ចិន​៖​​សេចក្ដីសម្រេច​​របស់​UN​​មិនអាច​ដោះស្រាយ​​វិបត្ដិ​ក្រុម​​រ៉ូ​ហ៊ីង​យ៉ា​​បានទេ​

ដោយ៖ ពេញ ផេង 07-12-2017 3:17 pm 431
ក្រុមរ៉ូហ៊ីងយ៉ា​ដែលជម្លៀស​ខ្លួន

​ចិន​បានបញ្ជាក់​កាលពី​ថ្ងៃទី​០៦​ធ្នូ​ថា សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​បង្ហាញ​ពី​ការព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការរំលោភបំពាន​ធ្វើ​លើ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា មិនអាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​និង​ដោះស្រាយ​បញ្ហា​បានឡើយ​។​

​ក្រុង​ប៉េកាំង​បាន​បោះឆ្នោត​ប្រឆាំងនឹង​សេចក្ដីសម្រេច​នេះ នៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​នៅក្នុង​សេចក្ដីសម្រេច​លើកឡើងថា ការរំលោភបំពាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដូចជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​ដូច្នេះ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា សេចក្ដីសម្រេច​នេះ​នឹង​ក្លាយជា​វិបត្ដិ​ស្មុគស្មាញ ហើយ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កិច្ចព្រមព្រៀង​ដែល​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែស​បានចុះ​ជាមួយគ្នា​កាលពី​ខែវិច្ឆិកា​។​ជា​កិច្ចព្រមព្រៀង​នាំយក​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់មក​មី​យ៉ាន់​ម៉ា​វិញ​។​លោក​ថា​នេះ​មិនមែនជា​ប្រយោជន៍​សម្រាប់​បង់​ក្លា​ដែស សម្រាប់​មី​យ៉ាន់​ម៉ា និង​សម្រាប់​អន្ដរជាតិ​ឡើយ​។​

​ចិន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​បី ដែល​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ ដែល​ទទួលបាន​សំឡេងគាំទ្រ​៣៣​លើ​៤៧​នៃ​ប្រទេស​ជា​សមាជិក​។​សូមបញ្ជាក់ថា ដោយសារតែ​ការបង្ក្រាប​នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​ធ្វើឡើង​ដោយ​យោធា បាន​បង្ខំ​ឲ្យ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែស​៕

ព័ត៌មានផ្សេងទៀត