ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​UN​​អនុម័ត​វិធានការ​​ជំរុញ​ឲ្យ​ដោះស្រាយ​​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

ដោយ៖ ពេញ ផេង 06-12-2017 11:24 am 312
ទិដ្ឋភាព​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​UNកន្លងមក

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេច​មួយ ដែល​និយាយថា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទំនងជា​បាន​ប្រព្រឹត្ដលើ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ានៅ​មី​យ៉ាន់​ម៉ា​។​កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សា​នេះ បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយតប​នឹង​ការ​ភៀសខ្លួន​យ៉ាងគំហុក​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​។​

​នៅក្នុង​សេចក្ដីសម្រេច​ដែល​បានអនុម័ត​ដោយ​សំឡេង​ភាគច្រើន បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការរំលោភបំពាន​ជា​ប្រព័ន្ធ​លើ​សិទ្ធិមនុស្ស ពិសេស​ការរំលោភ​ពាន​ដែល​បាន​ប្រព្រឹត្ដនៅ​រដ្ឋ​រ៉ាក់​ហ៊ីន​ក្នុង​ប្រទេសមី​យ៉ាន់​ម៉ា​។​សេចក្ដីសម្រេច​និយាយថា ការរំលោភបំពាន​នោះ​មាន ការរំលោភ​ផ្លូវភេទ អំពើហិង្សា​ផ្លូវភេទ ការសម្លាប់ និង​ការវាយប្រហារ​ផ្សេងៗ​ទៀត​។​

​សេចក្ដីសម្រេច​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវ​ចាត់វិធានការ​តាម​ដែល​អាចទៅរួច ការពារ​ការ​រំលោភសិទ្ធិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា និង​សហការ​ក្នុង​ការស៊ើបអង្កេត​។​ក្រៅពីនេះ​បាន​ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​ជួយ​ជនភៀសខ្លួន​ត្រឡប់មក​ក្នុងប្រទេស​វិញ​។​

​សូមបញ្ជាក់ថា បើតាម​ការប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែស ចាប់តាំងពី​ផ្ទុះ​អំពើហិង្សា​កាលពី​ខែ​សីហា​។​កាលនោះ​កងទ័ព​បានធ្វើ​ប្រតិ​បត្ដិកា​រ​បង្ក្រាបក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ដែល​វាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​និង​មូលដ្ឋាន​យោធា​៕

ព័ត៌មានផ្សេងទៀត