អតីត​មន្រ្តី​CNRP​​ដែល​ចូលរួមCPP​អាចនឹងបាត់បង់​តំណែង​បើបម្រើពលរដ្ឋ​មិនល្អ​

ដោយ៖ គួន សំបូរ 27-11-2017 4:07 pm 2260
សកម្មជនគណបក្សប្រជាជនកម្ពុជា។

គិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ចំនួនសរុប២,៦៥៦នាក់ បានមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា។អ្នកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាច នឹងរក្សាបាននូវមុខតំណែង និងតួនាទីការងារដដែល តាមការសន្យារបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន។ប៉ុន្តែតំណែងនេះ មិនអាចនៅថេរទេ វានឹងបាត់បង់ទៅវិញ បើសិនជាបម្រើការងារជូនពលរដ្ឋមិនល្អ។សម្រាប់អ្នកវិភាគយល់ថា នេះជាសង្គមប្រជាធិបតេយ្យ ខណៈខ្លះទៀតថា អាចជាយុទ្ធសាស្ត្រនយោបាយ ដើម្បីទាញយកចូលសិន ហើយចាំគិតដោះស្រាយពេលក្រោយ។ 

គិតត្រឹមម៉ោង៩៖០០យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧មន្ត្រីជាន់ខ្ពស់ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាបំរុង នៃអតីតគណបក្សសង្គ្រោះជាតិ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួនសរុប២,៦៥៦នាក់ ។

តាមរបាយការណ៍គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ចំនួននេះស្មើនឹងប្រមាណ៥៣% នៃសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ ចៅសង្កាត់, ជំទប់ទី១ ជំទប់ទី២, សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់នៅថ្ងៃនេះថា អ្នកចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច នឹងរក្សាបាននូវមុខតំណែង និងតួនាទីការងារដដែល តាមការសន្យារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ក៏ប៉ុន្តែលោកបានពន្យល់ថា តំណែងទាំងនេះ មិនមែន មានន័យថា ក្រាញ់តែឯងរហូតនោះទេ វានឹងមានការប្រែប្រួលល្គឹកណា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង នោះបម្រើការងារជូនពលរដ្ឋមិនបានល្អ….

សំឡេងលោកសុខ ឥសាន៖ 

ទាក់ទងនឹងការរក្សាតំណែងនេះ លោកបណ្ឌិតមាស នី បានយល់ឃើញថា អាចជាយុទ្ធសាស្ត្រនយោបាយ ដើម្បីទាញយកចូលសិន ហើយចាំគិតដោះស្រាយពេលក្រោយ។លោកថា ការចូលរួមជាថ្នូរ រក្សាតំណែង ធ្លាក់កើតមានកន្លងមកក្នុងឆាក់នយោបាយស្រុកខ្មែរ ……

សំឡេងលោកបណ្ឌិតមាស នី៖  

សម្រាប់លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា តាមសង្គមប្រជាធិបតេយ្យ ការផ្លាស់ប្តូរជារឿងធម្មតា ហើយផ្លាស់ប្តូរត្រូវការសំឡេងគាំទ្រពីប្រជាជន។ដូច្នេះបើសិនជា ក្រុមប្រឹក្សាឃុំសង្កាត់ អតីតគណបក្សសង្គ្រោះជាតិ បានបម្រើការងារបានល្អ ហើយពលរដ្ឋពេលចិត្តគាត់គណបក្សនឹងរក្សាពួកគាត់ទុកឲ្យដឹងនាំដដែល។

សំឡេងលោកបណ្ឌិតគិន ភា៖  

សូមរំលឹកថា ការចុះចូលរបស់មន្ត្រី មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈដែលគណបក្សប្រឆាំងត្រូវបានរំលាយកាលពីថ្ងៃទី១៦វិច្ឆិកា។លោកហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានសន្យាថានឹងផ្តល់ជូនដល់អ្នកចុះចូលឬចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនូវមុខតំណែង និងតួនាទីការងារដដែល៕ 

ព័ត៌មានផ្សេងទៀត