<​បិទ​ទីផ្សារ​> ​ប្រធានបទ​​ទម្លាក់កំហុស​​របស់​​អ្នកនយោបាយ​​

ដោយ៖ ខាត់ សុធី 04-12-2017 12:43 pm 5163

​ថ្លែង​តាមរយៈ​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី ០៣ ធ្នូ លោក​អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ប្រសិនបើ​អន្តរជាតិ ដាក់ទណ្ឌកម្ម បិទ​ទីផ្សារ សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា អ្នក​ដែល​ទទួលខុសត្រូវ​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ ពីព្រោះ​ការដាក់ទណ្ឌកម្ម​នេះ បណ្តាលមកពី​លោក​ហ៊ុន សែន មិន​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ តែបើ​ចង់ឲ្យ​បរទេស​ដក​ទណ្ឌកម្ម​វិញ គឺ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន​ត្រូវតែ​ធានាឲ្យមាន​ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាតឲ្យ​គណបក្សប្រឆាំ​ង​ចូលរួម​បោះឆ្នោត​ដោយ​ស្មើភាព​....

​សំឡេង​លោក​អេង ឆៃអ៊ាង​៖

​ប៉ុន្តែ​ប្រមុខ​គណបក្សកាន់អំណាច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ការទទួលខុសត្រូវ​របស់ខ្លួ​នទៅ​គណបក្សប្រឆាំង​វិញ ប្រសិនបើ​មាន​ការដាក់ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​អ្នកបញ្ជា​ទិញ​សំលៀកបំពាក់ មែន​នោះ​។​លោក​ហ៊ុន សែន បាន​បន្ទោស​គណបក្សប្រឆាំង​ថា បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​។ លោក​បាន​ថ្លែងប្រាប់​ក្រុមកម្មករ​រោងចក្រ​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ថា កម្មករ​ទេ​ដែលជា​អ្នករងគ្រោះ មិនមែន​លោក​ទេ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ឈប់​ការនាំចេញ​សំលៀកបំពាក់ ពី​កម្ពុជា​។​

​ការបញ្ជាក់ របស់លោក ហ៊ុន សែន នេះ​ធ្វើឡើង ក្រោយ​ដែល​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជា​ជា​ចុងក្រោយ​ថា នឹង​បញ្ឈប់​ការអនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ និង​បញ្ឈប់​ការលើកលែង​ពន្ធ​លើ​ការនាំចេញ​ផលិតផល​ផ្សេងៗ​ទៀត ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុបចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​នោះទេ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ក៏បាន​ទម្លាក់​បញ្ហា​នេះ​ទៅលើ​គណបក្សប្រឆាំ ថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ជាតិ ចំពោះមុខ​កម្មករ​រាប់សែន​នាក់ ពីព្រោះ​ពួកនេះ ជា​អ្នក​ឱប​ជើង​បរទេស ឲ្យ​គាបសង្កត់​មកលើ​រដ្ឋាភិបាល​កម្ពុជា​។​លោក​ថា នេះ​គឺជា​ច​រឹត​នៃ​ពួក​ប្រឆាំង​នៅ​កម្ពុជា​.......

​សំឡេង​លោក​សុខ ឥសាន​៖

​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​សុខ ឥសាន នៅតែមាន​សុទិដ្ឋិនិយម​ថា សហរដ្ឋអាមេរិក​ក្តី បណ្តា​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​ក្តី មុននឹង​ធ្វើ​អ្វីមួយ គឺ​ពិចារណា​ច្បាស់លាស់​ណាស់ មិនមែន​ចេះតែធ្វើ​អ្វីៗ​តាមតែ​ពួក​ប្រឆាំង​ចង់បាន​នោះទេ​។​

​ស្របពេល​គ្នា​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា​(GMAC) ក៏​កំពុង​ខ្នះខ្នែង អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ទាំងអស់​បន្ត​គាំទ្រ​កម្ពុជា ខណៈ​វិស័យ​កាត់ដេរ​របស់​កម្ពុជា ដែល​កំពុង​រង​ការព្រមាន​ពី​ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​នេះ​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អះអាងថា​កម្មករ​ជាង​៧០​ម៉ឺន​នាក់ ភាគច្រើន​ជា​ស្ត្រី កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យនេះ​។ កម្មករ​មាន​សេចក្តី​រីករាយ​ចំពោះ​ការទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋាភិបាល និង​និយោជក ដូចជា ការ​គាំពារ​សុខភាព គម្រោង​សោធន​និវត្តន៍ ថ្លៃ​ផ្ទះជួល និង​ការដំឡើង​ប្រាក់​ឈ្នួល​១៧០​ដុល្លារ​នៅ​ឆ្នាំក្រោយ​។​

​ស្រដៀង​នឹង GMAC ដែរ ថ្មី​នេះ សហជីព​ចំនួន​៥ បានដាក់​លិខិត​មួយ​ទៅកាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយ​អំពាវនាវ​កុំឲ្យ​មាន​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​។​ក្នុង​លិខិត ទៅកាន់ ស្ថានទូត អាមេរិក ក្រុម សហជីព​ទាំងនោះ បាន​លើកឡើងថា ពួកគេ មាន​ក្ដី បារម្ភ យ៉ាងខ្លាំង បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ព្រមាន​បញ្ឈប់​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដោយ​ថា ទណ្ឌកម្ម​នេះ នឹង​ធ្វើឲ្យបះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ក្រុមកម្មករ​រោងចក្រ​។​

​ប៉ុន្តែ​លោក​អេង ឆៃអ៊ាង បាន​ប្រាប់​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ថា​មិនចាំបាច់​ដាក់​លិខិត​ទៅកាន់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នោះទេ តែ​ត្រូវ​ស្នើសុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​គោរព​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ហើយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ដោយមាន​វត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព នោះ​កម្ពុជា ពិសេស​កម្មករ នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ប្រទេស​ទាំងនោះ​វិញ​មិន​ខាន​៕

ព័ត៌មានផ្សេងទៀត