ក្រសួង​ពាណិជ្ជកម្ម​ដុត​កម្ទេច​ទំនិញ​ម្ហូបអាហារ​ខូច​គុណភាព​ជាង​៦​តោន​

ដោយ៖ គង់ ឧត្តម 07-12-2017 3:36 pm 256
កម្មវិធីដុតកម្ទេចម្ហូបអាហារខូចគុណភាព កាលពីរសៀល ម្សិលម៉ិញ ។ រូបថតពីក្រសួង ។

​ទំនិញ​ម្ហូបអាហារ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន​ជាង ៦​តោន ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល តាមរយៈ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ធ្វើការ​ដុត​កម្ទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីលាន​ចាក់​សំរាម ស្ថិតនៅក្នុង​ភូមិ​អូរ​កំបុត ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ នេះ​បើ​តាម​ព័ត៌មាន​ពី​ហ្វេ​សប៊ុក​ក្រសួង​ពាណិជ្ជកម្ម កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែ​ធ្នូ ។​

​ទំនិញ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ទាំងនោះ​រួមមាន ម្សៅ​ទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគ​បរិភោគ គ្រឿង​សមុទ្រ បន្លែ ជ្រក់ ប្រហិត សរុប​ចំនួន ៦,០៨០​តោន ។​

​ក្នុង​ពិធី​ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ខេត្ត ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ និង​នៅ​តាម​ហាង​ទំនិញ​មួយចំនួន​ទូទាំង​ខេត្ត ដោយ​បាន​ដកហូត​ទាន់​ពេលវេលា​នូវ​ទំនិញ​ប្រភេទ​ម្ហូបអាហារ​ដែល​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ដុត​កម្ទេច​ចោល ។​

​លោក​រដ្ឋមន្ត្រី ជម្រុះ​លើកទឹកចិត្ត​ដល់​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ឱ្យ​ពង្រឹង​សមត្ថភាព និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ បន្ថែម​ទៀត​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ ដើម្បី​បម្រើ​ការងារ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ចំណី​ហា​រ ធានា​ឱ្យបាន​នូវ​អនុ​លោក​ភាព​របស់​ទំនិញ​ទាំង​នាំចេញ និង​នាំចូល ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត