តើ​ក្រុម​មូស្លីម​​រ៉ូ​ហ៊ីង​យ៉ា​​ជា​នរណា​?

ដោយ៖ ពេញ ផេង 05-12-2017 6:18 pm 484
រូបភាព​ក្រុម​រ៉ូហ៊ីងយ៉ា

​ព្រោះតែ​វិបត្ដិ​កើតឡើង​កាន់តែ​ធ្ងន់ធ្ង​រលើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា គឺ​ដោយសារ​យុទ្ធនាការ​របស់​កងទ័ព បានធ្វើឲ្យ​ក្រុម​នេះ​ជាង​៦០​ម៉ឺន​នាក់​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែស​។​អន្ដរជាតិ​បាន​ផ្ដោត​ការចាប់អារម្មណ៍​កាន់តែខ្លាំង ហើយ​ទទូច​ឲ្យ​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ចៀសវាង​បង្ក​ហិង្សា​លើ​ពួកគេ​ទៀត​។​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា មិនបាន​ទទួល​សិទ្ធិ​ជា​ពលរដ្ឋ​ទេ ហើយក៏​ត្រូវ​រឹតបន្ដឹង​លើ​គ្រប់​សកម្មភាព មិន​ថា​ការរៀនសូត្រ ការធ្វើការ ឬ​ការធ្វើដំណើរ​ជាដើម ក្រោម​ហេតុផល​មួយចំនួន​។​ចង់ដឹង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជា​នរណា ហេតុអ្វី​បានជា​ត្រូវ​រងគ្រោះ​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​រាយការណ៍​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជនជាតិភាគតិច ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​បំផុត​។​ពួកគេ​ជា​ជនជាតិភាគតិច ភាគច្រើន​ជា​ជន​មូស្លីម​កាន់សាសនា​អ៊ីស្លាម បានរស់នៅ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ជាច្រើន​សតវត្ស​មកហើយ​។​បច្ចុប្បន្ន​ពួកគេ​មាន​ចំនួន​ប្រមាណ​ជាង​១​លាន​នាក់ កំពុង​រស់នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​នៃ​ប្រទេសមី​យ៉ាន់​ម៉ា​។​

​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​និយាយ​ភាសា​រ៉ូ​ហ៊ីង​យ៉ា​ឬ​រ៉ា​អ៊ីង​ហ្គា ជា​គ្រាមភាសា​ខុសពី​ភាសា​ប្រជាជន​រស់នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​និយាយ​។​ពួកគេ​មិន​ត្រូវបាន​ចាត់ទុកជា​ប្រជាជន​មី​យ៉ាន់​ម៉ា​ឡើយ តាំងពី​ឆ្នាំ​១៩៨២ នៅពេល​ពួកគេ​ក្លាយជា​ជនជាតិ​គ្មាន​រដ្ឋ គ្មាន​ប្រទេស​ពិតប្រាកដ​។​ស្ទើរតែ​ទាំង​អស់នៃ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រស់នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន មិន​អនុញ្ញាតឲ្យ​ចាកចេញ​ទៅណា​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ឡើយ​។​ក្នុង​រដ្ឋ​ដែល​ពួកគេ​រស់នៅ​ជា​រដ្ឋ​មួយ​ក្រីក្រ​បំផុត មានតែ​ជំរំ​ដូច​ជនភៀសខ្លួន ខ្វះខាត​សេវា​សង្គម និង​គ្មាន​ឱកាសល្អ​ណាមួយ​សម្រាប់​ពួកគេ​ទេ​។​ដោយសារ​អំពើហិង្សា​និង​ការ​ធ្វើទុក្ខបុកម្នេញ ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​រហូតដល់​សព្វ​ថ្ងៃ​។​

​តើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មកពីណា​វិញ​?

​យោងតាម​អ្នក​ប្រវត្ដិសាស្ដ្រ​និងក្រុម​រ៉ូ​ហ៊ីង​យ៉ា​ផ្ទាល់​បានឲ្យដឹងថា ក្រុម​មូស្លីម​មួយ​នេះ​បាន​រស់នៅក្នុង​តំបន់​ដែល​គេ​ស្គាល់​ថា​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ដើម​សតវត្ស​ទី​១២​។​អង្គការ​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​អា​រ៉ា​កាន​និយាយថា ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បាន​រស់នៅក្នុង​រដ្ឋ​អា​រ៉ាក់​កានតាំង​ពីយូរ​យារណាស់​មកហើ​យ ដោយ​តំបន់​នោះ​ស្គាល់​ថា​ជា​រដ្ឋ​រ៉ាក់​ហ៊ី​នបច្ចុប្បន្ន​។​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​(១៨២៤-១៩៤៨) មាន​មនុស្ស​ចំណាកស្រុក​ជាច្រើន​បាន​ចូលមក​រស់នៅ​មី​យ៉ាន់​ម៉ា​។​ពួកគេ​មកពី​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស​សព្វថ្ងៃ​។​ដោយសារតែ​អង់គ្លេស​គ្រប់គ្រង​មី​យ៉ាន់​ម៉ា​ដូចជា​ខេត្ដ​មួយ​របស់​ឥណ្ឌា បញ្ហា​ចំណាកស្រុក​ទាំងនោះ​ត្រូវ​ចាត់ទុកជា​ផ្នែក​មួយ​នៃ​បញ្ហា​ផ្ទៃក្នុង​។​នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​(HRW)​។​ក្រុម​ដែល​ធ្វើ​ចំណាកស្រុក​ត្រូវគេ​ចាត់ទុកជា​ក្រុម​អវិជ្ជា​។​

​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ រដ្ឋាភិបាល​យល់ឃើញថា​បញ្ហា​ក្រុម​ចំណាកស្រុក​ដែល​កើតឡើង​ក្នុងអំឡុងពេល​គ្រប់គ្រង​របស់​អង់គ្លេស ជា​ក្រុម​ចំណាកស្រុក​ខុសច្បាប់ ដូច្នេះហើយ​ទើប​ពួកគេ​ត្រូវបាន​បដិសេធ​មិន​ផ្ដល់​សញ្ជាតិ​ឲ្យ​។​នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​របស់​HRW​នៅក្នុង​របាយការណ៍​។​បញ្ហា​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បាន​នាំឲ្យ​ប្រជាជន​គោរព​ព្រះ​ពុទ្ធសាសនានៅ​មី​យ៉ាន់​ម៉ា ចាត់ទុក​ក្រុម​នេះ​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម មកពី​តំបន់​បេង​ហ្គាល់​(Bengal)​ប្រទេស​ឥណ្ឌា ហើយ​មិន​ទទួលស្គាល់​ពាក្យ​ថា​រ៉ូ​ហ៊ីង​យ៉ា ដែលជា​ការបង្កើត​ថ្មី​ដើម្បី​ហេតុផល​នយោបាយ​។​

​ហេតុអ្វី​បានជា​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវគេ​ធ្វើបាប ហើយ​គេ​មិន​ទទួលស្គាល់​?

មិនយូរប៉ុន្មាន​បន្ទាប់​ពី​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨ ច្បាប់​សហភាព​សញ្ជាតិ​ត្រូវ​បានអនុម័ត ដោយ​កំណត់ថា តើ​ជនជាតិ​ណាខ្លះ​គួរ​ទទួលបាន​សញ្ជាតិ​។​យោងតាម​របាយការណ៍​ឆ្នាំ​២០១៥​របស់​គ្លីនិក​សិទ្ធិមនុស្ស​នៅ​សាលា​ច្បាប់​យ៉ា​ឡេ​បានឲ្យដឹងថា ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មិន​ត្រូវបាន​បញ្ចូល​ក្នុងចំណោម​ក្រុម​ទទួលបាន​សញ្ជាតិ​ឡើយ​។​តែ​យ៉ាងណាក៏ដោយ​ច្បាប់​នេះ អនុញ្ញាតឲ្យ​គ្រួសា​រដែល​រស់នៅ​ក្នុងប្រទេ​ស​មី​យ៉ាន់​ម៉ា​យ៉ាងហោចណាស់​ពីរ​ជំនាន់ អាចដាក់​ពាក្យសុំ​អត្ដ​សញ្ញាណ​ប័ណ្ណ​បាន​។​

​ដំបូង​ឡើយ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវគេ​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​និង​ផ្ដល់​សញ្ជាតិ​ឲ្យ​ទៀត ដោយសារតែ​គិតពី​ជំនាន់​នៃ​ការរស់នៅ​របស់​ពួកគេ​។​ក្នុងពេលនោះ​មាន​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​មាន​តួនាទី​ក្នុង​សភា​ទៀតផង​។​ប៉ុន្ដែ​បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៦២ អ្វីៗ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​សម្រាប់​ពួកគេ​។​ប្រជាជន​ទាំងអស់​ទាមទារ​ឲ្យមាន​ការ​ត្រួតពិនិត្យប័ណ្ណស​ម្គាល់​ជាតិ​សាសន៍​ឡើងវិញ ចំណែក​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​ផ្ដល់ឲ្យ​ត្រឹមតែ​អត្ដសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនបរទេស​ប៉ុណ្ណោះ​។​

​ក្នុង​ឆ្នាំ​១៩៨២ ច្បាប់​ស្ដីពី​សញ្ជាតិ​ថ្មី​ត្រូវ​បានអនុម័ត ធ្វើឲ្យ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ក្លាយជា​កុលសម្ព័ន្ធ​មួយ​គ្មាន​រដ្ឋ​ពិតប្រាកដ​។​ស្ថិតក្រោម​ច្បាប់​ថ្មី ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មិន​ត្រូវបានគេទទួលស្គាល់​ជា​ក្រុម​ជនជាតិភាគតិច ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច​ទាំង​១៣៥​នៅ​មី​យ៉ាន់​ម៉ា​ឡើយ​។​ច្បាប់​ថ្មី​បាន​បង្កើត​នូវ​ចំណាត់ថ្នាក់​ពលរដ្ឋ​ចំនួន​បី​កម្រិត​។​ដើម្បី​ទទួលបាន​កម្រិត​ជា​មូលដ្ឋាន​ធំ​បំផុត គឺ​សញ្ជាតិ​ដើម​តែម្ដង តម្រូវឲ្យមាន​ភស្តុតាង​បញ្ជាក់ថា​គ្រួសា​ររបស់​ពួកគេ​បានរស់នៅ​មី​យ៉ាន់​ម៉ា​មុន​ឆ្នាំ​១៩៤៨ ក៏ដូចជា​មាន​ភាព​ស្ទាត់ជំនាញ​នៃ​ភាសាជាតិ​។​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ភាគច្រើន​គ្មាន​ឯកសារ​គ្រប់គ្រាន់ ទើប​រដ្ឋាភិបាល​បដិសេធ​មិន​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ​។​

ក្នុង​ច្បាប់​ថ្មី​នេះដែរ រាល់​សិទ្ធិ​ក្នុង​ការសិក្សា ធ្វើការ ធ្វើដំណើរ រៀបការ និង​ការ​ប្រតិ​ប​ត្ដិ​លើ​សាសនា ក៏ដូចជា​ការទទួលបាន​សេវា​សុខាភិបាល​ត្រូវបាន​រឹតបន្ដឹង​។​ពួកគេ​មិនអាច​បោះឆ្នោត​បានឡើយ ហើយ​សូម្បី​ឆ្លងកាត់​ការធ្វើ​តេស្ដ​ភាពជា​ពលរដ្ឋ​។​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៧០ មាន​ការបង្ក្រាប​មួយចំនួន​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន បង្ខំ​ឲ្យ​ពួកគេ​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែស ម៉ាឡេស៊ី ថៃ និង​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃទៀត​។​ក្នុងពេល​នៃ​ការបង្ក្រាប​បែបនេះ ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវគេ​រាយការណ៍​ថា​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការចាប់រំលោភ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ជាដើម បង្កឡើង​ដោយ​កងកម្លាំង​សន្ដិសុខ​មី​យ៉ាន់​ម៉ា​។​

​ក្នុង​ខែតុលា​ឆ្នាំ​២០១៦​បន្ទាប់ពី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​សម្លាប់​ប៉ូលិស​៩​នាក់ កងទ័ព​បានចាប់ផ្ដើម​ធ្វើ​ប្រតិ​បត្ដិកា​រ​ជាថ្មី​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន​។​ការសម្លាប់ ការ​ធ្វើទុក្ខបុកម្នេញ និង​ការរំលោភបំពាន​នានា ក៏​បន្ដ​កើតឡើង​នៅ​ទីនោះ​។​ដោយឡែក​ក្នុង​ខែសីហា​ឆ្នាំ​២០១៧​នេះ មាន​ការវាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស និង​មូលដ្ឋាន​យោធា​នៅក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​ម្ដងទៀត ធ្វើឲ្យ​ផ្ទុះ​ហិង្សា​ជាថ្មី​ខណៈ​វិបត្ដិ​ចាស់​មិនទាន់​ដោះស្រាយបាន​ផង​។​កងទ័ព​បាន​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ថា​ចង់​បះបោរ ហើយ​បញ្ជា​ឲ្យ​តាម​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​។​យុទ្ធនាការ​បង្ក្រាប​របស់​កងទ័ព បានសម្លាប់​មនុស្ស​ជាច្រើន​នាក់ ហើយ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែស​។​

​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ផ្ទុះ​កាន់តែខ្លាំង រហូត​មាន​ការចាប់អារម្មណ៍​ពី​អន្ដរជាតិ ពិសេស​អង្គការសហប្រជាជាតិ​។​អង្គការសហប្រជាជាតិ​ចោទ​កងកម្លាំង​មី​យ៉ាន់​ម៉ា​ថា មាន​ចេតនា​ចង់​បោសសម្អាត​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​ប្រទេស ប៉ុន្ដែ​ត្រូវ​យោធា​បដិសេធ​។​ចំពោះ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​វិញ​ត្រូវ​រង​សម្ពាធ​និង​ការរិះគន់​ផងដែរ ពី​ភាព​អសកម្ម​ក្នុង​ការដោះស្រាយ​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​តែ​យ៉ាងណាមិញ​លោកស្រី​ថា វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ជា​វិបត្ដិ​រ៉ាំរ៉ៃ មិនអាច​ដោះស្រាយ​ត្រឹម​មួយថ្ងៃឲ្យ​ចប់​បានទេ​។​លោកស្រី​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ដែល​សមស្រប​បំផុត ហើយ​ចង់​ដោះស្រាយ​ឲ្យបាន​ឆាប់​បំផុត​ដែរ​៕

ព័ត៌មានផ្សេងទៀត