ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦​រំពឹង​ផ្តល់​ឱកាស​ដល់​យុវជន​រាប់ម៉ឺន​នាក់​

10-12-2017 12:36 pm 878
ស្តង់តាំងបង្ហាញសៀវភៅមួយកន្លែងរបស់អង្គការស៊ីប៉ា កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ។ រូបថត គង់ ឧត្តម ។

​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៦ កំពុង​ត្រូវបាន​ធ្វើឡើង​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​កម្ពុជា ខាងជើង​ឆៀង​ខាងកើត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ។ អ្នកជំនាញ​បានលើកឡើង​ដោយ​អះអាង​ស្របគ្នា​ថា ការអាន​ច្រើន នឹង​ជួយ​ឱ្យ​យើង​ទទួលបាន​ចំណេះដឹង​ច្រើន កាន់តែ​ទូលំទូលាយ ចេះ​វែកញែក និង​ដោះស្រាយ​បញ្ហា​បាន​ច្រើន​វិធី ។ ម្យ៉ាង​ការអាន​ច្រើន ឬ​ចូល​ចិត្ត​អាន ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​សៀវភៅ​ថ្មីៗ ឱ្យ​បន្ត​បង្កើត​ស្នាដៃ​របស់​ខ្លួន ទ្រទ្រង់​ផ្នែក​អក្សរសាស្ត្រ អក្សរសិល្ប៍​របស់​ខ្មែរ...

ស្តាប់បទយកការណ៍ជាសំឡេង៖

​ក្នុង​បរិវេណ​ដែល​ពោរពេញ​ទៅ​ដោយ​ស្តង់​ពិព័រណ៍ តាំង​បង្ហាញ​សៀវភៅ​រាប់លាន​ក្បាល​គ្រប់​ប្រភេទ ដែល​ភាគច្រើន​ជា​ស្តង់​របស់​អ្នកនិពន្ធ​សៀវភៅ អ្នក​កែសម្រួល​សៀវភៅ បណ្ណាល័យ​សាលា​នី​មួយៗ ស្តង់​របស់​សាលា​បង្ហាញ​ពី​ទេពកោសល្យ​របស់​កុមារ​ជា​ដើម កំពុង​មាន​ភាព​អ៊ូអរ ពី​សំណាក់​យុវជន​ដែល​ចូលរួម​ទស្សនា ខ្លះ​ទិញ ខ្លះ​សុំ​ហត្ថលេខា​អ្នកនិពន្ធ​នៅ​ផ្ទាល់​នឹង​ស្តង់​បង្ហាញ​សៀវភៅ​តែម្តង ។ ទិដ្ឋភាព​អ៊ូអរ ផ្តុំ​ជុំៗ ខ្ញុំ​ក៏​បាន​ចូលរួម​ទៅ​មើល និង​សុំ​ការ​សម្ភាសន៍​ពី​សំណាក់​យុវជន អ្នកនិពន្ធ និង​អ្នកជំនាញ​ផ្នែក​អំ​ណាន​នៅ​ទីតាំង​នោះ​ផ្ទាល់​តែម្តង ។​

​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​ឆ្លៀត​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃ​ដំបូង នៃ​ការ​បើកសម្ពោធ​ពិព័រណ៍​សៀវភៅ​ថា ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦​នេះ ធ្វើឡើង​ដើម្បី​បំផុស​ឱ្យ​យុវជន​ចូលចិត្ត​អាន​និង​សរសេរ​ឡើងវិញ តែ​ការអាន​ក៏​គួរតែ​ត្រូវ​តែ​ចេះ​ជ្រើសរើស​សៀវភៅអាន ព្រោះ​ព័ត៌មាន​ខ្លះ អាន​ហើយ​ធ្វើឱ្យ​អ្នកអាន គ្រោះថ្នាក់​ក៏មាន …
​សំឡេង​លោក ពិត ចំណាន ៖

​លោក ពិត ចំណាន ប្រាប់ថា តាមរយៈ​ការសង្កេត​ផ្ទាល់​របស់​លោក លោក​មើលឃើញថា តាមរយៈ​ទិវា​អំ​ណាន​ទាំង​ពីរ​ឆ្នាំ​នេះ គឺ​មាន​ការចូលរួម ឬ​ចាប់អារម្មណ៍​ពី​សំណាក់​យុវជន​ច្រើន គ្រប់​ភាគី​ទាំងអស់ ទាំង​ឯកជន និង​រដ្ឋ ពិសេស​អ្នកចូលរួម​នោះ គឺ​កាន់តែ​ច្រើនឡើងៗ​ដែរ ។ លោក​ថា លោក​សង្ឃឹមថា​សិស្សានុសិស្ស​នឹង​មាន​សមត្ថភាព​ខ្ពស់ តាមរយៈ​ការ​ចូល​ចិត្ត​អាន ចូលចិត្ត​សរសេរ ។ និយាយ​បណ្តើរ​លើកដៃ​បង្ហាញ​បណ្តើរ លោក​បាន​បង្ហើប​ប្រាប់ថា រដ្ឋាភិបាល តាមរយៈ​ក្រសួង​វិចិត្រសិល្បៈ កំពុង​ប្រឹងប្រែង​ធ្វើយ៉ាងណា ឱ្យ​នៅ​តាម​សាលារៀន​នៅ​កម្ពុជា មាន​ស្តង់ដារ​បណ្ណាល័យ​មួយ ដែល​គម្រោង​នេះ នឹង​បង្កើត​ឱ្យទៅ​ជា​ផ្លូវការ​តែ​ម្តង​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ងាក​ចេញពី​លោក​ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ ប្រធាន​អង្គការ​ស៊ី​ប៉ា លោក ហុក សុ​ទ្ធិ ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​ពិព័រណ៍​នេះដែរ ។ តាមពិតទៅ តួនាទី​របស់​លោក​ក៏​ជា​ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា​ដែរ ។ និយាយ​ដោយ​សំឡេង​ម៉ាត់ៗ ប្រធាន​សមាគម​បណ្ណារក្ស​រូបនេះ បាន​ប្រាប់​ខ្ញុំ​អំពី​សារប្រយោជន៍​នៃ​ការអាន​ច្រើន​ថា ការអាន​ច្រើន វា​នឹង​ធ្វើឱ្យ​អ្នកអាន​ទទួលបាន​ចំណេះដឹង​ច្រើន ចេះ​គិត​ពិចារណា​ច្រើន ចេះ​វែកញែក​រក​បញ្ហា និង​ដោះស្រាយ​បញ្ហា​បាន​ល្អ​…​    ​
​សំឡេង​លោក ហុក សុ​ទ្ធិ ៖

​កំពុង​មមាញឹក​បង្ហាញ​ពី​សៀវភៅ​ជា​ស្នាដៃ​របស់​ខ្លួន និង​ចុះហត្ថលេខា​លើ​សៀវភៅ​ជា​ស្នាដៃ​ស្រាវជ្រាវ លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់​មួយរូប បាន​ឆ្លៀត​ប្រាប់​ខ្ញុំ​ថា ថ្ងៃនេះ លោក​មាន​ស្នាដៃ​និពន្ធ​ថ្មី ដែល​និយាយ​អំពី​ដំណើរ​ជីវិត​របស់​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បំពេញការងារ​ក្នុង​វិស័យ​ព័ត៌មាន​ស្ទើរ​ពាក់កណ្តាល​ជីវិត​របស់​លោក ។ លោក​សាស្ត្រាចារ្យ​ឆាយ សុផល បញ្ជាក់ថា មកទល់​នឹង​ពេលនេះ លោក​បាន​ផលិត​សៀវភៅ​បាន​ចំនួន​៨​ក្បាល និង​បាន​ចូលរួម​កែសម្រួល​បាន​២​ក្បាល​ទៀត ។ នៅពេល​សួរ​លោក​ថា តើ​ការអាន នឹង​ជួយ​អ្វីខ្លះ​ដល់​អ្នកអាន​? លោក​អះអាង​ថា ការអាន គឺជា​វិធី​មួយ​ជួយ​ជំរុញ​ដល់​ការគិត​របស់​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ កាន់តែ​រស់​រវើក កាន់តែ​ទូលាយ ពិសេស​គឺ​ជំរុញ​ទឹកចិត្ត​ដល់​អ្នកនិពន្ធ​ផងដែរ​…
​សំឡេង​លោក ឆាយ សុផល ៖

​ក្នុង​សកម្មភាព​ដៃស្តាំ​កាន់​ប៊ិច និង​ដៃ​ឆ្វេង​កាន់​សៀវភៅ​គាត់​បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​បន្ថែមថា ដើម្បី​ឱ្យ​ចំណេះដឹង​រីកចម្រើន យើង​គួរ​ចាប់​យក​ការអាន​សៀវភៅ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ចំណូលចិត្ត ជំនាញ របស់​យើង​ជា​ចម្បង ក្រៅពីនេះ គឺ​អាន​លើ​ប្រធានបទ​បន្ទាប់បន្សំ​…
សំឡេង​លោក ឆាយ សុផល ៖

​នៅ​ទល់មុខ​ស្តង់​សៀវភៅ​របស់លោក​សាស្ត្រាចារ្យ​ឆាយ សុផល គឺ​ស្តង់​សៀវភៅ​របស់​តារាចម្រៀង លោក ម៉ានិត ។ លោក​ម៉ានិត មិន​ត្រឹមតែ​ជា​អ្នកចម្រៀង អ្នកនិពន្ធ​ទំនុកច្រៀង បទ​ភ្លេង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​អ្នកនិពន្ធ​ប្រលោមលោក​ដែរ ។ យុវជន​ជា​សិស្សានុសិស្ស ដែល​ជា​អ្នកគាំទ្រ​ចម្រៀង និង​ប្រលោមលោក​របស់គាត់ ប្រជ្រៀត​គ្នា​សុំ​ថតរូប និង​សុំ​ហត្ថលេខា ។ នៅពេល​ឃើញ​ថា​ស្បើយ​មនុស្ស ខ្ញុំ​ក៏​ឆ្លៀត​ចូល​ទៅ​ជិត​គាត់​សាកសួរ​អំពី​វត្តមាន​នៅក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ ។ ម៉ានិត​បាន​ឆ្លៀត​ប្រាប់​ខ្ញុំ​ថា តាមពិតទៅ គាត់​ចូលរួម​ការតាំងពិព័រណ៍​សៀវភៅ​បែបនេះ​ចំនួន​២​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​នេះ​តែម្តង ។ គាត់​ប្រាប់​ខ្ញុំ​បន្តថា ក្រុមការងារ​ស្រឡាញ់​សៀវភៅ​របស់​ម៉ានិត បានសម្រេច​ផលិត​ចេញ​សៀវភៅ​ប្រលោមលោក​ចំនួន​២​លេខ ឬ​២​ភាគ​មក​ហើយ​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ គឺ​សៀវភៅ​បេសកកម្ម​មួយ ហើយ​គ្រោង​នឹង​ចេញ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ បន្ថែម​មួយ​ភាគ​ទៀត ។ ម៉ានិត​ប្រាប់ថា គាត់​សប្បាយចិត្ត សប្បាយ​ត្រង់​ថា មាន​យុវជន​ច្រើន​គាំទ្រ​លើ​ស្នាដៃ​និពន្ធ​សៀវភៅ​របស់គាត់ ។ គាត់​ក៏​ស្នើ​ឱ្យ​យុវជន​កម្ពុជា បន្ត​ចូលរួម​អាន​សៀវភៅ និង​សង្ឃឹមថា វិស័យ​ការអាន​នៅ​កម្ពុជា មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។​

​ក្រោយ​ជួប​ជាមួយ​អ្នកនិពន្ធ​រូប​នេះ​រួច ខ្ញុំ​ក៏​បន្តដំណើរ​មើល​ការតាំងពិព័រណ៍​សៀវភៅ ដែលមាន​ចំនួន​រហូត​ដល់​ទៅ ៨២​ស្តង់ ចាប់ពី​ក្រៅរបង រហូត​ដល់​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ ។ យុវតី​ពីរ​នាក់ កំពុង​ដើរ​ជជែក​គ្នា​បណ្តើរ សើច​បណ្តើរ ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស សំពត់​ត្រឹម​កំភួនជើង​ពណ៌​ខ្មៅ ដោយ​ដៃ​មាន​យួរ​ថង់​ពណ៌​សម្នាក់​មួយ​ផង​នោះ ខ្ញុំ​បាន​ឆ្លៀត​ស្កាត់​ជជែក​សួរ​បន្តិច​តែម្តង ។ យុវតី លីកា គឺជា​និស្សិត​ឆ្នាំ​ទី​ពីរ ផ្នែក​គណនេយ្យ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នាង​បាន​ប្រាប់​ខ្ញុំ​ថា ហេតុ​ដែល​ធ្វើឱ្យ​នាង​មក​ចូលរួម​មើល​ការតាំងពិព័រណ៍​សៀវភៅ​នេះ ព្រោះ​ដោយសារ​នាង​ស្រឡាញ់​សៀវភៅ និង​ចូលចិត្ត​អាន រាល់​ពេល​នាង​អាន​សៀវភៅ តែង​ធ្វើ​នាង​សប្បាយចិត្ត​…
​សំឡេង​យុវតី លីកា ៖

