គម្រោង​អាមេរិក​បញ្ជូនពលរដ្ឋខ្មែរ​រស់ក្រោយ​ឆ្នាំ១៩៩៤មកវិញ​ ត្រូវកម្ពុជា​ចាត់ទុកជារឿង​អកុសល​

ដោយ៖ គួន សំបូរ 06-12-2017 3:51 pm 3469
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករកន្លងទៅ។

សហរដ្ឋអាមេរិក បានស្នើដល់ភាគីប្រទេសកម្ពុជា ទទួលយកពលរដ្ឋខ្លួនដែលរស់នៅក្នុងទឹកដីអាមេរិកក្រោយឆ្នាំ១៩៩៤ មកទឹកដីកំណើតពួកគេមកវិញ។លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា នេះជាអំពើអកុសលមួយសម្រាប់កម្ពុជា។តែយ៉ាងណា លោកបានបញ្ជាដល់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរៀបចំព្រមព្រៀងជាមួយអាមេរិក ដើម្បីទទួលយកពលរដ្ឋខ្មែរដែលអាមេរិកកាំងបញ្ជូនមកវិញ។ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស បង្ហាញកង្វល់ចំពោះបញ្ហានេះ ដោយចាត់ទុកថា វានឹងអាចមានផលពិបាក ចំពោះអ្នកដែលត្រូវធ្វើបត្យាប័នត្រឡប់មកវិញ។ 

កន្លងមកសហរដ្ឋអាមេរិក ការចាប់បញ្ជូនពលរដ្ឋដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិកមកកម្ពុជាវិញ។ប៉ុន្តែពេលនេះ សហរដ្ឋអាមេរិក បានស្នើដល់ភាគីកម្ពុជាទទួលយកជនជាតិខ្មែរ ដែលរស់នៅលើទឹកដីអាមេរិកក្រោយឆ្នាំ១៩៩៤ មករស់នៅកម្ពុជាបន្ថែមទៀត។នេះជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០៦ ខែធ្នូនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា នេះជារឿងអកុសលសម្រាប់កម្ពុជា។តែយ៉ាងណាលោកថា រាជរដ្ឋាភិបាលកម្ពុជានឹងទទួលយកពលរដ្ឋខ្មែរទាំងអស់នោះ ព្រោះពួកគេជាជនជាតិខ្មែរដូចយើងដែរ។

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរៀបចំព្រមព្រៀង ដើម្បីទទួលយកពលរដ្ឋខ្មែរដែលអាមេរិកកាំងបញ្ជូនមកវិញ ហើយលោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការទៅរស់នៅអាមេរិក…

សំឡេងលោកហ៊ុន សែន៖

តែយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យសហរដ្ឋអាមេរិកព្យាបាលជំងឺ ដល់ពលរដ្ឋខ្មែរជាមុន មុននឹងបញ្ជូនត្រូវត្រឡប់មកកម្ពុជា ហើយលោកក៏បានស្នើទូតអាមេរិក ប្រចាំកម្ពុជាបញ្ជូនសារនេះទៅរដ្ឋធានីវ៉ាស៊ីនតោន។ជាមួយគ្នានេះ លោកស្នើឲ្យអាមេរិកអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ រវាងប្រទេសទាំងពីរ និងសូមឲ្យអាមេរិក ផ្តល់ការផ្គត់ផ្គង់ និងការឧបត្ថម្ភខ្លះ ដល់អ្នកទាំងនោះថែមទៀត។

លោកផៃ ស៊ីផាន អ្នកនាំរាជរដ្ឋាភិបាលកម្ពុជា បានហៅករណីខាងលើជាវិធានការថ្មីរបស់អាមេរិកកាំង តែលោកសុំមិនធ្វើអធិប្បាយចំពោះករណីនេះទេ។បើតាមលោកផៃ ស៊ីផាន បានគូសបញ្ជាក់ថា សព្វថ្ងៃការងារនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កំពុងរៀបចំច្បាប់និងកិច្ចព្រមព្រៀងលើករណីនេះ។

វិទ្យុវាយោមិនអាចសុំព័ត៌មានលំអិត ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សន្ទរីបានទេនៅពេលនេះ។

អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស បង្ហាញកង្វល់ចំពោះគោលនយោបាយនេះ ដោយចាត់ទុកថា វានឹងអាចមានផលពិបាក ចំពោះអ្នកដែលត្រូវធ្វើបត្យាប័នត្រឡប់មកវិញ ហើយថ្ងៃក្រោយអ្នកទាំងនោះ គ្មានសិទ្ធិចូលទឹកដីអាមេរិកបានទៀត។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ បង្ហាញការសោកស្ដាយចំពោះសេចក្ដីសម្រេចនេះ។ លើសពីនេះទៀត លោកចង់ឃើញកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក និងកម្ពុជា ផ្ដល់សិទ្ធិឲ្យបានទូលាយសម្រាប់ពលរដ្ឋកម្ពុជា។ លោកបន្ថែមថា បើសិនជាប្រជាពលរដ្ឋទាំងអស់នោះ នៅលើទឹកដីអាមេរិកស្របច្បាប់ ហើយអាមេរិកបញ្ជូនមក វាជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។តែបើខុសច្បាប់ រដ្ឋាភិបាលទាំងពីរគួរចរចាគ្នា ដើម្បីដោះស្រាយ…

សំឡេងលោក អំ សំអាត៖

ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូរូបនេះ បានគូសបញ្ជាក់ថា វិធានការរបស់អាមេរិកពេលនេះ អាចបណ្តាលមកពី ទំនាក់ទំនងរបស់ប្រទេសទាំងពីរមានភាពល្អក់កករ នៅរយៈពេលចុងក្រោយនេះ។លោកថា នេះអាចជាល្បែងនយោបាយមួយរបស់ប្រទេសមហាអំណាច…

សំឡេងលោក អំ សំអាត៖

សូមរម្លឹកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការចាប់បញ្ជូនពលរដ្ឋដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក មកកម្ពុជាវិញ ហើយលោកបានស្នើសុំសហរដ្ឋអាមេរិក ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង ស្តីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០០២ផងដែរ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ការចាប់បញ្ជូនពលរដ្ឋដើមកំណើតខ្មែរមកកម្ពុជាវិញនេះ ធ្វើឲ្យបែកបាក់ក្រុមគ្រួសារ។ លោកបានហៅទង្វើនេះថា "អគុណធម៌" និង "អសីលធម៌"។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ធ្លាប់បានអះអាងថា គិតចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ អាមេរិកបានបញ្ជូនពលរដ្ឋកម្ពុជាចំនួន ៥៤៩នាក់មកកម្ពុជាវិញ ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ហើយចំនួននេះ បានកើនឡើងជាង៦០០នាក់ នៅក្នុងឆ្នាំ២០១៧។ជាការកត់សម្គាល់វិធានការរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំណត់គោលនយោបាយ រឹតបន្តឹងជនបរទេសដែលរស់នៅអាមេរិក៕ 

ព័ត៌មានផ្សេងទៀត