ក្រុម​សកម្មប្រយុទ្ធ​​ក្នុង​តំបន់​​អាស៊ាន​​ផ្ដល់​ជម្រក​​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​​មកពី​ស៊ី​រី​​និង​អ៊ីរ៉ាក់​

ដោយ៖ ពេញ ផេង 28-11-2017 4:56 pm 275
ក្រុមសកម្មប្រយុទ្ធ​នៅអាស៊ី​ដែលគាំទ្រ​ក្រុមរដ្ឋអ៊ីស្លាម

​រយៈពេល​ជាង​បី​ឆ្នាំ​បាន​កន្លងផុតទៅ បើ​គិត​តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ក្រុម​នេះ​បានប្រកាស​ផ្ដាច់ខ្លួន​ជា​រដ្ឋ​អ៊ីស្លាម​បន្ទាប់ពី​វាយលុក​ដណ្ដើមបាន​ទីក្រុង​មូ​ស៊ួល​ជា​ទីក្រុង​ធំ​ទី​ពីរ​ក្នុងប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៤​។​ប៉ុន្ដែ​ពេលនេះ​ដែនដី​របស់គេ​ទាំង​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ស្ទើរ​ទាំងស្រុង​ទៅហើយ​ត្រូវ​កងទ័ព​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ដណ្ដើមបាន​មក​វិញ​។​សមាជិក​របស់គេ​ក៏បាន​ចាកចេញ​ពី​ស៊ី​រី​និង​អ៊ីរ៉ាក់​ទៅរក​ទ្រនំ​ថ្មី​។​រីឯ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បានប្រកាស​ស្វាគមន៍​សមាជិក​ដែល​បាន​ជម្លៀស​ពី​អ៊ីរ៉ាក់​និង​ស៊ី​រី ហើយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ថែមទាំង​អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធ​បង្កើត​រដ្ឋ​ឯករាជ្យ​ថ្មី​មួយទៀត​។​

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី​លោក​Hishammuddin Hussein​បាន​និយាយថា ក្រុម​សកម្មប្រយុទ្ធ​នៅ​អាស៊ីអាគ្នេយ៍​កំពុតែ​ដើរតួ​ជា​អ្នក​ជួយសង្គ្រោះ ជា​អ្នកផ្ដល់​ជម្រក​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​ចាកចេញ​ពី​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ក្រុម​រដ្ឋ​អ៊ីស្លាម​បាត់បង់​មូលដ្ឋាន​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ក្រោយ​រង​ការវាយប្រហា​តាម​ជើង​អាកាស​ពី​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​ការវាយលុក​ពី​កងទ័ព​ម្ចាស់​ស្រុក​ដណ្ដើមយក​ទឹកដី​មកវិញ​។​

​ក្រុម​សកម្មប្រយុទ្ធ​ប្រចាំ​តំបន់​ដូចជា​ក្រុម​Abu Sayyaf (ASG)  ក្រុម​Jemaah Islamiyah (JI)​និង​ក្រុម​Mujahideen បានប្រកាស​ជា​សាធារណៈ​រួច​ហើយពី​ភក្ដីភាព​របស់​ពួកគេ​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​នេះ​បើតាម​សម្ដី​លោក​Hishammuddin ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការពារជាតិ​ប្រឆាំង​ភេរវកម្ម កាលពី​ថ្ងៃទី​២៦​វិច្ឆិកា​ក្នុង​ទីក្រុង​រី​យ៉ា​ដប្រទេស​អារ៉ាប៊ីសាអូឌីត​។​

​លោក​Hishammuddin​បន្ថែមថា ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ចាំ​ទទួល​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​ចាកចេញ​ពី​ទីក្រុង​មូ​ស៊ួល ទីក្រុង​អាឡិប​ប៉ូ និង​ទីក្រុង​រ៉ា​កា ហើយ​ពួកគេ​ថែមទាំង​ប្រកាស​ខ្លួន​ជា​រដ្ឋ​អ៊ីស្លាម​នៅ​អាស៊ីអាគ្នេយ៍​ឈ្មោះថា​“East Asia Wilayah”​ទៀតផង​។​ការប្រកាស​ខ្លួន​របស់​ពួកគេ​បាន​រាលដាល​ទៅដល់​សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន តំបន់​ភាគខាងត្បូង​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​បាន​បាត់បង់​ទឹកដី​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អំពាវនាវ​ដល់​ក្រុម​មូស្លីម​ឲ្យចូល​រួម​ធ្វើសង្គ្រាម​

​កាលពី​ថ្ងៃទី​២៦​វិច្ឆិកា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​រម្លឹក​ឡើងវិញ​នូវ​ការអំពាវនាវ​ដល់​ក្រុម​មូស្លីម​ក្នុងប្រទេស​ហ្វីលីពីន និង​នៅ​ទូទាំង​ពិភពលោក ចូលរួម​គាំទ្រ​ដល់​សង្គ្រាម​ប្រឆាំងនឹង​កងទ័ព នៅ​កោះ​មិន​ដា​ណាវ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។​នេះ​បើតាម​ការអះអាង​ពី​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​Vienna​លោក​NicoPrucha​។​ការអំពាវនាវ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ហ្វីលីពីន​ដណ្ដើមយក​ទីក្រុង​ម៉ា​រ៉ាវី ពី​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​មកវិញ​មិន​ដល់​ពីរ​ខែ​ផង​។​

​លោក​Prucha​បន្ថែមថា សារ​អំពាវនាវ​នេះ​បាន​បង្ហោះ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​តាម​Telegram ប្រកូក​ប្រកាស​ឲ្យ​ក្រុម​មូស្លីម​ចូលរួម​ធ្វើសង្គ្រាម​នៅ​មិន​ដា​ណាវ​។​សារ​នៅលើ​Telegram​បញ្ជាក់​បន្ថែមថា កងទ័ព​រដ្ឋាភិបាល​បាន​វាយ​បំបែក​ចង់​យកឈ្នះ​លើ​អ្នក​ប្រយុទ្ធ​បរទេសរ​បស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី តែ​ពួកគេ​នឹងមិន​ជោគជ័យ​ឡើយ​។​ក្រុម​រដ្ឋ​អ៊ីស្លាម​ទទូច​ឲ្យ​ក្រុម​មូស្លីម​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រយុទ្ធ​ដើម្បី​បង្កើត​រដ្ឋ​មួយទៀត​នៅ​អាស៊ី​គឺ​“East Asia Wilayah”​នេះឯង​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាត់បង់​ទឹកដី​តែ​រីកសាយ​មនោគមវិជ្ជា​

​ជាការ​ពិតណាស់ រយៈពេលជាង​បី​ឆ្នាំ​បាន​កន្លងផុតទៅ បើ​គិត​តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ក្នុង​តំបន់​ពួកគេ​កាន់កាប់​បាន​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ក្រុម​នេះ​បានប្រកាស​ផ្ដាច់ខ្លួន​ជា​រដ្ឋ​អ៊ីស្លាម​បន្ទាប់ពី​វាយលុក​ដណ្ដើមបាន​ទីក្រុង​ម៉ូ​ស៊ួល ជា​ទីក្រុង​ធំ​ទី​ពីរ​ក្នុងប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២៩​មិថុនា​ឆ្នាំ​២០១៤​។​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ឆ្លៀតឱកាស​ពេល​មាន​ជម្លោះ​និកាយ​និង​ការយល់ច្រឡំ​បង្កើតជា​វិវាទ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​ពង្រីក​ឥទ្ធិពល​។​

​យ៉ាងណាមិញ​ដែនដី​ឈ្លានពាន​បាន​ទាំង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ មិន​គង់វង្ស​យូរអង្វែង​ឡើយ​។​នៅ​អ៊ីរ៉ាក់​កងទ័ព​បានធ្វើ​ប្រតិ​បត្ដិកា​រវាយ​លុ​កដណ្ដើម​យក​ក្រុង​ម៉ូ​ស៊ួល ឈានដល់​ដំណាក់កាល​ចុងក្រោយ​ដោយ​គ្រប់គ្រង​បាន​ទាំងស្រុង​វិញ​។​

​ចំណែក​នៅក្នុង​ប្រទេស​ស៊ី​រី អាមេរិក​បាន​គាំទ្រ​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ ធ្វើ​ប្រតិ​ប​ត្ដិ​ការដណ្ដើមយក​ទី​ក្រុង​Raqqa​ជាទី​តាំងរបស់​ក្រុម​រដ្ឋ​អ៊ីស្លាម​មកវិញ​។​កងទ័ព​បាន​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ​ផ្សេងទៀត ដណ្ដើមយក​បាន​ទឹកដី​ស្ទើរ​ទាំងស្រុង​ហើយ​។​ពេលនេះ​បញ្ហា​ប្រឈម​គឺ​ការ​សាបព្រោះ​មនោគមវិជ្ជា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។​ដូច្នេះ​សហគមន៍​អន្ដរជាតិ​ត្រូវមាន​កាតព្វកិច្ច​លុបបំបាត់​ការបង្រៀន​ពី​គំនិត​ជ្រុលនិយម​។​

​ដោយសារតែ​ភាពជ្រុលនិយម ក្រុម​រដ្ឋ​អ៊ីស្លាម​អាច​បញ្ជា​មនុស្ស​ឲ្យធ្វើ​សកម្ម​នៅ​កន្លែង​ផ្សេងៗ​គ្នា​។​តំបន់​មជ្ឈិមបូព៌ា តំបន់​អឺរ៉ុប និង​តំបន់​អាស៊ី បាន​ក្លាយជា​តំបន់​រងគ្រោះ​ព្រោះតែ​អំពើ​ភេរវកម្ម ស្ថិតក្រោម​ការអំពាវនាវ​និង​បង្គាប់បញ្ជា​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​។​អ្វី​បានឃើញ​នៅពេលនេះ  ដូច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​បញ្ជាក់ជូន​ខាងលើ ដែលមាន​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​ក្រុម ស្ម័គ្រចិត្ដទ​ទួល​ក្រុម​រដ្ឋ​អ៊ីស្លាម​ទៅ​ជ្រកកោន​ក្នុង​ដែនដី​របស់​ពួកគេ ហើយ​រួម​កម្លាំង​ជា​ធ្លុង​មួយ​បង្កើត​រដ្ឋ​ឯករាជ្យ​ថ្មី​មួយទៀត​។​

​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​វិល​ចូល​ស្រុកកំណើត​វិញ​នឹង​បង្ក​ការគំរាមកំហែង​ខ្លាំង​

ក្រុម​សកម្មប្រយុទ្ធ​បរទេស​រាប់ពាន់នាក់​ដែល​ចាកចេញ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ អាច​នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ នៅពេល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​នេះ​បើតាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​Soufan​ជា​ក្រុមអ្នកវិភាគ​មួយក្រុម​។​Soufan​បាន​បន្ថែមថា យ៉ាងហោចណាស់​មាន​ប្រជាជន​៥,៦០០​នាក់ មកពី​ប្រទេស​ចំនួន​៣៣​ផ្សេងគ្នា បានធ្វើ​មាតុភូមិនិវត្ដន៍​ទៅប្រ​ទេស​កំណើត បន្ទាប់ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាត់បង់​ទឹកដី​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​ក្រុម​ដែល​មិន​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​ទាំងអស់នោះ នៅពេល​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​នឹងមាន​បញ្ហា​ប្រឈម​ខ្លាំង​ផ្នែក​សន្ដិសុខ និង​បង្កបញ្ហា​ដល់​ការ​អនុវត្ដ​ច្បាប់​ផងដែរ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បានប្រកាស​រដ្ឋ​នៅលើ​ទឹកដី​មួយ​ភាគ​ធំ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០១៤​។​ប៉ុន្ដែ​ទោះបី​គេ​បាត់បង់​ទឹកដី មជ្ឈមណ្ឌល​Soufan​បាន​ព្រមាន​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅតែ​មានជីវិត​រស់នៅ​ឡើយ​មិនទាន់​រលាយ​ទេ​។​

​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​បរទេសរ​បស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​មានជីវិត អាច​នឹង​បន្ដធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​។​កន្លងមក​បណ្ដាញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្លាប់បាន​អះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រ​នៅ​ទីតាំង​ជាច្រើន​ដូចជា នៅ​មជ្ឈិមបូព៌ា នៅ​អឺរ៉ុប អាស៊ី​ជាដើម​។​Soufan​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ដែលមាន​ប្រជាជន​ទៅ​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​ពួកគេ​ត្រឡប់​ចូល​ប្រទេស​វិញ​៕

ព័ត៌មានផ្សេងទៀត