រដ្ឋមន្ត្រីបរិស្ថាន​ត្រូវ​និស្សិត​មួយក្រុម​ចោទ​ថា​​​រំលោភរដ្ឋធម្មនុញ្ញ​ករណី​ចុះល្បាត​​ព្រៃឈើ

ដោយ៖ គួន សំបូរ 05-12-2017 11:45 am 5314
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងវេទិកាស្តីពីការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការពារ និងអភិរក្សធនធានធម្មជាតិនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។រូបពីក្រសួងបរិស្ថាន

ក្រុមបណ្តាញនិស្សិតឯករាជ្យ បានចេញលិខិតចំហដោយសុំមិនគាំទ្រ ចំពោះចំណាត់ការ របស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន ដែលបានលើកឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រុមបណ្តាញនិស្សិត បានហៅចំណាត់ការ​របស់រដ្ឋមន្ត្រី​ក្រសួងបរិសា្ថន ថាផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែសម្រាប់តំណាងសង្គមស៊ីវីល និងសហគមន៍ការពារព្រៃឡង់យល់ថា ចំណាត់ការថ្មីនេះ ធ្វើអោយអ្នកអភិរក្ស កាន់តែមានភាពកក់ក្តៅ នៅពេលចុះល្បាត​ដែល​មានមន្ត្រីសហការចូលរួម។

ប្រតិកម្មចំពោះចំណាត់ការ របស់រដ្ឋមន្ត្រីក្រសួងបរិសា្ថន លោកសាយ សំអាល់​ដែល​លើក​ឡើង​ថា សហគមន៍ព្រៃឡង់ ត្រូវធ្វើលិខិតស្នើសុំជាមុន មុននឹងចុះល្បាតព្រៃនោះ ក្រុមបណ្តាញ​និស្សិត​ឯករាជ្យ បានសុំ​មិន​គាំទ្រចំពោះ​ចំណាត់ការនេះ​ជាដាច់ខាត ហើយថា​ចំណាត់​ការ​នេះ វាផ្ទុយនឹង​ច្បាប់​រដ្ឋធម្មនុញ្ញកម្ពុជា​ ត្រង់មាត្រា៣៥ ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរ​ទាំងពីរភេទ មានសិទ្ធិចូលរួម​យ៉ាងសកម្មក្នុង ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

ក្រុមបណ្តាញនិស្សិតឯករាជ្យ បានអះអាងថា ចំណាត់ការរបស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន គឺជាការបំបិទសិទ្ធិសេរីភាព ដោយប្រយោល ក្នុងការដើរហើរ និងការចូលរួមយ៉ាងសកម្ម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការការពារធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ហើយវាផ្ទុយទៅនឹងប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំ​ឲ្យពលរដ្ឋ​ខ្មែរគ្រប់រូប ចូលរួមយ៉ាងសកម្ម ក្នុងការការពារ​​ធនធាន​ធម្មជាតិ ទៀតផង។

បើតាមការសង្កេត របស់ក្រុម​បណ្តាញ​និស្សិតឯករាជ្យ បានឲ្យដឹងថា ព្រៃឈើនៅ​ក្នុងប្រទេសកម្ពុជា ត្រូវបានកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដែលមើលទៅដីព្រៃ ដូចជាដីវាលទៅហើយ។ កត្តាទាំងនេះ​ធ្វើឲ្យមានការព្រួយបារម្ភ​យ៉ាងខ្លាំង។ ក្នុងមួយថ្ងៃៗ ឈ្មួញឈើធំៗដុះស្លែ និងឧកញ៉ាមួយចំនួន កំពុងកាប់បំផ្លាញព្រៃឈើ និងនាំចេញទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ​មិនតិចជាងរាប់​សិបឡាននោះទេ។

វិទ្យុវាយោមិនអាចសុំការបកស្រាយ ពីក្រសួងបរិស្ថានបានទេ មកដល់ពេលនេះ ដោយទាក់ទងទៅ តែពុំមានអ្នកទទួល។

យ៉ាងណាក្តីកន្លងមកក្រសួងបរិស្ថាន ធ្លាប់បានចុះផ្សាយថា ចំណាត់ការនេះ ត្រូវបានតំណាងសង្គមស៊ីវីល និងសហគមន៍ការពារព្រៃឡង់គាំទ្រ។ គាំទ្រដោយពួកគេពន្យល់ថា ការចុះល្បាតព្រៃឡង់​ក្នុងតំបន់ព្រៃជ្រៅ ដែលតំបន់ខ្លះចូលព្រៃជ្រៅជាង៥០គ.ម ជាការងារប្រឈមគ្រោះថ្នាក់ និងទាមទារកិច្ចសហការ និងការធ្វើសកម្មភាពរួមគ្នា ក្នុងបុព្វហតុការពារព្រៃឡង់ ប្រទេសកម្ពុជា ជាពិសេសខេត្តទាំងបួន រួមមាន កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

សហគមន៍ការពារព្រៃឡង់ បានពន្យល់បន្ថែមថា ការងារល្បាតព្រៃឡង់ ជាការងារគ្រោះថ្នាក់បំផុត ព្រោះជាតំបន់ក្នុងព្រៃជ្រៅ ឆ្ងាយពីភ្នែកមនុស្ស។ ដូច្នេះកិច្ចការងារនេះ វាទាមទារការតស៊ូ និងលះបង់ ព្រមទាំងការរួមគ្នាធ្វើការ ហើយពួកគេពេញចិត្ត ចំពោះយន្តការនេះ ព្រោះវាធ្វើឲ្យក្រុមអ្នកអភិរក្ស កាន់តែមានភាពកក់ក្តៅ នៅពេលចុះល្បាត ដែលមានមន្ត្រីសហការចូលរួម៕ 

ព័ត៌មានផ្សេងទៀត