វត្តមាន​ជនជាតិចិន​កាន់តែច្រើន​បង្កើនទាំង​សេដ្ឋកិច្ច​និងក្តីបារម្ភ ​

30-11-2017 2:28 pm 3123
អាជ្ញាធរខ្មែរបង្ក្រាបជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអាំងទែណែត។

បច្ចុប្បន្នវត្តមានរបស់ជនជាតិចិន បានចូលមកស្នាក់នៅ និងប្រកបការងារច្រើន សន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ទេសចរណ៍។ ជនជាតិចិនខ្លះ បានយកកម្ពុជា ជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត ហើយខ្លះទៀត បានយកប្រាក់ជាច្រើន មកវិនិយោគនៅក្នុងតំបន់ទេសចរណ៍ ហើយបានបង្កឲ្យអាជីវកខ្មែរមួយចំនួន មានព្រួយបារម្ភពីការប្រកួតប្រជែង។

បច្ចុប្បន្នចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនកើនដល់៥ពាន់១រយលានដុល្លារ ដែលផ្តោតលើវិស័យមួយចំនួនដូចជា សំណង់ វាយនភ័ណ និងអគ្គសនី។ កាលពីឆ្នាំ២០១៦ កម្ពុជាបានទទួលទេសចរចិនប្រមាណ៨៣ម៉ឺននាក់។ ចំណែកនៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៧នេះ កម្ពុជាទទួលអ្នកទេសចរចិនជាង៦៣ម៉ឺននាក់ ដែលមានការកើនឡើងជាង៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាការពិត តួលេខខាងលើនេះបង្ហាញពីសញ្ញាល្អ សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរ និងពលរដ្ឋខ្មែរមួយចំនួនក៏បារម្ភផងដែរ ពីភាពអវិជ្ជមានរបស់ជនជាតិចិន ដែលចេះតែកើនឡើងជាបន្តបន្ទាប់។បារម្ភដោយសារតែ មានជនជាតិចិនខ្លះ បានបង្កជាអសន្តិសុខ ក្នុងតំបន់ទេសចររបស់កម្ពុជា និងខ្លះទៀតបានយកកម្ពុជា ជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធ អ៊ីនធឺណេត។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិចិន ដែលពាក់ព័ន្ធនឹងបទល្មើសនេះ ចំនួន១៥លើករួចមកហើយ ដោយជនជាតិចិនសរុបជិត១២០០នាក់ ក្នុងនោះមានស្ត្រីជាង២០០នាក់ ត្រូវបានបញ្ជូនចេញទៅប្រទេសចិនវិញ។ ដោយឡែកបើគិតពីខែមករាដល់ខែតុលាឆ្នាំ២០១៧នេះ កម្ពុជាបានបង្ក្រាបបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអាំងទែណែតចំនួន៥ករណី ដោយឃាត់ខ្លួនជនជាតិចិនបាន៤០៧នាក់ ក្នុងនោះស្រី៧៦នាក់។

ដូច្នេះ សកម្មភាពទាំងនេះ វាបានជះឥទ្ធិពលអាក្រក់ទៅដល់មុខមាត់ប្រទេសកម្ពុជា បើសិនជាអាជ្ញាធរខ្មែរអនុវត្តច្បាប់នៅធូររលុង។ ពីព្រោះសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ត្រូវបានធ្វើឡើងដូចជាកន្លែងធ្វើការងារត្រឹមត្រូវអ៊ីចឹង ដោយមានតបណ្តាញបច្ចេកវិទ្យា នៅលើទីតាំងដែលពួកគេជួល មានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងប័ណ្ណការងារជាដើម។ចង់មិនចង់ ការផ្តល់ភាពស្របច្បាប់នេះ គឺមាន ការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច។

ត្រឡប់មកនិយាយអំពីអ្នកវិនិយោគរបស់ជនជាតិចិនវិញម្តង។ សព្វថ្ងៃអ្នកវិនិយោគជនជាតិចិន មាន ច្រើនស្ទើតែគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសចរណ៍។ កំណើនអ្នកវិនិយោគចិន នេះ ត្រូវបានរដ្ឋាភិបាលសាទរ ខណៈដែលអាជីវករខ្មែរមួយចំនួន សម្តែងក្តីបារម្ភពីផលប៉ះពាល់ដល់ អាជីវកម្មរបស់ពួកគេ។

អាជីវករខ្មែរនៅតំបន់ទេសចរណ៍ ធ្លាប់បានត្អូញត្អែថា អាជីវកម្មរបស់ពួកគេ អាចនឹងត្រូវផ្អាកដំណើរការ ដោយសារតែថ្លៃតូប ផ្ទះជួល ចេះតែឡើងថ្លៃបណ្តើរៗ។ការឡើងថ្លៃនេះ ដោយសារតែអ្នករកស៊ីចិន បានឲ្យថ្លៃខ្ពស់ដល់ម្ចាស់ផ្ទះដែលចង់ជួល ដូច្នេះហើយបានជាម្ចាស់ផ្ទះខ្លះ ចង់ជួលឲ្យតែជនជាតិចិន។

ជាក់ស្តែង នៅក្នុងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា វត្តមានរបស់ជនជាតិចិន ដែលចូលមកស្នាក់នៅ និងប្រកបការងារច្រើនសន្ធឹកសន្ធាប់ នៅពេលបច្ចុប្បន្ននេះ។ ជនជាតិចិន ទាំងនេះ ហ៊ានជួលសណ្ឋាគារប្រណិតៗ លំដាប់ផ្កាយ ឬជួលភូមិគ្រឹះ និងវិឡាធំស្កឹមស្កៃ មានតម្លៃខ្ពស់រាប់ម៉ឺនដុល្លារក្នុង ១ខែៗ ដើម្បីស្នាក់នៅ ឬធ្វើជំនួញជាដើម។នេះបើតាមការអះអាងរបស់មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ។

ផ្ទះសំណាក់ សណ្ឋាគារ ការស៊ីណូ និងក្លឹបកម្សាន្ត បច្ចុប្បន្នភាគច្រើន គឺសុទ្ធតែមានថៅកែជនជាតិចិន ហើយភ្ញៀវដែលចូលមកស្នាក់នៅភាគច្រើន ក៏សុទ្ធតែចិនគ្នាគេដែរ។ចំណែកបុគ្គលិកដែលបម្រើការងារ នៅទីនោះវិញ ថៅកែតម្រូវឲ្យចេះភាសាចិនបានល្អ ជាថ្នូរទៅនឹងទទួលប្រាក់ខែខ្ពស់។

ជារួមមកវិញ កម្ពុជាតែងមោទនភាពចំពោះភ្ញៀវទេសចរណ៍បរទេស ជាពិសេសជនជាតិចិន ដែលមានកំណើនកាន់តែច្រើនចូលមកទស្សនាកម្ពុជា ហើយយើងក៏សាទរចំពោះ ចំណាត់ការរបស់អាជ្ញាធរ ដែលបានចុះបង្ក្រាបជនបរទេសនានា ដែលចូលមកស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើដោយខុសច្បាប់កម្ពុជា។

តែយ៉ាងណា ចាប់ពីអំណេះតទៅ អាជ្ញាធរខ្មែរ តាមរយៈសមត្ថកិច្ចជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ គួរបង្កើនការពិនិត្យពិច្ច័យពីវត្តមានជនបរទេស ពិសេសជនជាតិចិន ដែលបានចូលមកស្នាក់នៅកម្ពុជា និងជាមុខសញ្ញាបង្កការលំបាកដល់សង្គមខ្មែរ។ អាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ការអនុវត្តច្បាប់ ការទិញលក់ ឬការផ្ទេរសិទ្ធិ។ កាលណាកម្ពុជាពង្រឹងច្បាប់ ស្តីពីការគ្រប់គ្រងជនបរទេសបានម៉ឺងម៉ាត់ ការប្រព្រឹត្តបទល្មើស អាចនឹងត្រូវកាត់បន្ថយ ហើយមុខមាត់ប្រទេសកម្ពុជា នឹងទទួលបានការកោតសរសើ ពីសំណាក់ពិភពលោកផងដែរ៕ 

ព័ត៌មានផ្សេងទៀត