ការ​ព្រមាន​ថ្មី​លេច​ឡើង ខណៈ​លោក​ត្រាំ​នឹង​ប្រកាស​ទទួលស្គាល់ក្រុង​ជេ​រ៉ូ​សាឡឹម​ជា​របស់​អ៊ីស្រាអែល​

ដោយ៖ អ៊ុន សុខឡា 05-12-2017 12:39 pm 1940
ទិដ្ឋភាពនៃទីក្រុងជេរ៉ូសាឡឹម

​ជេ​រ៉ូ​សាឡឹម ជា​ទីក្រុង​កំពុងជាប់ជំពាក់​ទៅដោយ​ជម្លោះ ទាមទារ​ដោយ​អ៊ីស្រាអែល​ផង​និង​ប៉ាឡេ​ស្ទីន​ផង​។ ប៉ុន្តែ​បើតាម​គម្រោង​លោក​ដូណាល់ ត្រាំ​នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​នេះ ថា​ជា​របស់​អ៊ីស្រាអែល​នៅក្នុង​សប្តាហ៍​នេះ ហើយ​លោក​នឹង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក ប្រចាំ​ប្រទេស​អ៊ីស្រាអែល ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ទីក្រុង តែ​ល​អា​វីវ មកកាន់​ទីក្រុង ជេ​រ៉ូ​សាឡឹម វិញ​ផងដែរ​។​ ​គម្រោង​ប្រកាស​ទទួលស្គាល់ ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​របស់​អ៊ីស្រាអែល ដែល​ធ្វើឡើង​ដោយ​លោក​ត្រាំ​តែ​ឯកឯង​នេះ ត្រូវបាន​ប្រធានាធិបតី​បារាំង​លោក​អ៊ី​ម៉ាណូ​អ៊ែល ម៉ា​ក្រុង​ថា បញ្ហា​នេះ​គួរតែ​ត្រូវបាន​ចរចា​គ្នា រវាង​អ៊ី​ស្រា​អ៊ែល​និង​ប៉ាឡេ​ស្ទីន​ជាមុនសិន​។​

​ទីក្រុង​ជេ​រ៉ូ​សាឡឹម​បានក្លាយជា​ប្រធា​ន​បទ នៃ​ជម្លោះទឹកដី​ដ៏​ក្តៅគគុក រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។ ទីក្រុង​នេះ គឺជា​ទីកន្លែង​សក្ការៈ សាសនា​សំខាន់ៗ សម្រាប់​សាសនា​អ៊ីស្លាម និង​គ្រីស្ទសាសនា ជាពិសេស​នៅ​ក្រុង​ជេ​រ៉ូ​សាឡឹម​ភាគ​ខាងកើត​។ អ៊ីស្រាអែល​បាន​កាន់កាប់​តំបន់​នេះ កាលពី​អំឡុង​សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា​ឆ្នាំ ១៩៦៧ ហើយ​ចាត់ទុក​ទីក្រុង​ទាំងមូល ថា​ជា​រដ្ឋធានី​ដែល​មិនអាច​បំបែក​បាន​។​

​ពួក​ប៉ាឡេ​ស្ទីន​វិញ បាន​អះអាង​យក​តំបន់​ជេ​រ៉ូ​សាឡឹម​ខាងកើត ជា​ទីក្រុង​នៃ​អនាគត​រដ្ឋ​របស់គេ ហើយ​បើតាម​កិច្ចព្រមព្រៀង​សន្ដិភាព អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន​ឆ្នាំ​១៩៩៣ កិច្ចពិភាក្សា​ចុងក្រោយ ស្ដីពី ស្ថានភាព​នៅជេ​រ៉ូ​សាឡឹម នឹងត្រូវ​ពិភាក្សា​ក្នុង​ជំហាន​បន្ទាប់ នៃ​កិច្ចពិភាក្សា​សន្ដិភាព រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​

​អធិបតេយ្យភាព របស់​អ៊ីស្រាអែល លើ​ក្រុង​ជេ​រ៉ូ​សាឡឹម មិនដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​ទេ ហើយ​ប្រទេស​ទាំងអស់ រួមទាំង​អាមេរិក​ដែល​ជិតស្និទ្ធ​បំផុត​ជាមួយ​អ៊ីស្រាអែល ក៏បាន​រក្សា​ស្ថានទូត​របស់ខ្លួន​នៅ​ក្រុង​តែ​ល​អា​វីវ​រហូតមក​ដែរ​។ មកដល់​អាណត្តិ​របស់​លោក​ត្រាំ ប្រសិនបើ​ហាន​ទទួលស្គាល់​ជា​ឯកតោភាគី​ថា ជេ​រ៉ូ​សាឡឹម​ជា​របស់​អ៊ីស្រាអែល​នៅពេលនេះ នោះ​នឹង​ធ្វើឲ្យ​អាមេរិក​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ​។​

​អ្វីដែល​ជា​ការកត់សំគាល់ បន្ទាប់ពី​លោក​ត្រាំ​បង្ហាញ​ជំហរ​ផ្ទុយ​ពី​ប្រទេស​មួយចំនួន​លើ​ពិភពលោក ប្រតិកម្ម​របស់​មេដឹកនាំ​ធំៗ​ទាំងនោះ បាន​ធ្លាក់​មក​បន្តបន្ទាប់​។ កាលពី​ថ្ងៃ​ចន្ទ​អារ៉ាប៊ីសាអ៊ូឌីត បាន​និយាយថា ការផ្លាស់ប្តូរ​បែបនេះ មុនពេល​មាន​ដំណោះស្រាយ​ចុងក្រោយ នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន ដល់​ដំណើរការ​សន្តិភាព​។ ប្រធានាធិបតី​ប៉ាឡេ​ស្ទីន​លោក Mahmoud Abbas​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក ធ្វើ​អន្តរាគមន៍ ដោយ​និយាយថា​«​ការសម្រេចចិត្ត​បែបនេះ​របស់​អាមេរិក នឹង​បំផ្លាញ​ដំណើរការ​សន្តិភាព​»​។ ហ្ស៊កដានី​ឯណេះ​វិញ បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ ខណៈដែល​លោក Abul Gheit ប្រធាន​សម្ព័ន្ធ​អារ៉ាប់​បាន​និយាយថា ទង្វើ​បែបនេះ នឹង ធ្វើឲ្យមាន​អស្ថិរភាព​។ ទួរគី​បាន​និយាយថា បើ​អាមេរិក​សម្រេចចិត្ត​បែបនេះ​មែន​នោះ​វា​ជា ​«មហន្តរាយ​ដ៏​ធំ​»៕​

ព័ត៌មានផ្សេងទៀត