វិធី​ដាំ​ស្ពៃក្តោប​បូកគោ​នៅក្នុង​ផើង

ដោយ៖ គង់ ឧត្តម 07-12-2017 10:40 am 1707

​ស្ពៃក្តោប​បូកគោ​ជា​ប្រភេទ​ដំណាំ ដែល​ត្រូវការ​អាកាសធាតុ​ត្រជាក់​ជាង​ដំណាំ​ស្ពៃ​ដទៃទៀត ។ ដំណាំ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ចិន ។ ស្ពៃក្តោប​បូកគោ ជា​ដំណាំ​យក​ស្លឹក ។ ដំណាំ​ស្ពៃ​នេះ អាច​លូតលាស់​បានល្អ នៅក្នុង​អាកាសធាតុ​ត្រជាក់​បង្គួរ ជាពិសេស​សីតុណ្ហភាព​ដែល​សមស្រប​សម្រាប់​វា គឺ ពី​១២ ទៅ ២២ អង្សា ។ ចំណែក​ឯ​ដី​ដែល​មាន​ល្អ​សម្រាប់​ការដាំដុះ គឺ​ដី​ដែល​សំបូរ​ជីជាតិ​សរីរាង្គ ពិសេស​គឺ​ដី​ដែល​គ្មាន​ជាតិ​ជូរ និង​ប្រៃ ។ 

​មុន​ដាំ​ដុះ​៖
- ទិញ​គ្រាប់ពូជ​ស្ពៃក្តោប​ដែល​អ្នក​ចង់​ដាំ ។ គ្រាប់ពូជ អាច​រក​បាន​នៅ​តាម​ផ្សារ​កសិកម្ម​នានា ។​
- ត្រៀម​ផើង​ដំណាំ​ដែល​មាន​រង្វង់​មាត់​ធំ ឬ​ធុង​ស្នោ​ក៏បាន​
- ដី​មាន​ជីជាតិ ដី​លាយ​ល្បាយ​លាមក​សត្វ​ស្ងួត ឬ​ជីកំប៉ុស្ត​

​ការ​សាប​កូន​៖
- រៀបចំ​ថ្នាល នៅក្នុង​ធុង​ស្នោ ដែល​មាន​ដី​មាន​ជីជាតិ​ល្អ មាន​លាយ​ល្បាយ​ជី​លាមក​គោ ឬ​ជីកំប៉ុស្ត និង​កម្ទេច​ស្លឹកឈើ​ងាប់ រួច​ស្រោច​ទឹក​ឱ្យ​ជោគ និង​ទុក​ដី​ហោល​ចោល​រយៈពេល​៧​ថ្ងៃ​
- មុន​យក​គ្រាប់​ពូជ​ទៅ​សាប គួរ​យក​គ្រាប់​ពូជ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ រយៈពេល​២៥​នាទី ដើម្បី​ជួយ​ធ្វើឱ្យ​គ្រាប់​ឆាប់​ដុះ​
- រោយ​គ្រាប់ពូជ​ខាត់ណា​នៅ​នឹង​ថ្នាល ហើយ​រោយ​ដី​ពី​លើ​ថើៗ បន្ទាប់មក យក​កំណាត់​កំបើង​កាត់​ខ្លីៗ ម​ករោយ​ពី​លើ ហើយ​ស្រោច​ទឹក​
- ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ព្រឹក​ម្តង ល្ងាច​ម្តង​
- ត្រូវ​សម្អាត​ស្មៅ​ដែល​ដុះ នៅក្នុង​ថ្នាល​ចេញ 
- ក្រោយ​សាប​រយៈពេល ៣ - ៤ អាទិត្យ កូន​ស្ពៃ​មាន​ស្លឹក​ពី ៤ ទៅ ៨ សន្លឹក យើង​អាច​ដក​យក​ទៅ​ស្ទូង​បាន​ហើយ​

​ការដាំដុះ​៖
-  មុនដ​កកូន​ស្ពៃក្តោប​បូកគោ​មក​ដាំ ត្រូវ​ស្រោច​ទឹក​ក្នុង​ថ្នាល​ឱ្យ​ជោគ​រយៈពេល​កន្លះ​ម៉ោង ដើម្បី​ការពារ​កុំ​ឱ្យ​កូន​ខាត់ណា ដាច់​ឫស​
- ចាក់​ដី​ដែល​មាន​លាយ​ជីលា​មក​សត្វ​ស្ងួត ឬ​លាយ​ជីកំប៉ុស្ត ចូល​ក្នុង​ផើង​ដំណាំ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​
- ដក​យក​កូន​ស្ពៃក្តោប​បូកគោ​ដែល​ថ្លោសៗ​ល្អ មក​ស្ទូង​ក្នុង​ផើង​ដំណាំ រួច​យក​កំណាត់​ចំបើង​ខ្លីៗ មក​រោយ​គ្រប​តាម​គល់​ដំណាំ ដើម្បី​ការពារ​សំណើម​ដី និង​សម្ពាធ​គ្រាប់​ភ្លៀង​ពេល​មាន​ភ្លៀង​ធ្លាក់​
- ការ​ស្ទូង​កូន​គួរ​ធ្វើឡើង​នៅពេល​ល្ងាច ត្រជាក់ ដើម្បី​កុំឱ្យ​អន់​ដើម​នៅ​ពេល​ត្រូវ​កម្តៅថ្ងៃ​
- ចន្លោះ​ពី​គុម្ព មួយ​ទៅ​គុម្ព​មួយ ត្រូវ​មាន​ប្រវែង​ប្រមាណ ៣​តឹក​

​ការថែទាំ​៖
- ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ក្រោយ​ស្ទូង​បាន​រយៈពេល​៣​ថ្ងៃ (​ករណី​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រូវ​ស្រោច​ទឹក មួយថ្ងៃ​៣​ដង ព្រឹក ថ្ងៃត្រង់ និង​ល្ងាច​)
- បើ​នៅ​រដូវភ្លៀង​ធ្លាក់ ត្រូវ​ក្រោក​ស្រោច​ទឹក​ពី​ព្រលឹម​ឡើង ដើម្បី​លាង​ទឹកភ្លៀង​ចេញ ព្រោះ​ទឹកភ្លៀង​អាច​ធ្វើ​ឱ្យ​កូន​ដំណាំ​រលួយ​
- ត្រូវ​ឧស្សាហ៍​ដក​ស្មៅ ជ្រុំ​ដី​

​ការប្រមូល​ផល​៖
- ស្ពៃក្តោប​បូកគោ នឹង​ផ្តល់​ផល​ក្រោយ​ស្ទូង ក្នុង​រយៈពេល ៥០ - ១០០ ថ្ងៃ ទៅ​តាម​ប្រភេទ​ពូជ ។​

(រៀបរៀងដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត