វៀតណាម​ចំណាយ​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជួសជុល​ស្តូប​មិត្តភាព​ទាំង​១៧​នៅ​កម្ពុជា​

ដោយ៖ គង់ ឧត្តម 06-12-2017 4:47 pm 12924
(រូបភាពឯកសារ) ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសួនច្បារដំរីជាន់ខ្លាក្នុងខេត្តកំពង់ធំ កាលពីអំឡុងដើមឆ្នាំ២០១៧ ។ រូបថតពី fn ។

​វៀតណាម​ចំណាយ​ថវិកា​អស់ ៧,៨​លាន​ដុល្លារ​អាមេរិក ក្នុងការជួសជុល និង​ស្តារឡើងវិញ​នូវ​ស្តូប​មិត្តភាព កម្ពុជា​-​វៀតណាម​នៅ​កម្ពុជា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​នេះ ។ នេះ​បើ​តាម​សារព័ត៌មាន Vietnamnews ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ។​

​គម្រោង​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ទាំង​១៧ នៅក្នុង​ទឹកដី​កម្ពុជា​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ត្រីមាស​ឆ្នាំ​២០១៨ ។​

​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​នៃរ​ណ​សិរ្ស​សាមគ្គី ដើម្បី​អភិវឌ្ឍ​មាតិភូមិ​កម្ពុជា លោក ញឹម វ​ល្លី (Nhem Valy) បាន​មានប្រសាសន៍ថា ស្តូប​មិត្តភាព​ទាំងនេះ មិន​ត្រឹមតែ​ជាការ​ឧទ្ទិស​ដល់​ប្រជាជន​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត ដើម្បី​រំដោះ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​មិត្តភាព​រវាង​ប្រទេសជាតិ​ទាំងពីរ ។​

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម លោក ឡេ ជាម (Lé Chie’m) ថ្លែងថា ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​មាន​នៅ​លើ​ទឹកដី​កម្ពុជា មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ។ វា​ជា​និមិត្តរូប​នៃ​សាមគ្គីភាព ភាពក្លាហាន និង​ការលះបង់​នៃ​ប្រជាជន​និង​កងទ័ពរបស់​ប្រទេស​ទាំង​ពីរ ។​

​សារព័ត៌មាន​ដដែល​បានបញ្ជាក់​ថា ភាគី​កម្ពុជា​-​វៀតណាម ព្រមព្រៀងគ្នា ថា​នឹង​បង្កើន​ស្តូប​មិត្តភាព​នេះ ឱ្យ​កើតមានឡើង​បន្តទៀត នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ ដែល​កងទ័ព​និង​ប្រជាជន​ទាំង​ពីរ​ភាគី​ធ្លាប់បាន​ចូលរួម​ប្រយុទ្ធ តែ​មិន​ទាន់​មាន​ស្តូប​នៅឡើយ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត