លោក​សម រង្ស៊ី​​ស្វាគមន៍​​និង​ជំរុញ​ឲ្យ​​លោក​ហ៊ុន សែន ​ប្តឹង​លោក​​ពីបទ​ក្បត់ជាតិ​​

ដោយ៖ ខាត់ សុធី 07-12-2017 3:18 pm 2059

​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ លោក​សម រង្ស៊ី បាន​រង​នូវ​បណ្តឹង​ថ្មី​មួយទៀត និង​អាច​និយាយបានថា ធ្ងន់ធ្ងរ​ជាង​បណ្តឹង​មុនៗ​។ ប្រមុខ​កងទ័ព​នៅថ្ងៃនេះ បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ ទៅកាន់​តុលាការ​កម្ពុជា ប្តឹង​លោក​សម រង្ស៊ី ដោយ​ចោទថា បាន​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ និង​ថា​អំពើ​នេះ ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខនៃរ​ដ្ឋ ដែលជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ម្សិលមិញ លោក​ហ៊ុន សែន បាន​ហៅ​លោក​សម រង្ស៊ី​ថា​អ្នកនយោបាយ ដែលមាន​ប្រវត្តិ​ក្បត់ជាតិ មិនមែន​ទើបតែ​ពេលនេះ​ទេ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ចោទប្រកាន់ថា អំពើ​មិន​ស្មោះត្រង់​នឹង​ក្បត់ជាតិ​នេះ​គឺ​បាន​កើតឡើង​តាំងពី​ជំនាន់​ឪពុក​របស់លោក​សម រង្ស៊ី​មកម្ល៉េះ​។​

លោក​សម រង្ស៊ី បាន​តបត​ពាក្យសម្តី នឹង​លោក​ហ៊ុន សែន ពី​ក្រៅប្រទេស​មក​ថា នេះ​ជាការ​គំរាម ចុងក្រោយ របស់លោក​ហ៊ុន សែន​។ លោក​សម រង្ស៊ី ប្រកាស​ស្វាគមន៍ ឲ្យ​លោក​ហ៊ុន សែន ប្តឹង​លោក​ពី​ការចោទប្រកាន់ថា "​ក្បត់ជាតិ​"​។ តែ​យ៉ាងណា លោក​សម រង្ស៊ី បកស្រាយ​ការអំពាវនាវ​របស់ខ្លួន​ទៅ​កងកម្លាំងប្រដាប់អាវុធ តាមរយៈ​ទំព័រ Facebook គឺ មាន​ខ្លឹមសា​រថា "​សូម​កងកម្លាំងប្រដាប់អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើតាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​"​។​

បើតាម​ការបញ្ជាក់​ពី​លោក​ប៉ុល សារឿន តំណាងឲ្យ​អគ្គមេបញ្ជាកា​រនៃ​កងយោធពលខេរភូមិន្ទ ជា​ដើមបណ្តឹង បាន​អះអាងថា កង​យោធពលខេមរភូមិន្ទ មិន​សុខចិត្ត​ចំពោះ​ការអំពាវនាវ​របស់ លោក​សម រង្ស៊ី ឡើយ​។ លោក​ថ្លែងថា ការអំពាវនាវ​នេះ បានធ្វើឱ្យ​ខុស​វិន័យ និង​លក្ខន្តិកៈ​កងទ័ព និង​រដ្ឋធម្មនុញ្ញ ហើយ​កងទ័ព​ត្រូវតែ​តស៊ូ​តាម​ផ្លូវច្បាប់ ចំពោះ​ករណីនេះ​។​

​គិត​មកដល់ពេលនេះ លោក​សម រង្ស៊ី បាន​រង​បណ្តឹង​រហូតដល់​ជិត​១០​បណ្តឹង​ឯណោះ ដែល​ប្តឹង​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​នៃ​គណបក្សកាន់អំណាច​។ បណ្តឹង​ចុងក្រោយ​នេះ គឺជា​បណ្តឹង​ទី​០៩​។​ក្នុងចំណោម​បណ្តឹង​ទាំងនោះ មួយចំនួន​បាន​កាត់ទោស​រួចរាល់​ដូចជា បណ្តឹង​របស់លោក​ហោ ណាំហុង អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បណ្តឹង​របស់លោក​ហេង សំរិន ប្រធានរដ្ឋសភា បណ្តឹង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រៅពី​បណ្តឹង​ខាងលើ ដែល​តុលាការ​បាន​កាត់ក្តី​រួច លោក សម រង្ស៊ី នៅជាប់​បណ្តឹង​មួយចំនួនទៀត ដែល​កំពុងតែ​ដំណើរ​នៅ​តុលាការ​នា​ពេលបច្ចុប្បន្ន​នេះ រួមមាន បណ្តឹង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា រួមទាំង​បណ្តឹង​ដែល​ប្តឹង​ដោយ ព្រះរាជអាជ្ញា​ផងដែរ​។​ឯ​បណ្តឹង​ចុងក្រោយ​បំផុត​នេះ គឺ​បណ្តឹង​របស់លោក​ប៉ុល សារឿន ដែល​តំណាងឲ្យ​កងទ័ព ហើយ​បណ្តឹង​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយពី​លោក​ហ៊ុន សែន និយាយ​ខ្លាំងៗ និង​ចាត់ទុក​ការអំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ថា​ជា​អំពើ​ក្បត់ជាតិ​៕ 

ព័ត៌មានផ្សេងទៀត