គ​.​ជ​.​ប​បញ្ជាក់​ភាព​ស្អាតស្អំ​ក្រោយ​មាន​ការលើកឡើង​ពី​ការបាត់បង់​ធាតុ​ដើម​

ដោយ៖ គង់ ឧត្តម 02-12-2017 4:23 pm 2018
(ពីឆ្វេង) តែ ម៉ានីរ៉ុង សមាជិក, រ៉ុង ឈុន សមាជិក, មាន សទិ សមាជិក, ស៊ិក ប៊ុនហុក ប្រធាន, គួយ ប៊ុនរឿន អនុប្រធាន, ហ៊ីង ធីឫទ្ធិ សមាជិក, ឌុច សុន សមាជិក, ឯម សូផាត សមាជិក និង ហង្ស ពុទ្ធា សមាជិកនិងអ្នកនាំពាក្យ

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាស​ទាត់​ចោល​កា​រ​ចោទប្រកាន់ ក្នុង​អត្ថន័យ​ថា គ​.​ជ​.​ប ហាក់​បាត់បង់​ភាព​ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និង​យុត្តិធម៌ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ធ្វើឡើង​ដោយ ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​មួយ​នេះ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៧ ។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា មាន​ក្រុម​អ្នក​បំផ្លោង​ព័ត៌មាន​វាយប្រហារ ទៅលើ​ការងារ គ​.​ជ​.​ប​ក្នុង​បំណង​បំផ្លាញ​ទំនុកចិត្ត​សាធារណៈមតិ លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ឆ្នាំ​២០១៨​ខាងមុខ ។ លិខិត​ដដែល​បញ្ជាក់​អះអាងថា គ​.​ជ​.​ប​នៅ​តែ​រក្សា​ជំហរ បើទោះបីជា​សមាសភាព​ម​ក​ពី​មជ្ឈដ្ឋាន​ណាក៏ដោយ ក៏​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឱ្យបាន​ត្រឹមត្រូវ​បំផុត​ស្របតាម​ច្បាប់​កំណត់ ។ គ្មាន​បុគ្គល​ណា សមាសភាព​ណា អង្គការ​ណា អង្គភាព​បរទេស​ណា អាច​មក​ដាក់​សម្ពាធ ឬ​ប្រទាញ គ​.​ជ​.​ប ឱ្យ​អនុវត្ត​ប្រាសចាក​ពី​គតិ​ច្បាប់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​នេះ​បាន​ឡើយ ។​

​លើសពីនេះទៅទៀត គ​.​ជ​.​ប​បាន​ថ្លែង​បែប​អំនួត​ក្នុង​លិខិត​សេចក្តីប្រកាស​នោះ​ថា ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ កន្លងមក លទ្ធផល​គឺ​មាន​ការទទួលស្គាល់​និង​ទុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​លទ្ធផល​នេះ គឺ​មិនមែន​ដោយសារតែ​មាន​ការចូល​រួម ឬ​វត្ត​មាន​សមាសភាព គ​.​ជ​.​ប​មកពី​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ នេះ​គឺជា​សច្ចៈ​ភាព​ប្រវត្តិសាស្ត្រ​សម្រាប់ គ​.​ជ​.​ប​ហើយ​វា​ក៏​ជា​មោទនភាព​មួយ​របស់​ជាតិ​ខ្មែរ​ដែរ ។​

​គ​.​ជ​.​ប​អះអាងថា ខ្លួន​បាន​កំណត់​ផ្លូវ​រួចជាស្រេច ទោះ​ជា​សមាសភាព​មកពី​មជ្ឈដ្ឋាន​ណាក៏ដោយ គឺ គ​.​ជ​.​ប នៅ​តែ​ប្រកាន់​ជំហរ ឯករាជ្យ អព្យាក្រឹត្យ តម្លាភាព និង​យុត្តិធម៌​ជាដាច់ខាត ។ គោលការណ៍​ធំ​បំផុត របស់ គ​.​ជ​.​ប គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រឹមត្រូវ បាន​បោះឆ្នោត​ដោយ​សេរី ហើយ​សំឡេងឆ្នោត​របស់​បងប្អូន​ត្រូវ​បាន​រាប់​ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព ។​

​តាមពិតទៅ ព័ត៌មាន​ពី​ការវាយប្រហារ​ភាព​អព្យាក្រឹត្យ និង​យុត្តិធម៌ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ដែល​ជា​ស្ថាប័ន​តែមួយ​គត់​នៅ​កម្ពុជា ដែល​មាន​តួនាទី​និង​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ កើតឡើង​ក្រោយ​មានការ​ប្រកាស​លាលែង​ពី​តួនាទី​ជា​អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ពី​សំណាក់​អតីតមន្ត្រី ដែល​ជា​កូតា​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ការ​បែងចែក​អាសនៈ​ទំនេរ​ដល់​បក្ស​ដទៃ និង​ការ​ជ្រើស​យក​បេក្ខជន​៣​រូប​ជា​សមាជិក​ថ្មី​របស់ គ​.​ជ​.​ប ជំនួស​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លាលែង​ពី​តំណែង ។ ដែល​កត្តា​ទាំង​នេះ បាន​ធ្វើឱ្យ​សាធារណៈមតិ​ព្រួយបារម្ភ និង​គិត​ផ្តោត​ទៅលើ​ភាព​អព្យាក្រឹត្យ​របស់​ស្ថាប័នគ​.​ជ​.​ប​ជាដំបូង ។​

​ទោះយ៉ាងណា​ក៏ដោយ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប​បញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា គ​.​ជ​.​ប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ឯ​ការរៀបចំ ជ្រើសតាំង​សមាជិក គ​.​ជ​.​ប​គឺជា​សមត្ថកិច្ច​របស់​រដ្ឋសភា​…
សំឡេង​លោក សោម សូ​រី​ដា ៖

​យ៉ាងណាក្តី លោក សោម សូ​រី​ដា នៅតែ​បន្ត​អះអាងថា ស្ថាប័ន​គ​.​ជ​.​ប គឺជា​ស្ថាប័ន​ឯករាជ្យ ដែល​មាន​បេសកកម្ម​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ​.​ជ​.​ប​នៅតែ​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​…
​សំឡេង​លោក សោម សូ​រី​ដា ៖

​អតីតមន្ត្រី​គ​.​ជ​.​ប មក​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក រ៉ុង ឈុន ធ្លាប់បាន​លើកឡើង​នៅក្នុង​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គ​.​ជ​.​ប បាន​បាត់បង់​ធាតុ​ដើម និង​មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទៀត​ទេ ។ 

​លោក រ៉ុង ឈុន បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃទី​០២ ខែ​ធ្នូ ថា ការបាត់បង់​ធាតុ​ដើម​នោះ​មានន័យ​ថា កាលពីមុន គ​.​ជ​.​ប​អនុវត្ត​រូបមន្ត សមាសភាព​៤​បូក​៤ និង​បូក​១ ដែល​បួន​មកពី​គណបក្ស​កាន់អំណាច ៤​មកពី​គណបក្ស​ប្រឆាំង និង​១​មក​ពី​ស្ថាប័ន​សង្គម​ស៊ីវិល តែ​បច្ចុប្បន្ន​នេះ គ​.​ជ​.​ប មិន​បាន​អនុវត្ត​រូបមន្ត​នេះ​ត​ទៀត​នោះទេ ។ 
​លោក​ស្នើ​ឱ្យ​រង់ចាំ​មើល​ដំណើរការ នៃ​ការរៀបចំ​ការបោះឆ្នោតរ​បស់ គ​.​ជ​.​ប អំពី​ជំនឿ និង​ភាព​អព្យាក្រឹត្យ​របស់​ស្ថាប័ន​មួយ​នេះ​…
​សំឡេង​លោក រ៉ុង ឈុន ៖

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អនុម័ត​លើ​ការទទួលយក​បេក្ខជន​៣​រូប​ជា​សមាជិក​ថ្មី​របស់ គ​.​ជ​.​ប​ជំនួស​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លាលែង​ពី​តំណែង ក្រោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ជា​ស្ថាពរ ។​

​បេក្ខជន​ជំនួស​តំណែង​ជា​មន្ត្រី​គ​.​ជ​.​ប​៣​រូបនោះ រួមមាន លោក នុត សុខុម​, លោក ឌឹ​ម សុ​វណ្ណា​រុំ​និង​លោក ហ៊ែ​ល សារ៉ាត់ នឹង​ក្លាយជា​អនុប្រធាន និង​សមាជិក គ​.​ជ​.​ប​ថ្មី​។​លោក នុត សុខុម ត្រូវបាន​ជ្រើសរើស​ចេញពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, លោក ហ៊ែ​ល សារ៉ាត់ ត្រូវ​បាន​ជ្រើស​ចេញពី​គណបក្ស​សញ្ជាតិ​កម្ពុជា​និង​លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត