ទូត​អាមេរិក​ថា​​រដ្ឋាភិបាល​កម្ពុជា​​មិន​ចង់​ផ្អែម​ល្ហែម​​ជាមួយ​​ខ្លួន​ ស្រប​ពេល​​ល្អូកល្អឺ​ន​នឹង​​ចិន​​

ដោយ៖ អឿន ភារ៉ា 30-11-2017 2:49 pm 3451

«​យើង​បានទទួល​សញ្ញា​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ថា​រដ្ឋាភិបាល​កម្ពុជា​មិន​ចាប់អារម្មណ៍​ឲ្យមាន​ទំ​នាក់​ទំនង​ល្អ​ជាមួយ​អាមេរិក​ទេ​»​។ នេះ​ជា​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា William Heidt​។

លោក Heidt ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា ថ្លែងថា ការដែល​លោក​មក​កម្ពុជា​នេះ គឺ​ក្នុង​គោលដៅ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ លោក​បញ្ជាក់ថា លោក​មើលមិនឃើញ​នូវ​ចេតនា​ស្មោះត្រង់​ណាមួយ​ចេញពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្តារ​ស្ថានការណ៍​ទាំងនេះ ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។​

​លោក​ឯកអគ្គរដ្ឋទូត​រូបនេះ សង្កត់ធ្ងន់ថា​៖ «​ចាប់តាំងពី​ខ្ញុំ​មក​ធ្វើ​ឯកអគ្គរដ្ឋទូត រដ្ឋាភិបាល​ខ្មែរ​បាន​បោះជំហាន​ជាច្រើន​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​»​។ លោក Heidt បានលើកឡើង​ដូចជា​ករណី​រដ្ឋាភិបាល​កម្ពុជា​កាត់ផ្តាច់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា និង​ការ​ចោទ​សហរដ្ឋអាមេរិក​ពាក់​ព័ន្ធ​ទៅនឹង​ស្ថានភាព​នយោបាយ​នៅ​រយៈពេល​ចុងក្រោយ​នេះ​។ ការវិវត្តន៍​ទាំងនេះហើយ ដែល​ធ្វើឲ្យ​ប្រមុខ​ការទូត​សហរដ្ឋអាមេរិ​ក មើលឃើញថា ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​បច្ចុប្បន្ន កាន់តែ​ល្អក់កករ ហើយ​ថា​រដ្ឋាភិបាល​អាមេរិក​កំពុងតែ​ពិនិត្យមើល​ឡើងវិញ​នយោបាយ​ការបរទេស​ជាមួយ​កម្ពុជា​ផងដែរ​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ច្រានចោល និង​ថ្កោលទោស​ចំពោះ​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បែបនេះ​។ លោក​យល់ថា ការ​សន្មត់​របស់លោក William Heidt ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាការ​បំភ័ន្ត​ពី​ការពិត​ទាំងស្រុង ហើយ​លោក​ថា នេះ​ជា​សញ្ញា​មួយ​ដែល​ធ្វើឲ្យ​បាក់បែ​កដល់​ចំណង​មេត្រី​ភាពរវាង​ប្រទេស​ទាំងពីរ​។​
​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​ជា​ការកត់សម្គាល់ ការធ្វើ​អត្ថាធិប្បាយ​ចុងក្រោយ​ជុំវិញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​នេះ ស្រប​ពេលដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ជាមួយ​បក្សកុម្មុយនិស្ត​ចិន រយៈពេល​៤​ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង​។ នេះ​ជា​កិច្ចសន្ទនា​គណបក្សនយោបាយ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​ដោយ​រដ្ឋាភិបាល​ចិន ហើយ​មាន​គណបក្សនយោបាយ​ម​ក​ពី​បណ្ដា​ប្រទេស​លើ​ពិភពលោក​ប្រមាណ ១២២ និង​មាន​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​រហូត​ដល់​ទៅ ៥០០​នាក់​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នេះដែរ​។

