លោកពូ​ទីន​​អាច​ឈ្នះ​​តំណែង​​ប្រធានាធិបតី​​រុស្ស៊ី​បន្ដទៀត​​ក្នុង​ការបោះឆ្នោត​​ឆ្នាំ​២០១៨

ដោយ៖ ពេញ ផេង 07-12-2017 10:39 am 268
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​នៅ​ខែ​មីនាឆ្នាំ​២០១៨​។​លោកពូ​ទីន​បានប្រកាស​ដូច្នេះ នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​នៅ​ភាគ​ខាងលិច​ប្រទេស​កាលពី​ថ្ងៃ​ពុធ​។​នៅពេល​មាន​សំណួរ​សាកសួរ​ពី​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត លោកពូ​ទីន​ឆ្លើយថា​លោក​នឹងដាក់​បេក្ខភាព​របស់លោក សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​រុស្ស៊ី​បន្ដទៀត​។​

​ការបោះឆ្នោត​ប្រធានាធិបតី​គ្រោង​ធ្វើ​នៅ​ខែ​មីនាឆ្នាំ​២០១៨ ត្រូវបាន​គេ​មើលឃើញថា​លោកពូ​ទីន​អាចនឹងទទួល​បាន​ជោគជ័យ​ទៀតហើយ​។​លោក​នៅតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​រហូតដល់​៨០​ភាគរយ ហើយ​គ្មាន​ដៃគូ​ប្រជែង​ណាមួយ​សង្ឃឹម​យកឈ្នះ​លោក​ទេ​។​

​លោកពូ​ទីន​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​លើកដំបូង​ក្នុង​ឆ្នាំ​២០០០​។​ប្រសិនបើ​លោក​ឈ្នះ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ទៀត នោះ​ជា​អាណត្ដិ​ទីបួន​របស់លោក​ហើយ ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤៕

ព័ត៌មានផ្សេងទៀត