ចំពោះ​ស្ថានភាព​​នៅ​ឧបទ្វីប​កូរ៉េ​​ចិន​បន្ទោស​​ទាំង​កូរ៉េខាងជើង​​ព្រមាន​ទាំង​​អាមេរិក​

ដោយ៖ ពេញ ផេង 05-12-2017 9:44 am 993
​រដ្ឋមន្ដ្រីការបរទេស​ចិន​​លោក​វ៉ាង យី​ពេលថ្លែង​សុន្ទរកថា

​រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​វ៉ាង យី​បាន​រិះគន់​ទីក្រុង​ព្យុងយ៉ាង​ជុំវិញ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ថ្មីៗ​នេះ​។​ស្របពេល​ជាមួយគ្នា ចិន​បាន​អំពាវនាវ​ដល់​អាមេរិក កុំ​ធ្វើ​សកម្មភាព​ខុសពី​អ្វីដែល​ជា​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​លោក​វ៉ាង​និយាយ​បែបនេះ នៅពេល​ជួប​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​ម៉ុង​ហ្គោល​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​។​

​ចិន​បាន​អំពាវនាវ​ឲ្យមាន​ការសន្ទនា​គ្នា​ឡើងវិញ ជាការ​ប្រឆាំងនឹង​ការដាក់​សម្ពាធ​ផ្នែក​យោធា​លើ​កូរ៉េខាងជើង​។​លោក​វ៉ាង​ថា​ពិតជា​គួរឲ្យ​ស្ដាយ​ណាស់ ដែល​ភាគី​ពាក់ព័ន្ធ​មិនអាច​ចាប់យក​ឱកាស​បង្ហាញ​ពី​ភាពស្ងប់ស្ងាត់​ពីរ​ខែ មុន​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាថ្មី​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​។​

​លោក​រដ្ឋមន្ដ្រីការបរទេស​ចិន​បាន​រិះគន់​កូរ៉េខាងជើង ដែល​មិនអាច​ប្រកាន់ខ្ជាប់​នូវ​ដំណោះស្រាយ របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ហើយ​បែរ​បន្ដ​ជំរុញ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ទៅវិញ​។​ដោយឡែក​នៅក្នុង​ការព្រមាន​ជាក់ស្ដែង​មួយ​ទៅ​អាមេរិក លោក​វ៉ាង​និយាយថា​វិធានការ​ដែល​មិន​ស្ថិតក្រោម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ គ្មាន​មូលដ្ឋាន​ក្នុង​ច្បាប់​អន្ដរជាតិ​ឡើយ ហើយ​បំផ្លាញ​សិទ្ធិ​របស់​សមាជិក​អង្គការសហប្រជាជាតិ​។​

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​គំរាម​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំងនឹង​កូរ៉េខាងជើង ហើយ​បានបង្ហាញ​ការត្រៀមខ្លួន​ដើម្បី​ការពារ​ទាំង​ខ្លួនឯង​ផង​និង​សម្ព័ន្ធ​មិត្ដផង ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​យោធា​៕

ព័ត៌មានផ្សេងទៀត