​យ៉ាងណាម៉ិញ ព្រះ​តេជគុណ សុខ ប៊ុន​យ៉ុម និមន្ត​មកពី​វត្ត​ព្រែក​សំរោង នៅ​ក្រុង​តាខ្មៅ​ក្រោយ​ឆៀង​ចូល​ជាវ​សៀវភៅ​មួយ​ក្បាល ដែល​មាន​កម្រាស់​ប្រមាណ​២​ថ្នាំងដៃ កាន់​នៅក្នុង​ដៃ បាន​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា នេះ​ជា​លើក​ទី​មួយ​ដែល​ព្រះ​តេជគុណ​និមន្ត​ចូលរួម ។ អ្វី​ដែល​ព្រះ​តេជគុណ​ចាប់អារម្មណ៍​នោះ​គឺ ព្រះ​តេជគុណ​ឃើញថា មាន​យុវជន និង​កុមារ​ចូលរួម​ច្រើន​នៅក្នុង​កម្មវិធី​នេះ​…
​សំឡេង​ព្រះ​តេជ​គុណ សុខ ប៊ុន​យ៉ុម ៖

​បើ​តាម​លោក សុខ ឡាក់ សហ​ស្ថាបនិក និង​ជា​អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ បាន​ប្រាប់​ខ្ញុំ​ថា តាម​ការសង្កេត​របស់​លោក ឃើញថា ចំនួន​អ្នក​អាន​សៀវភៅ​ហាក់​កើនឡើង ខណៈ​អ្នកនិពន្ធ និង​បណ្ណាល័យ​មួយចំនួន ក៏​មាន​ការកើនឡើង​ដូចគ្នា​…
​សំឡេង លោក សុខ ឡាក់ ៖

​អ្នក​និយម​អាន​សៀវភៅ​រូបនេះ ស្នើ​ឱ្យ​យុវជន និង​ពលរដ្ឋ​ទូទៅ ងាក​មក​ចាប់​អារម្មណ៍​នឹង​បណ្ណាល័យ ចាប់អារម្មណ៍​នឹង​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​ឡើង​ថែម​ទៀត ខណៈ​ប្រទេស​អភិវឌ្ឍ​ធំៗ​មួយចំនួន​មាន​បណ្ណាល័យ​ច្រើន និង​ធំៗ​ជាង​ផ្សារ​ទំនើប​នៅ​ស្រុក​ខ្មែរ​យើង​ទៅ​ទៀត​…
​សំឡេង​លោក សុខ ឡាក់ ៖

​គូសបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៥ បាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជា ២​ម៉ឺន​៥​ពាន់​នាក់ ហើយ​នៅ​ឆ្នាំនេះ លោក ហុក សុ​ទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា បាន​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​លើស​ពី​ឆ្នាំ​២០១៦ ។ ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ ប្រារព្ធ​ធ្វើឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ដោយ​មាន​សកម្មភាព​ផ្សេងៗ​ដូចជា ការនិទាន​រឿង​ខ្លី ការ​គូ​សមុខ ការ​គូស​គំនូរ ការសូត្រ​កំណាព្យ ការដើរ​ម៉ូត ការសម្តែង​សិល្បៈ​ផ្សេងៗ ការអាន​ដែល​មាន​ភាព​ច្នៃប្រឌិត ស្តង់​ថតរូប និង​ការប្រគុំ​តន្ត្រី​ពី​សំណាក់​យុវជន​ស្ម័គ្រចិត្ត​ដែល​មាន​ទេពកោសល្យ​ផងដែរ​៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត