យន្ដហោះ​​ទម្លាក់​គ្រាប់​​អាមេរិក​​នឹង​ហោះ​លើ​​ឧបទ្វីប​កូរ៉េ​​ជា​ផ្នែក​មួយ​​នៃ​ការធ្វើ​​សមយុទ្ធ​

ដោយ៖ ពេញ ផេង 06-12-2017 9:32 am 560
​យន្ដហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ប្រភេទ​B-1B

​យន្ដហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ប្រភេទ​B-1B  ត្រូវ​បញ្ជា​ឲ្យ​ហោះ​ពីលើ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃទី​០៦​ធ្នូ​នេះ ដែលជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ជើង​អាកាស​ទ្រង់ទ្រាយ​ធំ​របស់​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។​នេះ​បើតាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារសារព័ត៌មាន​Yonhap​កូរ៉េខាងត្បូង ដោយ​ដកស្រង់​ប្រភពពី​យោធា​មិន​បញ្ចេញ​ឈ្មោះ​។​

​យន្ដហោះ​ទម្លាក់​គ្រាប់​នេះ​នឹងចូលរួម​ក្នុង​សមយុទ្ធ ស្របពេល​ដែល​ភាព​តានតឹង​កើនឡើង​ខ្ពស់​នៅលើ​ឧបទ្វីប​កូរ៉េ និង​ស្របពេល​ដែល​អគ្គលេខាធិកា​រ​រង​អង្គការសហប្រជាជាតិ​លោក​Jeffrey Feltman ធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដែរ​។​

​ចំពោះ​សមយុទ្ធ​ដែលមាន​រយៈពេល​៥​ថ្ងៃ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ កូរ៉េខាងជើង​បាន​ព្រមាន​ថា អាច​នឹង​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​ឈានទៅរក​សង្គ្រាម​នុយក្លេអ៊ែ​រ​។​កូរ៉េខាងជើង​ទើបតែ​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​សមយុទ្ធ​ជើង​អាកាស​អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់ផ្ដើម​។​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី​ត្រូវគេ​មើលឃើញថា ក្នុង​គោលបំណង​ឌឺដង​ដាក់​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​។​

​អ្នកវិភាគ​មួយចំនួន​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់អ​ង្គ​ការ​សហប្រជាជាតិ លោក​Feltman​ទៅ​កូរ៉េខាងជើង អាច​បន្ធូរបន្ថយ​ភាព​តានតឹង​បង្កឡើង​ដោយសារ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​បាន​។​ទោះ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​របស់លោក​Feltman ក៏មាន​របៀបវាៈទា​ក់​ទងនឹង​បញ្ហា​នុយក្លេអ៊ែរ​ត្រូវ​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ដែរ​។​

​សូមបញ្ជាក់​បន្ថែមថា សមយុទ្ធ​ប្រចាំឆ្នាំ​អាមេរិក​-​កូរ៉េខាងត្បូង​ឈ្មោះ​"Vigilant Ace" ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការត្រៀមខ្លួន​ប្រឆាំងនឹង​ការគំរាមកំហែង និង​បង្កើន​សមត្ថភាព​ធានា​សន្ដិសុខ​សុវត្ថិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​កងទ័ព​អាមេរិក​ជាង​១​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ និង​មាន​យន្ដហោះ​ចម្បាំង​ជាង​២០០​គ្រឿង​ចូលរួម​ផងដែរ ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​យន្ដហោះ​ចម្បាំង​បំបាំងកាយ​អាមេរិក​ជាច្រើន​គ្រឿង​៕

ព័ត៌មានផ្សេងទៀត