បណ្ដា​​​​ខេត្ត​​​នៅ​​​ភូមិ​​ភាគ​ឦ​សាន​​នៅ​តែ​​បន្ត​​លួច​​ចរាចរ​​នាំ​ចូល​​គ្រឿង​ញៀន​​

ដោយ៖ សេង បារាំង 07-12-2017 3:12 pm 159

​បណ្ដា​ខេត្ត​នៅ​ភូមិភាគឦ​សាន​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អះអាងថា នៅតែ​បន្តសកម្មភាព​លួច​ចរាចរ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ទោះបីជា​សមត្ថកិច្ច​បង្ក្រាប​ជាច្រើន​ករណី​ធំៗ និង​កាត់ផ្តាច់​ខ្សែរយៈ​ទាក់ទង​ជាច្រើន​ក៏ដោយ​។ 

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរៀបចំ​កិច្ចប្រជុំ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ​លោក កៅ ខុន​ដា​រ៉ា ប្រធានស្តីទី​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក​មាស វិរិ​ទ្ធិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា បណ្តាល​ខេត្ត​នៅតាម​ភូមិភាគឦ​សាន​នៃ​ប្រទេស​កម្ពុជា នៅតែ​បន្ត​ប្រឈម​សកម្មភាព​លួច​ចរាចរ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ទោះបីជា​មាន​ការបង្ក្រាប​ជាច្រើន​ករណី​ធំៗ និង​កាត់ផ្តាច់​ខ្សែរយៈ​ទាក់ទង​ជាច្រើន​ក៏ដោយ​។ 

​លោក​មាស វិរិ​ទ្ធ បាន​គូសបញ្ជាក់ថា ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ នៅតែ​ព្យាយាម​យក​ទឹកដី​កម្ពុជា ធ្វើជា​ប្រទេស​កែច្នៃ និង​ឆ្លងកាត់​គ្រឿងញៀន​ខុសច្បាប់ តាម​គ្រប់​រូបភាព គ្រប់​ច្រកចេញចូល​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​ប្រៃសណីយ៍​ជាដើម​។ លោក​បញ្ជាក់ទៀតថា សម្រាប់​ប្រទេស​កម្ពុជា​យើង នៅតែ​ប្រឈម​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​ញៀន​ថ្មី ស្ថិតនៅក្រោម​ត្រួតពិនិត្យ​។ ចំណុច​នេះ «​គ្រប់​បណ្តាល​ប្រទេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្រោម​ឆ័ត្រ អង្គការសហប្រជាជាតិ ហើយ​បញ្ហា​គ្រឿងញៀន​នេះ ជា​បញ្ហា​មួយ​ដែល​កើតឡើង​ដោយមាន​អង្គការ​ចាត់តាំង ដោយ​ក្រុម​ឧក្រិដ្ឋជន​»​។​

​គួរ​ជម្រាបជូន​ថា នៅ​រយៈពេល​៩​ខែ នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ សមត្ថកិច្ច​បង្ក្រាប​អ្នកប្រើប្រាស់​គ្រឿង​បាន​ចំនួន ២៤.៧៦១​នាក់ ក្នុងនោះ​អ្នកញៀន​ថ្នាំ​ចំនួន ១២.៤៩៩​នាក់ បាន​ទៅ​ទទួល​សេវា​ព្យាបាល នៅតាម​មណ្ឌល​សុខភាព​នានា និង​មាន ១២.២៦២​នាក់ មិនបាន​ទៅ​ទទួល​សេវា​ព្យាបាល នៅតាម​មណ្ឌល​សុខភាព​៕

ព័ត៌មានផ្សេងទៀត