គណៈកម្មាធិការ​ព្រំដែន​៖ កម្ពុជា​-​វៀតណាម​បោះបង្គោល​ព្រំដែន​បាន​ជាង​៨៤​ភាគរយ​ហើយ​

ដោយ៖ គង់ ឧត្តម 07-12-2017 5:21 pm 1524
ការដ្ឋានសាងសង់បង្គោលព្រំដែន នៅខេត្តតាកែវ ។ រូបថតពី fn ។

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ដឹកនាំ​គណៈប្រតិភូ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យមើល​ការបោះបង្គោល​ព្រំដែន​កម្ពុជា - វៀតណាម នៅ​ខេត្ត​តាកែវ - អាន​យ៉ាង និង​ខេ​ត​កំពត - គៀន​យ៉ាង កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ កំពុង​បង្កើន​សកម្មភាព​បោះបង្គោល​ព្រំដែន នៅ​បណ្តា​ខេត្ត​ជាប់​គ្នា​ជា​បន្តបន្ទាប់ ។​

​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​សកម្មភាព​បោះបង្គោល​ព្រំដែន នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​គោក​នានា ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន ។ នេះ​បើ​តាម​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ។​

​លោកស្រី កុយ ពិសី បន្តថា សម្រាប់​ខេត្ត​តាកែវ ការបោះបង្គោល​ព្រំដែន​បានបញ្ចប់​ការសាងសង់​បង្គោល​ព្រំដែន​ធំ ១០០​ភាគរយ​ហើយ ។ ភាគី​ទាំង​ពីរ​កំពុង​បន្ត​សាងសង់​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ជា​បន្ត​ទៀត ។ ចំណែក​ឯ​ខេត្ត​កំពត និង​គៀន​យ៉ាង ភាគ​ទី​ទាំង​ពីរ​បោះបង្គោល​ព្រំដែន​ធំ​បាន​៧៥​ភាគរយ និង​បោះបង្គោល​ព្រំដែន​បំពេញបន្ថែម​បាន​៨០​ភាគរយ ។ ភាគី​ទាំងពីរ​នឹង​ព្យាយាម ខិតខំ​បញ្ចប់​នាពេលខាងមុខ ។​

​គូសបញ្ជាក់ថា កម្ពុជា​-​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ១,២៧០​គីឡូម៉ែត្រ ដែល​ត្រូវ​ការបោះបង្គោល​ព្រំដែន សរុប​ចំនួន ៣១៤ បង្គោល ។ បើ​តាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ​ព្រំដែន​ឱ្យ​ដឹងថា រហូតមកដល់​ពេលនេះ ការរៀបចំ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​រួចរាល់​ចំនួន​ជាង​៨៤​ភាគរយ​ហើយ ក្នុងចំណោម​ព្រំដែន​សរុប ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត