ពន្លា​ប្រទេស​បារាំង​នាំមក​នូវ​ជំនាញ​បារាំង​ក្នុង​វិស័យ​សំណង់​ជិត​១០​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៧​នេះ​

02-12-2017 7:19 pm 797
ឧកញ៉ាពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា លោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោកស្រីអេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងពិធីខ្សែសម្ពោធពន្លាប្រទេសបារាំង ។

ស្តាប់បទយកការណ៍ជាសំឡេង៖

​ជា​លើកទីមួយ​នៅ​កម្ពុជា​ដែល​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា បាន​ធ្វើ​ការជួបជុំ​នូវ​អ្នកជំនាញ​បារាំង ក្នុង​វិស័យ​សំណង់ ក្នុង​បរិវេណ​ពន្លា​ប្រទេស​បារាំង នា​ឱកាស​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ បញ្ជរ​លេខ ២០៥ - ២១២ ។ ពន្លា​ប្រទេស​បារាំង ត្រូវបាន​សម្ពោធ ក្រោម​អធិបតីភាព​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ព្រមទាំង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្រោយ​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ជា​ផ្លូវការ ។​

​បន្ទាប់​ពី​ចូលរួម​កាត់​ខ្សែបូ សម្ពោធ​ពន្លា​ប្រទេស​បារាំង រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម លោក ជា សុផារ៉ា បាន​ធ្វើដំណើរ​ទស្សនា​នូវ​ស្តង់​ពិព័រណ៍​របស់​ពន្លា​បារាំង ដែល​មាន​ចំនួន​ប្រមាណ​ជា​ជិត​១០​ស្តង់ ក្នុងចំណោម​ស្តង់​ពិព័រណ៍​ចំនួន​ប្រមាណ​ជិត​៣០០​ស្តង់ ដែល​មក​ពី​ក្រុមហ៊ុន​ប្រមាណ ១៦៨​ក្រុមហ៊ុន ដោយ​មាន​ការ​អមដំណើរ​ពី​សំណាក់​មន្ត្រី អ្នកឧកញ្ញា ម្ចាស់​ក្រុមហ៊ុន​នានា​ផង​ដែរ ។​

​វត្ត​មាន​ក្រុមហ៊ុន​បារាំង​ក្នុងការ​តាំងពិព័រណ៍​នៅ​ឆ្នាំនេះ បាន​បង្ហាញ​ឱ្យឃើញ​នូវ​សក្តានុពល​នៃ​វិស័យ​សំណង់ និង​ពី​ការឆ្លើយតប​របស់​បារាំង ទៅនឹង​តម្រូវការ​របស់​កម្ពុជា ហើយ​ការប្រមូលផ្តុំ​នៃ​ក្រុមហ៊ុន​បារាំង​ទាំង​នេះ ក៏​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដូចជា ការសាងសង់​ប្រកបដោយ​ប្រសិទ្ធភាព ការបង្កា​នូវ​ការខូចខាត​ផ្សេងៗ សោភ័ណ្ឌភាព និង​សុវត្ថិភាព​នៃ​សំណង់​អគារ និង​គុណភាព​នៃ​សម្ភារ​ជាដើម ។ ពន្លា​ប្រទេស​បារាំង ដែល​តំណាងឱ្យ​ផលិតផល​ជាង​២០​ម៉ាក ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដ៏​សំបូរបែប ដើម្បី​លើកស្ទួយ​កិត្យានុភាព​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា ។​

​ក្រោយ​វត្ត​មាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម អ្នកឧកញ៉ា និង​ប្រធាន​ក្រុមហ៊ុន​អមដំណើរ​បាន​ចាកចេញ ខ្ញុំ​បន្ត​ធ្វើ​ដំណើរ​ដើរ​មើល​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​នេះ ដែល​ភាគច្រើន ស្តង់​ទាំង​ជិត​៣០០​នោះ គឺ​បាន​ដាក់​បង្ហាញ​ពី​សម្ភារៈ​បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់​ទំនើបៗ មាន​គុណភាព ដែល​ជា​របកគំហើញ​បច្ចេកវិទ្យា​ថ្មីៗ មាន​ដាក់​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​នាពេល​បច្ចុប្បន្ន ។ ដូចជា​ស្តង់​បង្ហាញ​ពី​ឧបករណ៍​សម្រាប់​ស្វាន​ជញ្ជាំង​ថ្ម ស្វាន​ឈើ អារ​ដែក​ជាដើម ។ ស្តង់​មួយកន្លែង​នេះ ខ្ញុំ​បាន​ឈរ​មើល​បុគ្គលិក​អ្នក​បង្ហាញ​ស្វាន​ថ្ម ស៊ីម៉ង់ និង​អារ​ដែក​ស្តែងៗ​នៅនឹងកន្លែង​តែម្តង​…

