មន្ត្រី​រដ្ឋាភិបាល ចំអក​​សមាជិក​សភា​ប​រទេស​​ដែល​​ដាក់​លក្ខខណ្ឌ​​ដល់​​លោក​ហ៊ុន សែន​​

ដោយ៖ ខាត់ សុធី 05-12-2017 10:23 am 4434

​សមាជិកសភា​ជុំវិញ​ពិភពលោក​បាន​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា  ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ លិខិត​ដែល​គាំទ្រ​ដោយ​សមាជិកសភា​ចំនួន ១៥៨​រូប មកពី​ប្រទេស​ចំនួន ២៣ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ម្សិលមិញ បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តីសម្រេច​រំលាយ​បក្សប្រឆាំង និង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ឲ្យមាន​ការបោះឆ្នោត​ជាតិ​មួយ ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ពួកគេ​បាន​ស្នើឲ្យ​រដ្ឋាភិបាលលោក​ហ៊ុន សែន ត្រូវតែ​ផ្ដល់​នីតិសម្បទា​ទៅឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោ​តទាំង ៥៥​រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​លុបចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​ច្បាប់បោះឆ្នោត​។​
 
​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ លោក​ផៃ ស៊ី​ផាន បានប្រកាស​ទាត់ចោល​ញត្តិ​របស់​អ្នកតំណាង​រាស្ត្រ បរទេស​ទាំងនេះ​។​លោក​ថា ការដាក់​លក្ខខណ្ឌ​មក​កម្ពុជា គឺជា​ញត្តិ​ដែលមាន​ច​រឹត​អាណានិគម និង​អគតិ​ច្បាប់​។​

​លោក​ផៃ ស៊ី​ផាន និយាយថា ញត្តិ​អ្នកតំណាងរាស្ត្រ​បរទេស​ទាំងអស់នោះ ធ្វើឡើង​មិនមាន​មូលដ្ឋានគ្រឹះ​នៃ​ការពិត​ច្បាស់លាស់ និង​មិន​គ្រប់​ជ្រុងជ្រោយ ដែល​ប្រតិកម្ម​ទៅតាម​ក្រុម​អ្នក​រត់ចោលស្រុក ដែល​ត្រូវ​ទទួល​ទោសទណ្ឌ​តាម​អង្គហេតុ និង​អង្គច្បាប់ នៃ​សេចក្តីសម្រេច​របស់​តុលាការ ដែល​បាន​វិនិច្ឆ័យ​ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​។ 

​លោក​ថែមទាំង​ចំអក​ឲ្យ​អ្នកតំណាងរាស្ត្រ​បរទេស​ទាំងអស់នោះ គួរតែ យកចិត្តទុកដាក់​គិតគូរ​ដល់ ពលរដ្ឋ​ខ្លួនឯង ជាជាង​ធ្វើ​សេចក្តីថ្លែងការណ៍​ប្រឆាំង និង​សេចក្តីសម្រេចចិត្ត​របស់​តុលាការ និង​សភា​កម្ពុជា​។ លោក​បាន​ហៅ​សកម្មភាព​នេះ ថា​ជា​ការឈ្លានពាន​វាយប្រហារ​មកលើ​អធិបតេយ្យភាព​កម្ពុជា​។​

​នៅក្នុង​លិខិត​ចំហ​នោះ ប្រធានសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស លោក​ឆាល សាន់​ទី​យ៉ា​ហ្គោ (Charles Santiago) លើកឡើងថា ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ នឹងមិន​ស្របច្បាប់​នោះឡើយ ប្រសិនបើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន មិន​ចាត់ការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​ខាងលើ​។​

​លោកឆា​ល សាន់​ទី​យ៉ា​ហ្គោ បញ្ជាក់ថា ការគាំទ្រ​ដ៏​លើសលុប​ពី​សមាជិកសភា​នៅ​ទូទាំង​ពិភពលោក​បែបនេះ សបញ្ជាក់​ឲ្យឃើញថា សហគមន៍​អន្តរជាតិ​មិន​ឈរ​ឱបដៃ​មើល​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា នេះ​ទេ​។​លោក​បាន​ព្រមាន​ថា បើ​លោក​ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំងអស់នេះ​ទេ នោះ​លោក​ហ៊ុន សែន នឹង​ក្លាយជា​មនុស្ស​ដែល​គេ​ផាត់​ចេញពី​សហគមន៍​អន្តរជាតិ​មិន​ខាន​៕

ព័ត៌មានផ្សេងទៀត