្លែ​ម្រះ​មាន​គ្រាប់​ពណ៌​ផ្កាឈូក ត្រូវ​ច្របាច់​ផ្លែ​មើល​បើ​ឮសូរ​ប្រោះ គឺ​ផ្លែ​នោះ ល្មម​អាច​បេះ​ធ្វើជា​ពូជ​បាន​ហើយ​
- ត្រូវ​រក​ផ្លែ​ម្រះ​ដែល​បេះ​បាន មក​ពុះ​បំបែក​យក​គ្រាប់​លាង​ទឹក ហើយ​ហាល​ទុក​ក្នុង​ម្លប់​២​ទៅ​៣​ថ្ងៃ (​ហាម​ហាល​ក្រោម​កម្តៅ​ព្រះអាទិត្យ ព្រោះ​វា​នឹង​ធ្វើឱ្យ​គ្រាប់​ស្វិត ដាំ​លែង​ដុះ​) រួច​យក​ថង់​កំណាត់សំពត់​ច្រក សំដិល​ទុក តែ​កុំ​ទុក​ឱ្យ​ហួស ១​ឆ្នាំ​
- ចំពោះ​គ្រាប់ពូជ​ម្រះ​ដែល​បេះ​ភ្លាម មក​ដាំ​ភ្លាម ក៏​បាន​ផល​ល្អ​ដូច​គ្រាប់​ទុក​យូរ​ដែរ 

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត