អង្គការ​មូស្លីម​​នៅ​ឥណ្ឌូនេស៊ី​​ព្រមាន​អ្នកនយោបាយ​​កុំ​យក​សាសនា​​អ៊ីស្លាម​​ជា​ឈ្នាន់​

ដោយ៖ ពេញ ផេង 04-12-2017 5:08 pm 675
ក្រុមមូស្លីម​ដែលប្រមូលផ្ដុំ​តវ៉ាកន្លងមក

​អង្គការ​មូស្លីម​ធំជាងគេ​នៅ​ឥណ្ឌូនេស៊ី​ឈ្មោះ​Nahdlatul Ulama(NU) បាន​ព្រមាន​ដល់​អ្នកនយោបាយ​ណា​ដែល​ប្រើប្រាស់​សាសនា​អ៊ីស្លាម ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​។​ប្រធាន​អង្គការ​មូស្លីម​មួយ​នេះ​លើកឡើងថា ការយក​សាសនា​អ៊ីស្លាម​ធ្វើជា​មធ្យោបាយ​យក​ជ័យជម្នះ គេច​មិន​ផុតពី​ការរើសអើង​ប្រឆាំងនឹង​ជនជាតិភាគតិច​ឡើយ ហើយនឹង​បង្កឲ្យមាន​ការគុំគួន ដែល​អាច​នាំឲ្យមាន​ជម្លោះសាសនា​។​

​លោក​Yahya Staquf​ជា​ប្រធាន​អង្គការ​NU​បាន​ប្រាប់​ឲ្យដឹងថា “​មាន​អ្នកនយោបាយ​ប្រើប្រាស់​សាសនា​អ៊ីស្លាម​ធ្វើជា​អាវុធ ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​។​ការប្រើប្រាស់​សាសនា​ខុស​ប្រក្រតី​នៅ​ក្នុងសង្គម នឹង​ធ្វើឲ្យមាន​ការរើស​អើង​ប្រឆាំង​មនុស្ស​ដែលមាន​ជំនឿ​ផ្សេងៗ​គ្នា​។​បញ្ហា​នេះ​ពិតជា​មាន​សក្ដានុពល​ក្នុង​ការបង្ក​ការប៉ះទង្គិច​ផ្នែក​សាសនា ហើយ​ងាយស្រួល​បំផុត​អាច​ក្លាយជា​ជម្លោះសាសនា​”​។​

​ប្រទេស​ឥណ្ឌូនេស៊ី​ធ្លាប់​រង្គោះរង្គើ​ដោយសារ​បាតុកម្ម​ដ៏​ធំ ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម​តវ៉ា​ប្រឆាំងនឹង​អតីត​អភិបាលក្រុង​ចា​កាតា​លោក​Basuki Tjahaja Purnama​។​ការប្រឆាំង​ដោយសារ​អតីត​អភិបាលក្រុង​ចា​កាតា​កាន់សាសនា​គ្រិស្ដ​រូបនេះ ប្រើ​ពាក្យឃោសនា​ក្នុង​យុទ្ធនាការ​បោះឆ្នោត ដែល​ក្រុម​មូស្លីម​ចាត់ទុកជា​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះ​របស់​ពួកគេ​។​ក្រោយពី​នោះ​ក៏មាន​ចលនា​តវ៉ា​កាន់តែ​ធំ​ជាង​មុន ទាមទារ​ឲ្យ​កាត់ទោ​សលោក​Basuki Tjahaja Purnama​តាមច្បាប់​។​ទីបំផុត​លោក​ក៏ត្រូវ​ទម្លាក់​ចេញពី​តំណែង​៕

ព័ត៌មានផ្សេងទៀត