សម្ព័ន្ធ​អារ៉ាប់​​ព្រមាន​​លោក​ដូណាល់ ត្រាំ​​ជុំវិញ​បញ្ហា​​នៅ​តំបន់​​ជេ​រ៉ូ​សាឡឹម​

ដោយ៖ ពេញ ផេង 06-12-2017 10:32 am 430
រូបភាពនៅ​ទីក្រុងជេរ៉ូសាឡឹម

​សម្ព័ន្ធ​អារ៉ាប់​បាន​ទទូច​ប្រាប់​ទៅ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ថា មិនត្រូវ​ទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រ​អែល​ឡើយ​។​ប្រជាជាតិ​អារ៉ាប់​បាន​បើ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅក្នុង​ទីក្រុង​គែរ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​អង្គារ តប​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ប៉ាឡេ​ស្ទីន​។​កិច្ចប្រជុំ​ធ្វើឡើង​ស្របពេល​លោក​ត្រាំ​នឹង​សម្រេចចិត្ដប្រ​កាសពី​តំបន់​ជេ​រ៉ូ​សាឡឹម ថា​ជា​របស់​អ្នកណា​ឲ្យ​ពិតប្រាកដ​ក្នុងពេល​ឆាប់ៗ ក្រោយ​ការអះអាង​កាន់កាប់​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​

​តំណាង​មកពី​ប្រទេស​ជា​សម្ព័ន្ធ​អារ៉ាប់​បាន​កត់សម្គាល់ថា អតីត​ប្រធានាធិបតី​អាមេរិក​បាន​ចៀសវាង​ការទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល ព្រោះ​គេ​ដឹងថា​នឹង​ប៉ះពាល់​កម្រិតណា​ដល់​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​តំណាង​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅអេ​ហ្ស៊ី​ប ក៏​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ ដែល​ខុសពី​ប្រធានាធិបតី​អាមេរិក​មុនៗ ហើយ​ការផ្លាស់ប្ដូរ​ស្ថានភាព​នៅជេ​រ៉ូ​សាឡឹម​នឹង​ធ្វើឲ្យ​ភាព​តានតឹង​កើនឡើង​ខ្ពស់​ក្នុង​តំបន់​។​

​សេចក្ដីថ្លែងការណ៍​ចេញ​បន្ទាប់ពី​កិច្ចប្រជុំ​បាន​និយាយថា ការទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល បំពាន​លើ​ច្បាប់​អន្ដរជាតិ​ហើយ​នឹង​ក្លាយជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​និង​ពិភពលោក​។​សេចក្ដីថ្លែងការណ៍​បាន​ជំរុញ​ឲ្យ​អាមេរិក​ប្រកាន់​ជំហរ​នៅ​កណ្ដាល ដើម្បីឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទទួលយកបា​ន និង​ដើម្បី​នាំយក​សន្ដិភាព​មក​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​សហភាព​អឺរ៉ុប​និង​តួ​ក​គី​ក៏​បង្ហាញ​ក្ដីបារម្ភ​ពី​ការសម្រេចចិត្ដ​របស់​លោក​ត្រាំ ដែល​បង្ហាញ​ជំហរ​គាំទ្រ​អ៊ីស្រាអែល​។​អឺរ៉ុប​និង​តួ​ក​គី​និយាយថា​ប្រធានាធិបតី​អាមេរិក មិនគួរ​ទទួលស្គាល់​តំបន់​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ីស្រាអែល​ឡើយ​៕

ព័ត៌មានផ្សេងទៀត