ការបិទ​​ទិដ្ឋា​ការ​ធ្វើ​ឱ្យ​​ទំនាក់​​ទំនង​​​កម្ពុជា​​​-​អាមេរិក​​​កាន់​​តែ​​អា​ក្រក់​​​​​

ដោយ៖ សេង បារាំង 07-12-2017 11:01 am 5841

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការដាក់​បំរាម​ទិដ្ឋាការ និង​វី​សា របស់​សហរដ្ឋអាមេរិក មកលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អា​មរិក និង​កម្ពុជា​ថែមទៀត​។ 

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ប្រកាស​ដាក់​បំរាម​ទិដ្ឋាកា​រលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើឱ្យ​ខូច​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជាពិសេស «​ដាក់​បំរាម​មិនឱ្យ​ចូល​សហរដ្ឋអាមេរិក នូវ​ជន​ទាំងឡាយណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជ‍ា​»​។ ក្នុងនោះ​ក៏មាន​សមាជិក​ក្រុមគ្រួសារ​របស់​មន្ត្រី​រដ្ឋាភិបាល ក៏​នឹងត្រូវ​ហាមឃាត់​មិន​ផ្តល់​ទិដ្ឋាការ​ជូន​ផងដែរ​។ 

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ឆ្លើយតប​នូវ​ការដាក់​បំរាម​របស់​ស​ហ​រដ្ឋ​អាមេរិក មិនឱ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចូលទៅ​សហរដ្ឋអាមេរិក​បែបនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អា​មរិក និង​កម្ពុជា​ថែមទៀត​។ លោក ផៃ ស៊ី​ផាន បញ្ជាក់ថា កម្ពុជា​មិនអាច​ធ្វើតាម​ការចង់បាន​របស់​សហរដ្ឋអាមេរិក​ឡើយ​..............

​សំឡេង​៖

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា ប្រសិនបើ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ អាមេរិក​មិន​ទទួលស្គាល់ អាមេរិក គឺជា​អ្នក​បំផ្លាញ​លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​កម្ពុជា​។ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​ធ្វើតាម​លក្ខខណ្ឌ​របស់​អាមេរិក ដែល​ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្ដីសម្រេច​រំលាយ​គណ​បក្សប្រឆាំង ដោះលែង​លោក កឹម សុខា ជាដាច់ខាត​។​

​សូមបញ្ជាក់ថា ការប្រកាស​បិទ​ទិដ្ឋាការ ឬ វី​សា ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាថ្មី របស់​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​នៅល្ងាចថ្ងៃ​ពុធ គឺ​ដោយសារ​អាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រព្រឹត្ត​ផ្ទុយទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង ដូចជា​ការហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន មិនឲ្យ​ចូលរួម​ធ្វើ​នយោបាយ ការចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ការ​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មួយចំនួន​។​

​ជាមួយគ្នានេះ សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​លើ​ចំណាត់ការ​របស់ខ្លួន​ដោយ​ត្រូវ​លុបចោល​សេចក្ដីសម្រេច​រំលាយ​គណ​បក្សប្រឆាំង ដោះលែង​លោក កឹម សុខា និង អនុញ្ញាតឲ្យ​អង្គការស​ង្គ​ម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បន្តសកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ឡើងវិញ​។ អាមេរិក​បានដាក់​លក្ខ​ខណ្ឌ​ថា បើ​រដ្ឋាភិបាល​កម្ពុជា ចាត់ការ​តាម​ការអំពាវនាវ​ខាងលើនេះ នោះ​សហរដ្ឋអាមេរិក នឹង​ដក​បម្រាម​ក្នុង​ការធ្វើដំណើរ​នេះ​ចេញ​វិញ ហើយ​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨ ខាងមុខ​អាច​នឹងត្រូវ​បានទទួល​ស្គាល់​ថា មាន​ភាពស្របច្បាប់​៕​

ព័ត៌មានផ្សេងទៀត