គ​.​ជ​.​ប​​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ សម្រាប់​វាយបក​ព័ត៌មាន​ដែល​បង្ខូច​កិត្តិយស​​គ​.​ជ​.​ប

ដោយ៖ អ៊ុន សុខឡា 07-12-2017 10:08 am 155
លោកស៊ិក​ ប៊ុនហុកប្រធានគ.ជ.ប

​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់ គ​.​ជ​.​ប​នេះ មាន​សមាសភាព​ចំនួន​៧​នាក់ ដែល​នៅ​ក្នុងនោះ លោក​សោម សូ​រី​ដា​អគ្គលេខាធិការរង​គ​.​ជ​.​ប​ជា​ប្រធាន លោក​ឡេង សុជា​ទីប្រឹក្សា​របស់​ប្រធាន គ​.​ជ​.​ប ជា​អនុប្រធាន និង​សមាជិក​ចំនួន​៥​នាក់​ផ្សេងទៀត សុទ្ធសឹងតែ​ជា​ប្រធាន​និង​អនុប្រធាន នៅក្នុង​នាយកដ្ឋាន​ជំនាញ​របស់ គ​.​ជ​.​ប​។ ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ បង្កើតឡើង ដើម្បី​ជួយ​ការងារ​ប្រធាន​គ​.​ជ​.​ប​ផង​និង​គ​.​ជ​.​ប​ទាំងមូល​ផង​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប​។​

​នៅក្នុង​សេចក្តីសម្រេច​ដដែល បញ្ជាក់ថា តួនាទី​និង​ភារកិច្ច​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ រួមមាន ការប្រមូល​ព័ត៌មាន ដែល​ចុះផ្សាយ​ជា​សាធារណៈ ដែលមាន​ចរិកលក្ខណៈ​បង្ខូចកិត្តិ​យស គ​.​ជ​.​ប ធ្វើឲ្យមាន​ការយល់ច្រឡំ បំភ័ន្ត​សាធារណៈមតិ ដែល​ធ្វើឲ្យមាន​ការមិនទុក​ចិត្ត លើ​ស្ថាប័ន​ជា​តិគ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ​។ ក្រុម​ប្រតិកម្ម​នេះ ក៏មាន​តួនាទី​ឆ្លើយបំភ្លឺ ជា​លាយ​ល័ក្ខណ៍​អក្សរ ក្នុងករណី​ពិនិត្យឃើញ ការផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​គ​.​ជ​.​ប​ផងដែរ​។ បន្ថែម​លើ​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​ដែលជា​សេនាធិការ​របស់​ប្រធាន​គ​.​ជ​.​ប ត្រូវ​រាយ​ការជូន​ប្រធាន​គ​.​ជ​.​ប​ជាបន្ទាន់ ពី​ចំណុច​អវិជ្ជមាន ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត ដែល​ទទួលបាន​ពី​សាធារណជន​។ ក្រុម​ប្រតិកម្ម​ព័ត៌មាន​នេះ មាន​តួនាទី​ដាច់ដោយឡែក​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប តែ​ត្រូវ​សហការ​ផ្តល់ព័ត៌មាន​ឲ្យទៅ​អ្នកនាំពាក្យ គ​.​ជ​.​ប​ផងដែរ​។ 

​គួរ​កត់សំគាល់ថា ការសម្រេច​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន គ​.​ជ​.​ប នេះ ធ្វើឡើង​បន្ទាប់ពី​មួយរយៈ​ចុង ក្រោយនេះ មានការ​វាយបក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​អតីត​សមាជិក គ​.​ជ​.​ប មកពី​គណបក្ស សង្គ្រោះ​ជាតិ ដែល​បាន​រិះគន់​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ថា គ្មាន​តម្លាភាព និង​យុត្តិធម៌​ មិនអាច​ធានា​ការបោះឆ្នោតជាតិ​សំខាន់ៗ​ខាងមុខនេះ​ទេ។ មិនអាចធានាបាន ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ បន្ទាប់ពី​សមាជិក គ​.​ជ​.​ប ដែល​មកពី អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាលែង​ពី​តំណែង​និង​តួនាទី ហើយ​បុគ្គលិក​ដែល​បម្រើ​ការងារ នៅក្នុង​ស្ថាប័ន​បោះឆ្នោត​មួយ​នេះ គឺ​សុទ្ធតែ​មកពី​គណបក្សកាន់អំណាច​៕

ព័ត៌មានផ្សេងទៀត