អ្នកនាំពាក្យ​យល់ថា​​ការព្រួយបារម្ភ​​របស់​បារាំង​​មកលើ​​កម្ពុជា ​គឺ​ក្នុងនាម​​ជា​មិត្ត​ល្អ​​

ដោយ៖ ខាត់ សុធី 29-11-2017 2:29 pm 346

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នកនាំពាក្យ លោក​ផៃ ស៊ី​ផាន បានចាត់ទុក​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា ជាពិសេស​នៅពេល​ជិត​មាន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ពី​សំណាក់​ភាគី​បារាំង នៅពេលនេះ ថា​គ្រាន់តែ​ជា​ការព្រួយបារម្ភ​ក្នុងនាម​ជា​មិត្ត​ល្អ ជា​ដៃគូ​អភិវឌ្ឍ ជាមួយ​កម្ពុជា​ប៉ុណ្ណោះ ពោលគឺ​មិនអាច​មក​បង្គាប់បញ្ជា​លើ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​បានឡើយ​។​

​លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា​វត្តមាន​មន្ត្រីជាន់ខ្ពស់​បារាំង ក្នុង​ការជួប​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា តំណាង​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ដោយ​ផ្តោត​ពិសេស​លើ​ទំនាក់ទំនង​ទ្វេភាគី និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន នាពេលនេះ មិនអាច​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​ឲ្យ​ត្រឡប់ក្រោយ​ដោយ​រំលង​ទិដ្ឋភាព​ច្បាប់​បានទេ​។​លោក​ថា កម្ពុជា មិន​អាចរំលាយ​ច្បាប់ រំលាយ​រដ្ឋធម្មនុញ្ញ ដើម្បី​មិត្តភាព​នោះឡើយ​។​ដូច្នេះ សំណើ​ណាមួយ​របស់​ភាគី​បារាំង ទាក់ទង​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ ការចាប់ខ្លួន និង​ការឃុំខ្លួន​មេដឹកនាំ​គណបក្ស​នេះ រួមទាំង​ការហាមឃាត់​សមាជិក​គណបក្ស​ចំនួន​១១៨​រូប មិន​ឱ្យធ្វើ​នយោបាយ​ក្នុងអំឡុងពេល​៥​ឆ្នាំ មិនមាន​ឥទ្ធិពល​មកលើ​ការអនុវត្ត​របស់​កម្ពុ​ជា​ជាដាច់ខាត ......

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​បើតាម​សេចក្តីប្រកាស​ព័ត​មាន​ពី​ស្ថានទូត​បារាំង​នៅ​កម្ពុជា​បញ្ជាក់ថា លោក ឆៀ​រី ម៉ា​ធូ (Thierry MATHOU) ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា ជាពិសេស​នៅពេល​ជិត​មាន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ។ 

​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ ការចាប់ខ្លួន និង​ការឃុំខ្លួន​មេដឹកនាំ​គណបក្ស លោក​កឹម សុខា រួមទាំង​ការហាមឃាត់​សមាជិក​គណបក្ស​ចំនួន​១១៨​រូប មិន​ឱ្យធ្វើ​នយោបាយ​ក្នុងអំឡុងពេល​៥​ឆ្នាំ ទាំងនេះ ជា​បញ្ហា​ចោទ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​បារាំង  អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​បក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ។​

​ប្រធាន​នាយកដ្ឋាន​អាស៊ី និង​ការបរទេស​បារាំង​រូបនេះ អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ចូលរួម​សារជាថ្មី នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​អនុញ្ញាតឱ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើរការ​ដោយ​គ្មាន​ការរារាំង ។ លោក​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​ការបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​កម្ពុជា (CCHR) មែន​នោះ វា​នឹង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការវិវត្ត​អវិជ្ជមាន​មួយ​។​

​ចំណែក​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក​ម៉ាក បាត់​លើ​រ៍ (Mark Butler) បាន​ថ្លែង​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា លោក​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ត្រូវ​ពិនិត្យមើល​ទ្រព្យសម្បត្តិ និង​ភាគហ៊ុន​របស់​ក្រុមគ្រួសារ មន្ត្រីជាន់ខ្ពស់​នៃ​របប​របស់លោក​ហ៊ុន សែន ដែល​បាន​យក​លុយកខ្វក់​ពី​កម្ពុជា មក​បើក​ភាគហ៊ុន​ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងប្រទេស​អូស្ត្រាលី​។​

​តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​អូស្ត្រាលី​រូបនេះ នឹង​ជំរុញ​អោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ប្រើ​វិធានការ​ជាក់លាក់​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​អះអាងថា កំពុង​វាយប្រហារ​ធ្ងន់ធ្ងរ​ចំ​កណ្ដាល​បេះដូង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​។​

​តែ​លោក​ផៃ ស៊ី​ផាន ថា​រដ្ឋាភិបាល​កម្ពុជា​មិន​ចាប់អារម្មណ៍​ចំពោះ​ការគំរាមកំហែង​ណាមួយ​ពី​រដ្ឋាភិបាល​បរទេស​ឡើយ​។​លោក​ថែមទាំង​បញ្ជូន​ជើង​ថា​«​សូម​ធ្វើ​ចុះ​»​ដើម្បី​រួមចំណែក​បំបាត់​អំពើ​ខុសច្បាប់ លួចលាក់​លុយ​នៅឯ​ក្រៅប្រទេស នៃ​មន្ត្រី​ពុករលួយ​មួយចំនួន​ផង​.........

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

ស្របពេល​ដែល​ប្រទេស​បារាំង និង​ប្រទេស​សេរី​ដទៃទៀត​កំពុង​ព្រួយបារម្ភ​ពី​នយោបាយ​កម្ពុជា និង​ព្រមាន​ដាក់ទណ្ឌកម្ម​ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​មកលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ អតីតមន្ត្រី​គណបក្សប្រឆាំង​ឯណោះ ទាំង​ថ្នាក់​កំពូល រហូតដល់​ថ្នាក់មូលដ្ឋាន​មួយចំនួន កំពុង​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស ដើម្បី​សុវត្ថិភាព និង​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​។ 

​បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ជា​ផ្លូវការ​ហើយ​ក៍ដោយ ក៏​អតីត មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ពី​ខាង​ក្រៅប្រទេស ថា គណបក្ស​ខ្លួន​នៅតែ​រឹងមាំ​ដដែល ហើយ​ត្រៀម​បន្តសកម្មភាព​របស់ខ្លួន​ទៅមុខទៀត បើទោះបីជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល រុះរើ​កម្ទេច​ស្លាក​គណបក្ស​អស់ហើយ​ក៏ដោយ​។ ទន្ទឹមគ្នានេះ អតីតមន្ត្រី​ដឹកនាំ​គណបក្សប្រឆាំង​លោកស្រី​មូរ សុខ​ហួរ អះអាងថា លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​នៅតែ​បន្តសកម្មភាព​នយោបាយ​ដ៏​ឥត​ងាករេ ដើម្បី​ឆ្ពោះទៅ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕

 

ព័ត៌មានផ្សេងទៀត