ភាព​តានតឹង​​នៅ​ឧបទ្វីប​កូរ៉េ​​កើនឡើង​ខ្លាំង​​មុន​អាមេរិក​-​កូរ៉េខាងត្បូង​​ចាប់ផ្ដើម​សមយុទ្ធ​

ដោយ៖ ពេញ ផេង 04-12-2017 9:29 am 1197
រូបភាព​យន្ដហោះ​ចម្បាំង​​ដែលចូលរួម​​សមយុទ្ធ​​កន្លងមក

​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​កាលពី​ថ្ងៃទី​០៣​ធ្នូ មុន​មួយថ្ងៃ​នៃ​ការចាប់ផ្ដើម​សមយុទ្ធ​ជើង​អាកាស​ទ្រង់ទ្រាយ​ធំ​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​។​សមយុទ្ធ​នេះ​ជា​សមយុទ្ធ​មិន​ធ្លាប់មាន​ពីមុន ដែល​យន្ដហោះ​ចម្បាំង​២៣០​គ្រឿង​នឹងមាន​វត្ដ​មាន​ក្នុង​សមយុទ្ធ ក្នុងនោះ​មាន​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-22​ផង​។​កងទ័ព​ជាង​មួយ​ម៉ឺន​នាក់​ក៏​នឹងចូលរួម​ក្នុង​សមយុទ្ធ​Vigilant Ace ប្រព្រឹត្ដទៅ​រយៈពេល​៥​ថ្ងៃ​នេះដែរ​។​

​សមយុទ្ធ​នេះ​កូរ៉េខាងជើង​ចាត់ទុកជា​ការ​បង្កហេតុ ដែល​អាច​នាំឲ្យមាន​ជម្លោះ​នុយក្លេអ៊ែរ​។​កាសែត​Rodong​របស់​គណបក្សកាន់អំណាច​កូរ៉េខាងជើង បាន​ចុះផ្សាយ​នូវ​បទ​វិចារណកថា​មួយ​កាលពី​ថ្ងៃទី​០៣​ធ្នូ បន្ទោស​ការធ្វើ​សមយុទ្ធ​នេះ​។​

​បទ​វិចារណកថា​លើកឡើង​ទៀតថា វា​គឺជា​ការ​បង្កហេតុ​ដោយ​បើកចំហរ​ប្រឆាំង​កូរ៉េខាងជើង ដែល​អាច​នាំឲ្យ​មានសង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង​នៅពេល​ណាមួយ​។​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​អាយ៉ង​កូរ៉េខាងត្បូង ដែល​ដឹង​ច្បាស់​ថា​មាន​ចេតនា​សំដៅ​មករក​កូរ៉េខាងជើង នឹង​ក្លាយជា​អំពើ​ល្ងង់ខ្លៅ​បំផុត​អាច​បំផ្លាញ​ដល់​ខ្លួនឯង​។​

​សូមបញ្ជាក់ថា ការបោះពុម្ពផ្សាយ​អត្ថបទ​វិចារណកថា​នេះ មួយថ្ងៃ​បន្ទាប់ពី​ក្រសួងការបរទេស​កូរ៉េខាងជើង​ចោទប្រកាន់​រដ្ឋបាល​លោក​ត្រាំ​ថា កំពុង​ចង់ឲ្យ​មានសង្គ្រាម​នុយក្លេអ៊ែរ តាមរយៈ​ការធ្វើ​សមយុទ្ធ​គ្មាន​ខ្លាចរអា​គ្មាន​ការប្រុងប្រយ័ត្ន​។​កូរ៉េខាងជើង​ក៏​ទើប​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា បង្ក​កំហឹង​ជាថ្មី​ដល់​កូរ៉េខាងត្បូង ជប៉ុន អាមេរិក និង​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត