ហេតុអ្វី​កាត​​អ្នកកាសែត​​ជាង​​១៥០​នាក់​​រកឃើញ​​នៅ​​កន្លែង​​ជល់​​មាន់​​ដែរ​​?​

ដោយ៖ អឿន ភារ៉ា 07-12-2017 6:05 pm 4186
កាតអ្នកកាសែតជាង១៥០ ដែលសមត្ថកិច្ចអះអាងថា បានរកឃើញ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់ នៅខេត្តកណ្តាល។ រូបថត៖ ហ្វេសប៊ុកលោកអ៊ីវ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្តាល

​កាត​អ្នក​សែត​រាប់រយ​នាក់​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅ​ទីតាំង​បង្ក្រាប​ល្បែង​ជល់​មាន់​ដ៏​ធំ​មួយកន្លែង នៅ​ខេត្តកណ្តាល ហើយ​ត្រូវ​បានបង្ហាញ​ឈ្មោះ និង​ស្ថាប័ន​ជា​សាធារណៈ​នៅថ្ងៃនេះ​។ មែនទែនទៅ គេ​កត់សម្គាល់ថា ស្ទើតែ​ទាំងអស់នៃ​ស្ថាប័ន​ទាំងនោះ ហាក់​មានតែ​ឈ្មោះ តែ​មិនឃើញ​ចេញផ្សាយ​ព័ត៌មាន​នោះឡើយ​។ ករណីនេះ មានមតិ​លើកឡើងថា អាចធ្វើឲ្យ​ខូច​ឈ្មោះ​ដល់​ស្ថាប័ន និង​អ្នកកាសែត ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។

​ទោះជា​យ៉ាងណា លោកពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូ​ដូ និង​ជា​មន្ត្រី​ក្លិប​អ្នកកាសែត​កម្ពុជា លើកឡើងថា ដោយសារ​ករណីនេះ មិនទាន់មាន​ការ​បញ្ជាក់ពី​សមត្ថកិច្ច​ច្បាស់​ថា តើ​ឈ្មោះ​អ្នកកាសែត​ទាំងអស់នោះ ពិតជា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ឬ​យ៉ាងណា​? ដូច្នេះ​លោក​ថា​ក្លិប​អ្នកកាសែត​កម្ពុជា​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណីនេះ​។​
​សំឡេង​លោកពុយ គា​៖

​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​អាជីព និង​ក្លិប​អ្នកកាសែត​កម្ពុជា មិន​គាំទ្រ​នូវ​អំពើ​ណាមួយ​ប្រាសចាក​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ឡើយ​។ នេះ​ជា​ការលើកឡើង​ពី​លោកពុយ គា​។ លោក​បញ្ជាក់ថា​ការទារលុយ ការសរសេរ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​បង្កាច់​កេរ្តិ៍ឈ្មោះ​គេ សុទ្ធតែ​ធ្វើឲ្យប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​អ្នកកាសែត​ផ្សេងទៀត ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ អ្នកកាសែត​ចាស់វស្សា​រូបនេះ ក៏​អំពាវនាវ​ដល់​ស្ថាប័ន​នានា ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អ្នកកាសែ​តដែល​មិនមាន​ស្ថាប័ន​ត្រឹមត្រូវ ច្បាស់លាស់​ផងដែរ​។​
​សំឡេង​លោកពុយ គា​៖

​ដោយឡែក លោក​ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​៧ ធ្នូ​នេះ​ថា ករណីនេះ មិនទាន់​សន្និដ្ឋានបាន​ទេ​ថា ឈ្មោះ​អ្នកកាសែត​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេះ​ឬ​យ៉ាងណា​នោះ ដោយសារតែ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​ពី​មន្ត្រី​សមត្ថកិច្ច​។ ការរកឃើញ​កាត​អ្នកកាសែត​នៅ​ទីតាំង​បង្ក្រាប​ល្បែង​ជល់​មាន់​នេះ លោក​ឆាយ សុផល យល់ថា ជួនកាល​អាច​ទៅយក​ព័ត៌មាន ហើយ​ទុក​នាមប័ណ្ណ​នៅ​ទីនោះ​។ ប៉ុន្តែ បើ​ករណី​ចោទ​កាសែត​ទទួល​លុយ​ក្នុង​អំពើ​នេះ លោក​ថា ជា​រឿង​មួយ​ផ្សេងទៀត​....
​សំឡេង​លោក​ឆាយ សុផល​៖

​បែបនេះ​ក្តី សាស្ត្រាចារ្យ​សារព័ត៌មាន​រូបនេះ យល់ថា ការ​ខុង​ឆ្គង​របស់​បុគ្គល​ចំពោះ​វិជ្ជាជីវៈ​របស់ខ្លួន គឺ​កើត​មាននៅ​គ្រប់​ស្ថាប័ន​ទាំងអស់ សូម្បីតែ​មន្ត្រីនគរបាល​មួយចំនួន​តូច​ក៏​នៅតែមាន​ដែរ​។ តែ​លោក​គូសបញ្ជាក់ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ ត្រូវតែ​គោរព ហើយ​ចំពោះ​អ្នក​ដែរ​ប្រព្រឹត្ត​ខុស​ទុកឲ្យ​ផ្លូវច្បាប់​ជា​អ្នកដោះស្រាយ​។​
​សំឡេង​លោក​ឆាយ សុផល​៖

កាលពីដើម​សប្តាហ៍​នេះ ប៉ូលីស​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ទីតាំង​ជល់​មាន់ នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់​ប្រមាណ ១៥០​នាក់ និង​បាន​រឹបអូស​រថយន្ត​ចំនួន​៥០​គ្រឿង និង​ម៉ូតូ​ប្រមាណ​២០០​គ្រឿង រួមទាំង​មាន់​ជល់​ជាច្រើន​ទៀតផង​។ ក្នុងចំណោម​រថយន្តរ​បស់​អ្នកញៀន​ល្បែង​ជល់​មាន់​ដែល​ភ្នាល់​ប្រាក់​រាប់ពាន់​ដុល្លារ​នោះ ត្រូវគេ​សង្កេតឃើញថា មាន​ម្ចាស់​ជា​មន្ត្រីរាជការ​ស៊ីវិល ប្រជាពលរដ្ឋ និង​ជា​មន្ត្រី​យោធា​ផងដែរ​។​

​រហូតដល់​ថ្ងៃទី​៧ ខែធ្នូ​នេះ សមត្ថកិច្ច​អះអាងថា បាន​រកឃើញ កាត​អ្នក​សែត​រាប់រយ​នាក់ មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​។ បើតាម​លោក​អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បង្ហោះ​ឲ្យដឹង​នៅលើ​ទំព័​រហ្វេស​របស់​លោកថា នាម​បណ្ណ័ និង​ឧទ្ទេសនាម​របស់​អ្នកកាសែត រហូតដល់​១៥៧​រូប ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​១៥០ គេហ​ទំ​ពរ័​១​រូប និង​ទូរទស្សន៍​អន​ឡាញ ៦​រូប ត្រូវបាន​រកឃើញ​នៅក្នុង​ទូរ​រក្សា​ឯកសារ​របស់​មេកា​រស​ង្វៀន​ជល់​មាន់​នោះ​។

​ទន្ទឹមនឹងនេះ លោក​អ៊ាវ ចំរើន បានបង្ហាញ​ការងឿងឆ្ងល់​ថា ហេតុអ្វី​បាន​ជាមាន​នាម​បណ្ណ័ និង​ឧទ្ទេសនាម​របស់​អ្នកកាសែត​យ៉ាងច្រើន​បែបនេះ នៅ​សៃវៀន​ជល់មាន់​ដ៏​ធំ​ទៅវិញ ហើយ​លោក​ថា ការរក្សា​ឯកសារ​របស់​មេការ​នៅ​ទីនោះ ត្រូវបាន​រៀបចំ​តាម​លំដាប់​ខែ​នី​មួយៗ និង​កត់​ចម្លង​បញ្ចូល​ទៅក្នុង​សៀវភៅ​មួយ​ក្បាល​ទៀត​ពី​តួលេខ​យ៉ាងច្បាស់​ល្អ​។​

​ស្នងការ​នគរបាល​ខេត្តកណ្តាល​រូបនេះ ឱ្យដឹងទៀតថា សមត្ថកិច្ច​ត្រៀម​បញ្ជូន​ឈ្មោះ​អ្នកកាសែត គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ​ធំៗ ល្បីៗ ចំនួន​១៥៧​រូបនោះ ទៅ​តុលាការ​។ ទំព័រ​ហ្វេ​ស​របស់លោក​បានសរសេរថា​៖ “​ការដែល​ខ្ញុំ​ត្រូវធ្វើ​បញ្ជី​នេះ​ភ្ជាប់​ជាមួយ​សំណុំរឿង​ទៅ​តុលាការ​នោះ គឺ​មិនមែន​ជាការ​ចោទ ឬ​យ៉ាងណា​នោះទេ គឺ​អនុវត្តតាម​នីតិវិធី​តែប៉ុណ្ណោះ ដោយ​រាល់​វត្ថុតាង​ដែល​ដកហូតយក​បាន​ពី​កន្លែងកើតហេតុ​នគរបាល​យុត្តិធម៌​ដាច់ខាត​ត្រូវ​បញ្ជូនទៅ​អយ្យការ និង​ចៅក្រម​ជា​ចាំបាច់​..​ព្រោះនេះ​ជា​កាតព្វកិច្ច​របស​នគ​របាល​យុត្តិធម៌​”​។​

​ជុំវិញ​រឿង​នេះដែរ លោក​អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ក្រសួង​ព័ត៌មាន​មិនមាន​វិធានការ​អ្វី​ចំពោះ​ការបង្ហាញ​ឈ្មោះ​អ្នកកាសែត​ទាំង​នោះឡើយ ដោយសា​រថា សមត្ថកិច្ច​មិនបាន​ផ្ញើ​ឈ្មោះ​ផ្លូវការ មកកាន់​ក្រសួង​ឡើយ​។ លោក​អ៊ុក គឹម​សេង បន្ថែម​....
​សំឡេងលោក​អ៊ុក គឹម​សេង​​៖

​ចំពោះ​ការប៉ះពាល់​ដល់​ស្ថាប័ន និង​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​បែបណា​នោះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ឆ្លើយថា នៅក្នុង​វិជ្ជាជីវៈ​ជា​រឿង​មួយ ហើយ​បើ​រឿង​ក្រៅ​វិជ្ជាជីវៈ គឺ​ក្រៅពី​សមត្ថកិច្ច​របស់​ក្រសួង​៕

ព័ត៌មានផ្សេងទៀត