ធនាគារជាតិ ចេញ​សេចក្តីប្រកាស​​ហាម​ធ្វើ​​ប្រតិបត្តិការ​​លុយ​អេឡិចត្រូនិក​​នៅ​កម្ពុជា​​

07-12-2017 10:32 am

​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់​ទៅដល់​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ហាម​ធ្វើ​ប្រតិបត្តិ​ការពាក់ព័ន្ធ នឹង​ការ​ចរាចរ រូបិយវត្ថុ Crypto (​លុយ​អេឡិចត្រូនិក​)​។ 

​ការចេញ​សេចក្ដីប្រកាស​របស់​ធនា​គារ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​ពិនិត្យឃើញថា បច្ចុប្បន្ននេះ មានការ​ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto ដែលជា​ពពួក Bitcoin និង​ឧបករណ៍​អេឡិចត្រូនិក​ប្រហាក់ប្រហែល​។ ធនាគារជាតិ បញ្ជាក់ថា ការ​ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ ទាំងនេះ គឺ​មិន​ត្រូវបាន​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នោះឡើយ​។​

សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១៧​នេះ បានឲ្យដឹងថា ការផ្សព្វផ្សាយ និង​ការធ្វើ​ប្រតិបត្តិការ​ទាំងនេះ អាច​ផ្ដល់​ហា​នី​ភ័យ​ដល់​សារ​ធា​រណ​ជន និង​ជា​មធ្យោបាយ​សម្រាប់ ការសម្អាត​ប្រាក់​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ទីផ្សារងងឹត ដោយសារតែ​អ្នកប្រើប្រាស់ និង​វិនិយោគ​មួយចំនួន​មិនមាន​ការយល់ដឹង​ពី​រូបិយវត្ថុ​នេះ​នៅឡើយ​ទេ ដែល​ងាយ​រង​ការ​ឆបោក​ផ្សេងៗ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ព្រមាន​ថា ប្រសិនបើ​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ណា មួយ​លើ្មស​នឹង​សេចក្តីណែនាំ​នេះ នឹង​ទទួលរង​ទណ្ឌកម្ម​តាមច្បាប់​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត