អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​​ថា​ អន្តរជាតិ ​មិន​ទុកឲ្យ​​លោក​ហ៊ុន សែន ​នាំ​កម្ពុជា​​ទៅរក​​អតីតកាល​ទេ ​

ដោយ៖ ខាត់ សុធី 26-11-2017 2:09 pm 4049

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បើទោះជា​ត្រូវបាន​រំលាយចោល​តាម​អំណាច​នៃ​សាលក្រម​តុលាការ​កំពូល​ហើយ​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ នៅតែ​អះអាងថា ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ និង​សហគមន៍​អន្តរជាតិ នៅតែ​ទទួលស្គាល់​គណបក្ស​នេះ ជា​គណបក្ស​ស្របច្បាប់ ទទួលបាន​អាណត្តិ តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ពាក់កណ្តាល​ប្រទេស ហើយ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​, ក្រុង​-​ស្រុក​-​ខណ្ឌ​, ឃុំ​-​សង្កាត់ នៅតែ​ជា​តំណាង​ស្របច្បាប់ និង​ជា​តំណាង​ពលរដ្ឋ​ម្ចាស់ឆ្នោត ដោយ​គ្មាន​ន​ណា ឬ​ស្ថាប័ន​ណា មាន​សិទ្ធិ​ដកហូត​បាន​ជាដាច់ខាត ពោលគឺ​មានតែ​ប្រជាពលរដ្ឋ​ទើប​អាចដកហូត​វិញ​បាន តាមរយៈ​សន្លឹកឆ្នោត ក្នុង​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុណ្ណោះ​។​

​ថ្លែង​នៅក្នុង​សារលិខិត​មួយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ចំ​ចំពោះ​លោក​ហ៊ុន សែន ថា​បាន​ដឹកនាំ​របប​ផ្តាច់ការ និង​បាន​យាយី រារាំង មិនឲ្យ​អតីត​គណបក្សប្រឆាំង​នេះ ធ្វើ​សកម្មភាព​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។​តែ​បើទោះជា​បែបណា គណបក្ស​នេះ បាន​អះអាងថា រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា មិនមាន​ការផ្លាស់ប្តូរ​ឡើយ ឯ​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស នឹង​បន្ត​បេសកកម្ម​ដោយ​ឥត​ងាករេ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ក្នុងន័យ កុំឲ្យ​សកម្មជន អ្នកគាំទ្រ បាក់​ទឹកចិត្ត និង​អស់សង្ឃឹម គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា សហគមន៍​អន្តរជាតិ មិន​ទុកឲ្យ​លោក​ហ៊ុន សែន នាំ​ប្រទេស​កម្ពុជា វិល​ថយក្រោយ ទៅរក​អតីតកាល​មុន​ឆ្នាំ​១៩៩១​វិញ​ឡើយ ពីព្រោះ​សហគមន៍​អន្តរជាតិ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការជួយជ្រោមជ្រែង​ឲ្យមាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ សម្រាប់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ចំណាយធនធាន​យ៉ាងច្រើន ក្នុង​ការអនុវត្ត​កិច្ច​ព្រម​ព្រមព្រៀង​ទី​ក្រុងប៉ារីស ដើម្បីឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ មាន​ការគោរព​សិទ្ធិមនុស្ស មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ហើយ​និង​មាន​ការអភិវឌ្ឍ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន ថា មិន​ចាប់អារម្មណ៍​នឹង​សេចក្តីថ្លែងការណ៍ ឬ​សារ​ណាមួយ​ឡើយនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ហៅ​សេចក្តីថ្លែងការណ៍ ឬ​សារ​នយោបាយ​ទាំងនោះ ថា​ជា​សេចក្តីថ្លែងការណ៍​ខ្មោច ពីព្រោះ​គណបក្ស​នេះ​បាន​ស្លាប់​តាំងពី​ថ្ងៃទី​១៦ វិច្ឆិកា មកម្ល៉េះ​។​ដោយឡែក​កិច្ចប្រឹងប្រែង​របស់​សហ​គ​មន៍​អន្តរជាតិ ក្នុង​ការជួយ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ ត្រូវ​លោក​សុខ ឥសាន ចាត់ទុកថា​ធ្វើឡើង​ក្នុងនាម​ជា​មេខ្លោង​នៃ​បដិវត្ត​ពណ៌ ការពារ​អាយ៉ង​របស់​ខ្លួន​តែប៉ុណ្ណោះ​......

​សំឡេង​លោក​សុខ ឥសាន​៖ 

​ជា​ហូរហែ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​។​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បដិសេធ​ចំពោះ​គ្រប់​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ហៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា គឺ​គណបក្ស​ក្រៅច្បាប់ ។ 

​យោងតាម​សារលិខិត របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល ផ្ញើជូន​សកម្មជន​-​សកម្ម​នារី នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​២៦ វិច្ឆិកា នេះ បាន​សម្តែង​នូវ​ការកោតសរសើរ ដោយ​ស្មោះត្រង់ ចំពោះ​សេចក្តីក្លាហាន មិន​តក់ស្លុត និង​មិន​រាថយ ចំពោះ​ការ​សម្លុត​គម្រាមកំហែង ការបំភិតបំភ័យ និង​ការទិញ​ទឹកចិត្ត​បងប្អូន ពី​សំណាក់​ក្រុម​ជន​ផ្តាច់ការ ហើយ​រក្សាបាន​នូវ​សេចក្តី​ស្មោះត្រង់ ជាមួយ​ម្ចាស់ឆ្នោត និង​បុព្វហេតុ​នៃ​ការតស៊ូ ដើម្បី​សង្គ្រោះ​ជាតិ​។​

សារលិខិត​នេះ ធ្វើឡើង​ស្របពេល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា បានកំណត់​ឱសានវាទ បញ្ចប់​ក្នុង​ការទទួលយក អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅត្រឹម​រាត្រី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។​

​គិត​មក​ត្រឹម​ថ្ងៃទី​២៥ វិច្ឆិកា  អតីត​ក្រុមប្រឹក្សា និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា   សរុប​ជិត​២៥០០​នាក់​ហើយ ស្មើនឹង​ប្រមាណ​ជិត​៥០%​។​លោក​ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​២៦ វិច្ឆិកា នេះ​ថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ឱសានវាទ និង​ជា​ឱកាស​ចុងក្រោយ របស់​បងប្អូន​មកពី​រួមរស់ ក្នុង​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​បានលើកឡើង​ក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា គណបក្ស​ប្រជាជន​កម្ពុជា រីករាយ​រង់ចាំ​ស្វាគមន៍​បងប្អូន រហូតដល់​ម៉ោង ៩​យប់​នេះ​។ អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កន្លងមកនេះ ដើម្បី​រួមគ្នា​ពូត​ដៃ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​៕

ព័ត៌មានផ្សេងទៀត