ប្រជាធិបតេយ្យ​គ្មាន​ការគោរពច្បាប់​វានឹងក្លាយ​ជាអនាធិបតេយ្យ?

ដោយ៖ គួន សំបូរ 07-12-2017 4:22 pm 918

គិតចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ។ប៉ុន្តែជាងពីរទសវត្សមកនេះ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ត្រូវបានភាគីប្រឆាំង និងភាគីរដ្ឋាភិបាលយល់ឃើញខុសគ្នា។បច្ចុប្បន្នក្រុមអ្នកប្រឆាំងនិងប្រទេសមួយចំនួន បានចោទប្រកាន់រាជរដ្ឋាភិបាលខ្មែរថា កំពុងដឹកនាំប្រទេសដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ ដោយសារតែរំលាយគណបក្សប្រឆាំង។ប៉ុន្តែរដ្ឋាភិបាល បានថ្លែងការពារចំណាត់ការរបស់ខ្លួនថា ជាការអនុវត្តច្បាប់ ហើយប្រជាធិបតេយ្យដូចក្រុមអ្នកប្រឆាំង អាចបង្កជាអនាធិបតេយ្យទៅវិញ។តើវាជាការពិតទេ?

គណបក្សសង្គ្រោះជាតិ ដែលខិតខំរួមបញ្ជូលគ្នា រវាងគណបក្សចំនួន ២ អស់រយៈពេលជាង ៥ឆ្នាំមក នោះ ត្រូវបានប្រកាសរំលាយ ដោយសាលដីការរបស់តុលាការកំពូល នៅវេលាម៉ោងប្រមាណជា ៥ល្ងាចកាលពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ ២០១៧។ការរំលាយនេះធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ក្រោយពីមានសាលដីការរំលាយ មានប្រតិកម្មផ្សេងៗ បានកើតឡើងជាបន្តបន្ទាប់ ដោយមួយចំនួនមានសុទិដ្ឋិនិយមថា ការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ គឺជាការសម្លាប់លទ្ធិប្រជាធិតេយ្យនៅកម្ពុជា។

តំណាងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលីនិងប្រទេសមួនចំនួនទៀត សុទ្ធសឹកតែបញ្ហានូវ ការព្រួយបារម្ភជុំវិញពីដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក្រោយរំលាយគណបក្សប្រឆាំង។ ប្រទេសទាំងនោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតលក្ខណៈប្រកួតប្រជែងនិងបានជំរុញឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងគឺលោកកឹម សុខាដែលត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារពីបទចោទប្រកាន់ពីអំពើក្បត់ជាតិ។

អាមេរិកដែលជាបងធំ កាន់លទ្ធិប្រជាធិបតេយ្យ បានចេញមុខមុនគេលុបជំនួយ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រកាសដាក់បំរាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមនឹងសមាជិកក្រុមគ្រួសារ ដើម្បីឆ្លើយតបដែលពួកគេធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែយ៉ាងណាការរំលាយគណបក្សប្រឆាំងនេះ ត្រូវបានភាគីកម្ពុជាថ្លែងការពារ។ក្រសួងការបរទេសកម្ពុជា បានពន្យល់ទៅមហាជន និងអន្តរជាតិថា រាល់ចំណាត់ការរបស់ស្ថាប័នកំពូលៗកម្ពុជា រួមមាន ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការទៅលើលោក កឹម សុខា និងគណបក្សប្រឆាំងនោះ គឺធ្វើឡើងដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ចំណាត់ការខាងលើនេះ ក៏ដើម្បីរក្សាការពារឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ហើយនិងជីវភាពសុខសាន្តរបស់ប្រជាជន។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន បានអះអាងថា អត់គណបក្សសង្រ្គោះជាតិ កម្ពុជានៅតែបន្តរក្សាបានលក្ខណៈពហុបក្សនៅក្នុងរដ្ឋសភា និងប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការប្រកាន់ខ្ជាប់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ជាមួយ និងគណបក្សនយោបាយជាច្រើន។លោកថា គណបក្សប្រឆាំង ធ្វើខុសនឹងច្បាប់ ដូច្នេះត្រូវតែរំលាយចោល។

ទំាងនេះជាការបកស្រាយរបស់ពាក់គីម្ខាងៗ ករណីនេះវាមិនមែនជារឿងចម្លែកឡើយសម្រាប់កម្ពុជា។គេសង្កេតឃើញថា គិតចាប់តាំងការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣មក ការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវបានអ្នកនយោបាយខ្មែរវាយតម្លៃខុសៗគ្នា។ជម្លោះនេះ អាចបណ្តាលមកពីអ្នកនយោបាយស្រឡាញ់ អំណាច និងក្រុមបក្សពួករៀងៗខ្លួន។ដូច្នេះចង់មិនចង់ អ្នកនយោបាយឈ្លោះគ្នា គ្មានឡើយពេលសម្រាប់អភិវឌ្ឍប្រទេសជាតិទេ ខណៈពលរដ្ឋខ្មែរកំពុងជួបការលំបាក។

ជាការពិត សង្គមប្រជាធិបតេយ្យ គឺជាសង្គមមួយដែលបានឲ្យតម្លៃទៅលើប្រជាជន។ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្រើប្រាស់សេរីភាព និងការបញ្ចេញមតិ ដោយគ្មានការគាបសង្កត់។ ប៉ុន្តែសិទ្ធិនេះ ត្រូវអនុវត្តទៅតាមច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់កម្ពុជាផងដែរ។ បើពលរដ្ឋប្រើប្រាស់សិទ្ធិមិនបានត្រឹមត្រូវ សង្គមប្រជាធិបតេយ្យនេះ នឹងបង្កជាសង្គមអនាធិបតេយ្យដូចជា៖ការបង្កជាអន្តិសុខ ស្ថេរភាពនយោបាយក្នុងប្រទេសជាដើម។

ជារួមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើពលរដ្ឋខ្មែរខ្លួនឯង ឈប់ឈ្លោះគ្នាជាពិសេស អ្នកនយោបាយបញ្ចប់ការប្រើយុទ្ធវិធីផ្តួលគ្នា តាមរយៈនយោបាយចាស់គំរិល និងឈប់យកប្រជាពលរដ្ឋមកធ្វើជាចំណាប់ខ្មាំង។សង្គមប្រជាធិបតេយ្យដែលល្អ មានតែការប្រកួតប្រជែងគ្នា ដោយប្រើប្រាស់នូវគោលនយោបាយជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍនប្រទេសជាតិ។មិនមែន យកពាក្សសម្តីមកវាយប្រហារ ជេរប្រមាថគ្នាដោយឥតប្រយោជន៍ និងបង្កជាជម្លោះរវាងខ្មែរនិងខ្មែរនោះទេ។

សូមបញ្ជាក់ថា ដើម្បីអនុវត្តប្រជាធិបតេយ្យទៅបាន លុះត្រាតែភាគីទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ និងការអនុវត្តដោយតម្លាភាព គ្មានការរើសអើង និងមិនប្រកាន់បក្សពួក។ប៉ុន្តែបើការអនុវត្តច្បាប់គ្មាន តម្លាភាព និងបង្កើតច្បាប់គ្រាន់តែការពារក្រុមនិងបក្សខ្លួនទេ ប្រជាធិបតេយ្យនឹងមិនអាចក្លាយទៅជា អនាធិបតេយ្យក៏ថាបាន៕ 

ព័ត៌មានផ្សេងទៀត