​ក្រៅពីនេះ លោក​ហ៊ុន សែន ក៏​នឹង​ណាត់ជួប​លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន មន្ត្រី​សំខាន់ៗ​របស់​ចិន រួមទាំង​បណ្តា​ក្រុមហ៊ុន​ចិន​មួយចំនួន ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

ការ​បោះជំហាន​របស់​កម្ពុជាជា​បន្ត​បន្ទាប់នេះ ត្រូវបាន​គេ​កត់សម្គាល់ថា នយោបាយ​ការទូត​របស់​កម្ពុជា ហាក់​មាន​ទំនោរ​ទៅរក​ប្រទេស​កុំមុយនីស្ត​ចិន​កាន់តែខ្លាំង និង​ស្របពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ខ្វល់​ចំពោះ​ការ​ថ្កោលទោស និង​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ក្រុម​បស្ចិម​ប្រទេស លើកលែងតែ​ប្រទេស​ចិន ដែល​បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លោក​ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​។

​កម្ពុជា​កំពុង​ជិតស្និត​ជាមួយ​ចិន​ដូចដែល​គេ​មើលឃើញ​នោះ ត្រូវបាន​លោក​ផៃ ស៊ី​ផាន លើក​ជា​សំណួ​រថា តើ​សហរដ្ឋអាមេរិក​បាន​ជួយ​កម្ពុជា​ស្មើនឹង​ប្រទេស​ចិន​ដែរឬទេ ក្នុង​ការរៀបចំ​ឲ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​សេដ្ឋកិច្ច​ដែល​បាន​ជួយ​រំដោះប្រជាជន​ពី​ភាពក្រីក្រ ហើយ​តើ​អាមេរិក​បាន​ជួយ​កម្ពុជា​ឲ្យមាន​កម្លាំង​គ្រប់គ្រា​ន់ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ប្រទេសជិតខាង​ឬទេ​? បែបនេះ​ក្តី អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ ថ្លែងថា កម្ពុជា​មិន​ចង់​បង្កជម្លោះ​ជាមួយ​អាមេរិក និង​នៅតែ​រក្សា​ចំណងមិត្តភាព​ជាមួយគ្នា ក៏ដូចជា​ប្រទេស​ដទៃទៀត​។​
​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា ជំហរ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​ឯករាជ្យ មិន​រណប​ប្រទេស​ណាមួយ ដែល​នាំឲ្យ​កម្ពុជា​ធ្លាក់ក្នុង​អន្លង់គ្រោះថ្នាក់​ដូ​ចអតីត​កាល​នោះឡើយ​។ លោក​បន្ថែមថា ក្នុងនាម​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព កម្ពុជា​ត្រូវ​ការធ្វើ​មិត្ត​ទាំង​អាមេរិក និង​ចិន ហើយក៏​គ្មាន​ហេតុផល​ត្រូវ​ទៅ​រាយការណ៍​ឲ្យ​ប្រទេស​មហាអំណាច​ទាំងពីរ មុន​ធ្វើ​អ្វីមួយ​នោះឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា ជំហរ​នយោបាយ​ការទូត​របស់​កម្ពុជា​បច្ចុប្បន្ន មិនទាន់មាន​ភាពល្អប្រសើ​រ​នៅឡើយ​ទេ​។ ហើយ​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ភាព​អព្យាក្រឹត្យ​របស់ខ្លួន​ឲ្យ​ល្អ ពោលគឺ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ទាំង​ប្រទេស​កុ​ម្មុយ​និស្ត​ផង សេរី​ផង ដូចជា​ចិន អាមេរិក និង​អឺរ៉ុប​ជាដើម ដើម្បី​រក្សា​ផលប្រយោជន៍ ដែល​កម្ពុជា​បានទទួល​យ៉ាងច្រើន​ពី​ប្រទេស​ទាំងនោះ​៕

ព័ត៌មានផ្សេងទៀត