មន្ទីរពិសោធន៍​រក​ធាតុគីមី​និង​ជាតិពុល​ក្នុង​អាហារ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ​

ដោយ៖ Vayofm Teams 06-12-2017 5:18 pm 2301

​អគារ​មន្ទីរពិសោធន៍​ខ្នាត​តូច​ដ៏​ថ្មីស្រឡាង ដែល​មាន​សមត្ថភាព​ត្រួតពិនិត្យ និង​វិភាគ​គំរូ​ផលិតផល​ម្ហូបអាហារ ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ជាតិពុល​ផ្សេងៗ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​មាន​វត្តមាន​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង ថ្នាក់ដឹកនាំ​ជាច្រើនរូប​។​នេះ​បើ​តាម​ការចុះផ្សាយ​ពត៌មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​។​

​នា​ឱកាស​នោះ លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា មន្ទីរពិសោធន៍​ថ្មី​នេះ នឹង​រួមចំណែក​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​ការវិភាគ​ទំនិញ និង​ផលិតផល​ម្ហូបអាហារ នៅ​តាម​ច្រកព្រំដែន និង​ទីផ្សារ ដើម្បី​ការពារ​សុខមាលភាព​អ្នកប្រើប្រាស់ និង​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច តាមរយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា មន្ទីរពិសោធន៍​នេះ នឹង​អនុញ្ញាត​ឱ្យ​មន្ត្រី​កាំកុងត្រូល អាច​ធ្វើ​ការដកហូត​ទំនិញ​ខូច​គុណភាព ឬ​ទប់ស្កាត់​មិន​ឱ្យ​ធ្វើចរាចរ​នៅលើ​ទីផ្សារ​បាន​ទាន់ពេលវេលា ដោយ​មិនបាច់​បញ្ជូន​គំរូ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​ភ្នំពេញ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ទៀតឡើយ​។ លើសពីនេះ មន្ត្រី​កាំកុងត្រូល ក៏​អាច​បើក​ការស្រាវជ្រាវ​លើ​ករណី​ពុល​អាហារ​ដែល​កើតឡើង​ភ្លាមៗ ប្រកបដោយ​ប្រសិទ្ធភាព​។​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​កាំកុងត្រូល ធ្វើការ​ពង្រឹងសមត្ថភាព និង​ដកស្រង់​បទពិសោធន៍​ថ្មីៗ​បន្ថែម​ពី​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​បម្រើ​ការងារ​ត្រួតពិនិត្យ​សុវត្ថិភាព គុណភាព​ចំណីអាហារ ធានាបាន​នូវ​អនុលោមភាព​របស់​ទំនិញ​នាំចេញ​-​នាំចូល​។

គួរ​រំលឹក​ដែរ​ថា តាមរយៈ​ការដាក់​ឱ្យ​អនុវត្ត​នូវ​ថវិកា​កម្មវិធី នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​អនុវត្តន៍​គម្រោង​កសាង​មន្ទីរពិសោធន៍​ខ្នាត​តូច​ចំនួន​បី នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ កាលពី​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន បាន​កំពុង​កសាង​មន្ទីរពិសោធន៍​ខ្នាត​តូច​ចំនួន​បី​ទៀត នៅក្នុង​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ ដើម្បី​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​៕

ដោយ​៖​ប៉ា សុ​ខេង

ព័ត៌មានផ្សេងទៀត