រដ្ឋសភា​សម្រេច​ទទួល​ស្គាល់​តំណាងរាស្ត្រ និង​បេក្ខភាព​គជប​ថ្មី​ទាំង​១៩​រូប​

ដោយ៖ សៅ វិសាល 07-12-2017 11:10 am 1091

នៅ​ព្រឹក​ថ្ងៃទី​០៧ ធ្នូ​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី ១៦​រូប រួម​ទាំង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ អនុប្រធាន​-​សមាជិក​ថ្មី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ៣​រូប ដែល​ជំនួស​អ្នក​ដែល​បាន​លាលែង​។

តំណែង​អនុប្រធាន​-​សមាជិក គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គជប​)​ថ្មី ទាំង​៣​រូប ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត ជា​ផ្លូវកា​រហើយ នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ថ្ងៃ​ទី​០៧ ធ្នូ​នេះ​។​

លោក​នុត សុខុម មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ត្រូវបាន​រដ្ឋសភា​បោះឆ្នោត ក្នុង​តំណែង​ជា អនុប្រធាន​គ​.​ជ​.​ប ចំណែក​លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​ខ្មែរ និង លោក ឌឹ​ម សុ​វណ្ណា​រុំ មក​ពី​សាលាក្តី​ខ្មែរក្រហម ក៏​ត្រូវបាន​រដ្ឋសភា​ស​ម្រេច​បោះឆ្នោត ឲ្យធ្វើ​ជា​សមាជិក​គ​.​ជ​.​ប​ផងដែរ​។​

​នៅ​ថ្ងៃ​ជាមួយគ្នានេះ តំណាងរាស្ត្រ​ថ្មី​១៦​រូប ក៏​ត្រូវបាន​រដ្ឋសភា ប្រកាស​សុពលភាព និង​ធ្វើ​សច្ចាប្រណិធាន នៅ​មុខ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ មុន​ត្រូវ​បំពេញ​ការងារ​ជា​តំណាងរាស្ត្រ រហូតដល់​ចប់​អាណត្តិ​របស់​ខ្លួន​។ តំណាងរាស្ត្រ​ថ្មី​ទាំង​១៦​រូប រួមមាន ១១​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ការបែងចែក​អាសនៈ​ដោយ​គ​.​ជ​.​ប​, ៤​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​គ្នា ដែល​ជំនួស​សមាជិក​សភា​៤​រូប​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​លាលែង​ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​១​រូប​ទៀត មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លាលែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​គ​.​ជ​.​ប​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត