ACU​គួរ​លូកដៃ​ក្នុង​រឿង​ទទួល​សំណូក​ដ៏​ធំ​ពី​សង្វៀន​ជល់​មាន់​ដែរ​ទេ​?

ដោយ៖ សៅ វិសាល 07-12-2017 7:24 pm 13041

បន្ទាប់​ពី​ការបង្ក្រាប​ទីតាំង​ជល់​មាន់​ដ៏​ធំ និង​កក្រើក​ចំនួន​២​កន្លែង នា​ដើម​ខែ​ធ្នូ​នេះ តារាង​ឈ្មោះ​អ្នកសារព័ត៌មាន​ជាង​១៥០​នាក់ ត្រូវបាន​សមត្ថកិច្ច​ត្រៀម​បញ្ជូនទៅ​តុលាការ ទាក់ទង​នឹង​ការទទួល​សំណូក ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ខាង​លើ​នេះ​។

​បើ​តាម​ការចុះផ្សាយ របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន នា​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នេះ បានឲ្យដឹងថា លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ត្រៀម​បញ្ជូន​ឈ្មោះ​អ្នកកាសែត គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ចំនួន​១៥៧​រូប ដែល​ទទួល​សំណូក​ដាក់​ខែ​ពី​សង្វៀន​ល្បែង​ជល់​មាន់ នៅ​អរិយ្យ​ក្សត្រ ទៅ​តុលាការ​។​

​ជុំវិញ​បញ្ហា​នេះ ក៏​មាន​ប្រតិកម្ម​ពី​អ្នកសារព័ត៌មាន ដែល​មានឈ្មោះ​នៅក្នុង​តារាង​ខាងលើ បាន​ស្នើ​ឲ្យ លោកស្នងការ អ៊ាវ ចំរើន ត្រូវ​បង្ហាញ​ឈ្មោះ​សមត្ថកិច្ច ចាប់​ពី​ឃុំ ដល់​ស្រុក ដល់​ខេត្ត និង​អាច​នៅ​ក្រសួង​ខ្លះទៀត ដែល​នឹង​ត្រូវ​ជាប់​សង្ស័យ​ថា បាន​យក​លុយ​សង្វៀនមាន់ លោក ថៃ ផានី និង​លោកស្រី ហ៊ុន ចាន់ថុល នៅ​ខេត្ត​កណ្តាល​ដែរ​។​

​ភ្លាមៗ​ក្រោយ​ការបង្ក្រាប លោក​ថៃ ផានី កូនប្រសារ​លោក​ហ៊ុន សាន និង​ជា​ម្ចាស់​សង្វៀន​ល្បែង​បញ្ជល់មាន់​ដ៏​ធំ​នេះ បាន​បញ្ចេញ​នូវ​ឈ្មោះ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន ដែល​បាន​ទទួល​លាភសក្ការៈ ជា​ប្រចាំ​ខែ ចាប់​ពី​មេឃុំ រហូតដល់​ថ្នាក់​ខេត្ត​។ ប៉ុន្តែ​ការទម្លាយ​នេះ ត្រូវបាន​មន្ត្រី​ទាំងនោះ​បដិសេធ និង​ថែម​ទាំង​បាន​ព្រមាន​ប្តឹង​ផង​ដែរ​។​

​យ៉ាងណាក៏ដោយ ជុំវិញ​បញ្ហា​នេះ ក៏​មាន​ការស្នើឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​មាន​ចំណាត់ការ​ណាមួយ ស៊ើបអង្កេត​ករណីនេះ ដើម្បី​ឲ្យមាន​យុត្តិធម៌ និង​តម្លាភាព​។ វិទ្យុ​វាយោ មិនទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​នៅឡើយ​ទេ ទាក់ទិន​នឹង​បញ្ហា​នេះ​។​

​គួរបញ្ជាក់​ថា កាលពីដើម​សប្តាហ៍​នេះ ប៉ូលីស​ខេត្តកណ្តាល និង​ខេត្ត​តាកែវ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ទីតាំង​ជល់​មាន់​ដ៏​ធំ ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់​ជាច្រើន​នាក់ និង​បាន​រឹបអូស​រថយន្ត ម៉ូតូ​រាប់រយ​គ្រឿង​ផង​ដែរ​។ ក្រោយ​ការបង្ក្រាប ម្ចាស់​សង្វៀន​បញ្ជល់មាន់ ដែល​ត្រូវជា​កូនប្រសារ​លោក​ហ៊ុន សាន បងប្រុស​បង្កើត​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​រត់គេចខ្លួន ប៉ុន្តែ​នៅ​ទីបំផុត​បាន​ប្រគល់​ខ្លួន ឲ្យ​សមត្ថកិច្ច ក្រោយ​ការ​បញ្ជារ​ឲ្យ​តាម​ចាប់ ដោយ​ផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត