ជាង​​១០​​ឆ្នាំ​​អាជ្ញាធរ​​រក​ឃើញ​​ជន​អន្តោប្រវេសន៍​​វៀតណាម​​រស់​នៅ​​កម្ពុជា​​ច្រើន​ជាង​គេ​

ដោយ៖ ធុច ធារ៉ា 07-12-2017 10:15 am 324

​លោក​សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​អះអាងថា កាលពី​ឆ្នាំ​២០០២​មាន​ជនបរទេស​មក​រស់នៅ​កម្ពុជា​២០​សញ្ជាតិ និង​មាន​ចំនួន​៧០,០១២​នាក់ ហើយ​ចាប់ពី​ឆ្នាំ​២០០២ ដល់​២០១៥ មាន​ការកើនឡើង​ប្រមាណ​២០​ម៉ឺន​នាក់ តែ​ច្រើនជាងគេ គឺ​ជនជាតិ​វៀតណាម​។​

​លោក​សុខ ផល​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ខែតុលា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន និង​បណ្តេញចេញ​ជនបរទេស​ចំនួន​១៣,៩៥៤​នាក់ (​ស្រី ២,០២៤​នាក់​) មាន​៨៥​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​ចំនួន​១០,៨៩២​នាក់ (​ស្រី ២.០២៤​នាក់​)​។ ដោយឡែក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​រកឃើញ​ពលករ​បរទេស​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​៧,៥៦៣​នាក់​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​សុខ ផល បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការលុបចោល ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់​នៅ​ថ្ងៃទី​០៦ ធ្នូ​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​៕


ព័ត៌មានផ្សេងទៀត