លោក​ដូណាល់ ត្រាំ​​ប្រកាស​​ទទួលស្គាល់​​តំបន់​ជេ​រ៉ូ​សាឡឹម​​ជា​របស់​អ៊ីស្រាអែល​​ហើយ​

ដោយ៖ ពេញ ផេង 07-12-2017 9:17 am 170
ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានប្រកាសថា អាមេរិក​ពេលនេះ​ទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល​ហើយ​។​ការប្រកាស​បែបនេះ​បាន​ធ្វើឡើង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ ដែល​ហាក់​ផ្ទុយ​ពី​គោលនយោបាយ​ផ្លូវការ​របស់​អាមេរិក ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​។​លោក​ត្រាំ​បាន​រៀបរាប់​ពី​ការផ្លាស់ប្ដូរ​នេះ​ថា ជា​ជំហាន​មួយ​ដើម្បី​ជំរុញ​ដំណើរការ​សន្ដិភាព​នៅ​មជ្ឈិម​បូព៌ា​។​

​អ៊ីស្រាអែល​បាន​​​ហៅ​ការសម្រេចចិត្ដ​របស់​លោក​ត្រាំថា ជា​ការផ្លាស់ប្ដូរ​ក្នុង​ប្រវត្ដិសាស្ដ្រ ប៉ុន្ដែ​ត្រូវ​អន្ដរជាតិ​ពិសេស​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​រិះគន់​យ៉ាង​ចាស់ដៃ​។​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន​លោក​Mahmoud Abbas​បានចាត់ទុក​ការ​សម្រេចចិត្ដនេះ ជា​ទង្វើ​គួរឲ្យ​ស្អប់ខ្ពើម​បំផុត​។​អាមេរិក​មិនអាច​ធ្វើជា​អ្នកជំរុញ​សន្ដិភាព​ទៀត​ទេ​។​

ប្រទេស​ចំនួន​៨​ក្នុងចំណោម​១៥​ប្រទេស ជា​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​បើ​កកិច្ចប្រជុំ​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​។​យ៉ាងណាក៏ដោយ​លោក​ត្រាំ​ថា អាមេរិក​នៅតែ​គាំទ្រ​ឲ្យមាន​ដំណោះស្រាយ​បញ្ចប់​ជម្លោះរ​វាង​រដ្ឋ​ទាំងពីរ​អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន​។​

​អ៊ីស្រាអែល​បាន​អះអាង​យក​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​គេ ប៉ុន្ដែ​ក្រុម​ប៉ាឡេ​ស្ទីន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល ក៏​អះអាងថា​ក្រុង​ជេ​រ៉ូ​សាឡឹម​ខាងកើត ជា​រដ្ឋធានី​នៃ​រដ្ឋ​នាពេល​អនាគត​របស់គេ​ដែរ​៕

​    ​

ព័ត៌មានផ្សេងទៀត