ពលរដ្ឋខ្មែរ ពិសេសអ្នកជនបទស្រែចម្ការ តែងប្រើពាក្យនេះក្នុងន័យចំអន់លេង ទៅលើមនុស្សស្គាល់គ្នា នៅក្នុងស្រុកភូមិជាមួយគ្នា។អ្នកយកពាក្យនេះទៅប្រើចំអន់គេ ច្រើនជាមនុស្សដែលមានវ័យចាស់ ចំអន់ទៅក្មេងប្រុសជំទង់ ដោយហៅថា «អា អន្ទិតគោលោត» ដែលគ្រាន់ចំអន់លេងសើចជាមួយប៉ុណ្ណោះ។
តើពាក្យ«គោលោត ឬអន្ទិតគោលោត» មានន័យដូចម្តេច? វាមានប្រវត្តិដូចម្តេច?
បើយើងបំបែកពាក្យនេះ វាបានមកពី«អន្ទិត +គោ+លោត»។
«អន្ទិត» ក្លាយមកពីពាក្យថា បណ្ឌិត ។ ពាក្យ«អន្ទិត» គេចូលចិត្តហៅអ្នកទើបសឹកពីបួសថ្មីៗ ព្រោះគេយល់ថា អ្នកនោះបានបួសមានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ….។
«គោ» ក្នុងន័យដែលយើងដឹងជាទូទៅ គឺជាសត្វពាហនៈ សម្រាប់ប្រើទឹម ដឹក អូស ជាសត្វមានប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្ស។
ឯ«លោត» គឺមានន័យថា ស្ទុះឡើងផុតពីទីប្រក្រតី, ស្ទុះផ្លោះរំលង។ ក្នុងន័យម្យ៉ាងទៀត អាចប្រើចំពោះការខឹង ដូចជាខឹងច្រឡោតខ្លាំង ឬអរខ្លាំង បញ្ចេញលំនាំស្ទុះលោតទាំងអង្គុយ ឬទាំងជំហរ។
ឧទាហរណ៍៖ ខឹងច្រឡោត ឬអរលោតកញ្ឆេង…………។
ចុះពាក្យ«គោលោត ឬអន្ទិតគោលោត» ដែលខ្មែរប្រើសម្រាប់ចំអន់លេង ទៅលើ ក្មេងជំទង់នោះ មានន័យដូចម្តេចទៅវិញ?
អត្ថន័យដែលយើងប្រើ«គោលោត ឬអន្ទិតគោលោត» នេះ គឺប្រើចំពោះក្នុងន័យចំអន់លេង ដោយមើលឃើញក្មេងជំទង់នោះឆោត ឬជោរ។ ក្នុងវចនានុក្រមខ្មែរ ពាក្យទំនឹមបុរាណថា «អន្ទិតគោលោត ឲ្យស្រីបញ្ឆោត អស់ពោតមួយចម្ការ» ដោយអត្ថន័យថា មានអន្ទិតម្នាក់ ទើបនឹងសឹកពីបួស មានស្រីម្នាក់និយាយបញ្ជោរ ឲ្យលក់ពោតឲ្យ ហើយវាកាច់ពោតអស់មួយចម្ការ អត់បានលុយ…..។
ដូច្នេះ«អន្ទិតគោលោត» ប្រើក្នុងន័យចំអន់លេង ចំពោះក្មេងជំទង់ ដែលឆោត ឡើងបញ្ជោរ ដែលជាពាក្យទំនឹមទំនៀមពីបុរាណរបស់ខ្មែរ៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ ត្រង់ទំព័រ៩៣១)