​នៅ​ព្រឹក​ថ្ងៃ​សម្ពោធ​ដដែល ក្រៅពី​មាន​ការ​ដាក់​តាំង​បង្ហាញ​ពី​សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​សំណង់ ក៏​មាន​ការសម្តែង​សិល្បៈ​ពី​សំណាក់​ក្រុម​កាយារិទ្ធិ​រាជធានី​ភ្នំពេញ ដើរ​លេងភ្លេង​ព័ទ្ធ​បរិវេណ​ពិ​ព័​រណ៌ទៅ​មកៗ និង​កាន់​បដា​រូបភាព​អ្នក​រៀបចំ​កម្មវិធី​ទាំងអស់​ផងដែរ ។ 

​សំឡេង​កងរំពង​ពី​ការប្រគុំ​ភ្លេង​នេះ បាន​ក្លាយជា​ធ្លាក់​ទាក់ចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ដើរ​មើល​តាម​ស្តង់​នី​មួយៗ និង​តាម​រក​មើល​ម្ចាស់​សំឡេង ។ ដើរ​បណ្តើ​រងាក ឆ្វេង​ស្តាំ មើល​តាម​ស្តង់​ពិព័រណ៍​បណ្តើរ ខ្ញុំ​ក៏​ក្រឡេកឃើញ​បុរស​ពីរ​នាក់​អង្គុយ នៅ​ក្នុង​ស្តង់​ដែល​គេ​រៀបចំ​ឱ្យ ជា​ក្រុមហ៊ុន​របស់​បារាំង​នោះ ដោយ​គិត​ថា គាត់​ពិតជា​មិន​មែន​ជា​ជនជាតិ​បារាំង ហើយ​ប្រាកដជា​ខ្មែរ ឬ​ជនជាតិ​ក្នុង​តំបន់​អាស៊ី​យ៉ាង​ប្រាកដ ដែល​វា​នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​ទាក់ទង​និង​សាកសួរ​ពី​ព័ត៌មាន ហើយ​ក៏​សម្រេចចិត្ត​ទៅ​សួរនាំ​ពី​ក្រុមហ៊ុន​របស់​គាត់​តែម្តង ។​

​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ចាប់​​អារម្មណ៍​នោះ​គឺ គាត់​គឺ​ជនជាតិ​វៀតណាម ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អា​ប៉ាវ អាស៊ី​-​ប៉ាស៊ីហ្វិក (Apave Asia-Pacific) ។​

​លោក ដុង​ហៃ (Tran Thanh Dong Hai) បាន​ប្រាប់​ខ្ញុំ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ចូលរួម​ការតាំងពិព័រណ៍​នេះ ។ ក្រុមហ៊ុន អា​ប៉ាវ អាស៊ី​-​ប៉ាស៊ីហ្វិក មាន​ការិយាល័យ​កណ្តាល​ធំ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង​មាន​អាយុកាល​១៥០​ឆ្នាំ និង​បង្កើត​នៅ​វៀតណាម ជាង​២០​ឆ្នាំ​មកហើយ ។ លោក​ដុង​ហៃ ប្រាប់​ខ្ញុំ​បន្តថា ជា​ទស្សនវិស័យ​ទៅ​ថ្ងៃ​ខាង​មុខ លោក​រំពឹង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​មក​ដាក់​ការិយាល័យ​នៅ​កម្ពុជា​ឆាប់ៗ​នេះ ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ផ្នែក​វិស័យ​សំណង់ ពិសេស​គឺ​ផ្តោត​សំខាន់​លើ​សេវាកម្ម​ពិគ្រោះ​យោបល់​ផ្នែក​ឧស្សាហកម្ម​សំណង់ ។​

​មិន​ទៅ​ណា​ឆ្ងាយ​ទេ បន្ទាប់ពី​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​សេវាកម្ម​ពិគ្រោះ​យោបល់​ផ្នែក​វិស័យ​សំណង់​នេះ ខ្ញុំ​ក៏​បាន​ដើរ​មើល​មួយ​ជុំ ជុំវិញ​ទីតាំង​នៃ​ការ​ពិព័រណ៍​របស់​ស្តង់​បារាំង ដែល​គេ​ហៅថា ពន្លា​ប្រទេស​បារាំង​នោះ ។ ម្ចាស់​អ្នក​កាន់​ស្តង់ អ្នក​ទីផ្សារ ដែល​ជំនាញ​ខាង​ផ្នែក​និយាយ​ទាក់ចិត្ត​ភ្ញៀវ​នោះ ម្នាក់ៗ​កំពុង​មមាញឹក​ក្នុង​ការណែនាំ​ផលិតផល​របស់​ខ្លួន ទៅកាន់​ភ្ញៀវ​ដែល​ទស្សនា​មិន​ដាច់ ដែល​សំឡេង​ឮ​សូរដូច​ទឹក​ភ្លៀងរលឹម ។​

​បុរស​ម្នាក់​ដែល​ជា​អ្នក​ទីផ្សារ​របស់​ក្រុមហ៊ុន Confluences កំពុង​ឈរ​និយាយ​ទៅកាន់​ភ្ញៀវ​ម្នាក់​ដែល​គាត់​សាកសួរ​ពី​ផលិតផល​របស់​ក្រុមហ៊ុន ។ បន្ទាប់​ពី​និយាយ​ចប់ ខ្ញុំ​ក៏​សាកសួរ​ព័ត៌មាន​អំពី​ក្រុមហ៊ុន​តែម្តង ។ លោក​មនោរិ​ទ្ធិប្រាប់​ខ្ញុំ​ថា ក្រុមហ៊ុន Confluences គឺជា​ក្រុមហ៊ុន​បារាំង​មួយ ដែល​មាន​ការ​នាំចូល ផ្គត់ផ្គង់​សម្ភារៈ និង​ដោះស្រាយ​ស្តង់ដារ​អឺរ៉ុប ដែល​មាន​ដូចជា ឧបករណ៍​ពន្លត់អគ្គីភ័យ​, ស៊ីទែន​ទឹក​អាច​បត់បែន​បាន​, ការ៉ូ​ជ័រ​ផ្លា​ស្ទិច​, ឧបករណ៍​កីឡា និង​វ៉ាល​ទប់ស្កាត់​ក្លិន​ក្នុង​អគារ​ជាដើម​…
​សំឡេង​លោក​មនោ​រិទ្ធិ​៖

​លោក​មនោរិ​ទ្ធិប្រាប់​ខ្ញុំ​បន្តថា ក្រុមហ៊ុន Confluences ចាប់​បើក​ដំណើរការ​ចំនួន​បី​ឆ្នាំ​មកហើយ ហើយ​ក៏​ទើបតែ​ចាប់ផ្តើម​ចូលរួម​ការតាំងពិព័រណ៍​បាន​២​លើក​ប៉ុណ្ណោះ ។ លោក​បញ្ជាក់ថា ការចូលរួម​របស់​ក្រុមហ៊ុន​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ គឺ​ដើម្បី​ផ្សាយ​ផលិតផល​ដល់​អតិថិជន​ឱ្យបាន​ស្គាល់ កាន់តែ​ទូលំទូលាយ​…
​សំឡេង​លោក​មនោ​រិទ្ធិ​៖
​    ​
​គូសបញ្ជាក់ថា ពន្លា​ប្រទេស​បារាំង ឆ្នាំ​២០១៧​នេះ មាន​ការចូលរួម​តាំងពិព័រណ៍​ពី​សំណាក់​ក្រុមហ៊ុន​បារាំង​ចំនួន​៩​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​ផ្តត់ផ្គង់​សេវាកម្ម​ឧស្សាហកម្ម​សំ​ណង់ ។ ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន VINCI Construction, AFG, LBL Construction, Greenyello, 21’Eau Protection, Confulences distribution, Martin Duplantier Architechites, Debarre Duplantiers និង​ក្រុមហ៊ុន Apave Asia Pacific ៕​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត