លោក​ហ៊ុន សែន​៖ វិស័យ​ទេសចរណ៍​នៅតែ​ជា​វិស័យ​អាទិភាព​”​មាស​បៃតង​”

ដោយ៖ សៅ វិសាល 05-12-2017 6:05 pm 301

​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា វិស័យ​អាទិភាព ដោយសារ​តែ​វិស័យ​នេះ មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជា​កត្តា​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ ។ ក្នុងនោះដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្បាស់​អំពី​តួនាទី និង​អត្ថ​ប្រយោជន៍​​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​អះអាង​ថា វិស័យ​នេះ​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិរក្ស​សម្បត្តិ​វប្បធម៌ ការការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ។​

​តាមរយៈ​លិខិត​អបអរសាទរ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ក្រោម​ប្រធានបទ “​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​” របស់​លោក​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុង​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​ការផ្លាស់ប្តូរ យ៉ាង​ច្រើន​ទាំង​ក្នុង ទិដ្ឋភាព​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​។ កម្ពុជា​ផ្លាស់ប្តូរ​រូបភាព​យ៉ាង​ឆាប់រហ័ស​ពីអ្វី ដែល​ធ្លាប់​ស្គាល់​ថា ជា​ទឹកដី​នៃ​វាលពិឃាត សង្គ្រាម មក​ប្រទេស​មាន​សុខសន្តិភាព ពេញលេញ មាន​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ និង​ជា​គោលដៅ​ទេសចរណ៍ លំដាប់​ពិភពលោក ប្រកបដោយ​ក្តី​សង្ឃឹម ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង និង​ត្រចះត្រចង់​។​

​ក្នុង​ស្មារតី​ឆ្លើយតប​នឹង​និន្នាការ​អភិវឌ្ឍន៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព ជា​”​មាស​បៃតង​” រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត និង​បង្កើន​នូវ​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ ដោយផ្ទាល់ និង​ដោយ​ប្រយោល ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូលរួម​ដល់​ការអភិរក្ស​វប្បធម៌ និង​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ​របស់​យើង ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​។​

​លិខិត​ដដែល បានឲ្យដឹង​ទៀតថា ទន្ទឹមនឹងនេះ កាលពី​ឆ្នាំ​២០១១ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុត្រ​ដែល​ស្អាត បំផុត​លើ​សកលលោក ដែល​បាន​នឹង​កំពុង​រួមចំណែក​យ៉ាងសកម្ម ធ្វើឲ្យ​កម្ពុជា​ក្លាយទៅជា គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្តៅ​។​

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ធ្លាប់​មានប្រសាសន៍​លើកឡើង​ថា រយៈពេល​១​ឆ្នាំ​ពេញ ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់បីដូចជា​មិន​មាន​សន្ទុះ​កើនឡើង​ខ្លាំង​ដូច​បណ្តា​ឆ្នាំមុនៗ​ឡើយ ដោយ​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ​ជិត ៥​លាន​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ប្រមាណ​៤​លាន​៧​សែន​នាក់ ពោល​គឺ​កើនឡើង​តែ ៥​ភាគរយ​ប៉ុណ្ណោះ​។ នេះ​គឺជា​ការកើនឡើង​តិចតួច ដែល​មិន​ធ្លាប់​មាន​នៅក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​។​

​ចំណែក​ទឹកប្រាក់​ដែល​កម្ពុជា​រក​ចំណូល បានមក​ពី​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ ៣​ពាន់​២០០​លាន​ដុល្លារ​អាមេរិក លើស​ពី​ឆ្នាំ​មុន ១០០​លាន​ដុល្លារ​តែប៉ុណ្ណោះ ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣​ពាន់​១០០​លាន​ដុល្លារ​អាមេរិក​។​

​កាល​នោះ​ក្រុម​អ្នកជំនាញ នៅក្នុង​វិស័យ​ទេសចរណ៍​បាន អះអាងថា ការកើនឡើង​យឺត​នៃ​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា គឺ​ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា ការ​រឹតត្បិត​ការចំណាយ​របស់​ប្រជាជន​ក្នុង​ពិភពលោក ខណៈ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ហាក់បីដូចជា​មិន​មាន​ភាពប្រាកដប្រជា​នោះទេ ពោល​គឺ​កើនឡើង​យឺត និង​ទី​ពីរ គឺ​ការ​ភ័យ​ខ្លាច​រអា​ពី​ក្រុម​ភេរ​វករ​ដែល​តែងតែ​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក និង​ទី​បី ភ័យខ្លាច​ជំងឺឆ្លង​ផ្សេងៗ​មួយចំនួន​។​ល​។​

​លោក ថោង ខុន រំពឹងថា តាម​ផែនការ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស កើន​ដល់ ៥​លាន​៥​សែន​នាក់ និង​រំពឹងថា ឆ្នាំ​២០២០ អាច​ទាក់ទាញ​ទេសចរ​បាន ៧​លាន​នាក់​។ លោក​បន្តថា កន្លងមក ទិសដៅ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​ប្រមាណ ៧៧​ភាគរយ មក​ពី​អាស៊ី​ប៉ាស៊ីហ្វិក ១៨​ភាគរយ មក​ពី​អឺរ៉ុប ៧​ភាគរយ​មក​ពី​អាមេរិក​។​

​យ៉ាងណាក៏ដោយ បើ​តាម​របាយការណ៍ គិត​ត្រឹម​រយៈពេល ៩​ខែ ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចំនួន ៣,៩១២,៧៦១ នាក់ កើនឡើង ១១,៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៦ គ្រា​ដែល​ខេត្ត​សៀមរាប​កើនឡើង ១១,៨% បន្ទាប់ពី​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចំនួន ១,៧៥៣,២៧២ នាក់ ស្មើនឹង ៣៨,៨% នៃ​ចំនួន​សរុប​ក្នុង​រយៈពេល​៩​ខែ​ដូច​គ្នា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត