តាមរយៈការសម្តែងរឿង និងការដំណាលរឿងបទពិសោធន៍ជីវិតពិតរបស់ស្ត្រីពិការមកពីខេត្តបាត់ដំបងម្នាក់ បានស្តែងបញ្ជាក់យ៉ាងច្បាស់ថា សង្គមពិតជាបានបែងចែកគម្លាតនៃការរើសអើងក្នុងសង្គម គម្លាតផ្នែកសមភាពនិងសមធម៌ រវាងអ្នកពិការ និងអ្នកមិនពិការ ហើយនេះនៅតែជាក្តីកង្វល់នៅឡើយ ។ លោកស្រី វណ្ណថុន នាយកប្រចាំប្រទេសរបស់អង្គការ អេឌីឌី អន្តរជាតិ ថ្លែងថា គម្លាតនេះ គឺកើតឡើងដោយសារមជ្ឈដ្ឋានទូទៅក្នុងសង្គមជាអ្នកកំណត់ ។ អ្វីដែលយើងអាចរួមគ្នាធ្វើបាន គឺត្រូវរួមគ្នាធ្វើយ៉ាងណា ដើម្បីបន្ថយនូវគម្លាតសង្គមរវាងអ្នកពិការនិងអ្នកមិនពិការ រហូតអាចជួយឱ្យពួកគេទទួលបាននូវសិទ្ធិនិងឱកាសស្មើគ្នា ។ រាយការណ៍ដោយ គង់ ឧត្តម ។
ស្តាប់បទយកការណ៍ជាសំឡេង៖
ក្នុងសាលប្រជុំដែលមានទំហំប្រមាណ៨ម៉ែត្រ បួនជ្រុង និងមានអ្នកចូលរួមប្រមាណជា៤០អ្នក ដែលភាគច្រើនជាអ្នកចូលរួមមកពីស្ថាប័នសារព័ត៌មានចម្រុះរួមមានវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ ជាពិសេសគឺមានវត្តមានបងប្អូនស្ត្រីពិការចូលរួមផងដែរ ។កម្មវិធីនេះធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ដែលនិយាយអំពីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី ដែលសហការរៀបចំដោយ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និងអង្គការ អេឌីឌី អន្តរជាតិ ។
តាមពិតទៅ កម្មវិធីសិក្ខាសាលានេះ ហាក់បីដូចជា កម្មវិធីសម្រាប់ប្រមូលផ្តុំអ្នកសារព័ត៌មានក្នុងស្រុក ឱ្យបានជួបពិភាក្សា និងបានឃើញផ្ទាល់ពីបទពិសោធន៍ អំពីករណីហិង្សានិងពិការភាព ដើម្បីចូលរួមចំណែកកែលម្អឥរិយាបថប្រជាពលរដ្ឋ ទប់ស្កាត់ និងជម្រុញឆ្លើយតបដ៏មានប្រសិទ្ធដល់ស្ត្រី និងក្មេងស្រី ជាពិសេសអ្នកដែលមានពិការភាពតែម្តង ។
បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាបើកកម្មវិធីរបស់លោកស្រី ហ៊ូ សាមិត្ត ដែលជាអ្នកតំណាងមកពីក្រសួងកិច្ចការនារី ដោយមានការលើកឡើងជាសាច់រឿងបែបកំប្លែងផង អប់រំផង ផ្នត់គំនិតសង្គមចំពោះស្ត្រីផង ខ្ញុំបានសង្កេតចាប់អារម្មណ៍ទៅលើកម្មវិធីសម្តែងរឿងមួយ ដែលបានបង្ហាញដល់អ្នកចូលរួមទាំងអស់បានឃើញយ៉ាងជាក់ស្តែង និងជឿជាក់ថា ក្នុងសង្គមកម្ពុជា ឱកាសនៃការទទួលបានការអប់រំ ការអភិវឌ្ឍជីវិតរបស់មនុស្សទូទៅ និងអ្នកពិការភាព គឺពិតជាមានគម្លាតគ្នាឆ្ងាយពិតមែន ។
បាទ រឿងនោះ គឺជារឿងដែលមានចំណងជើងថា ល្បែងជីវិត ដោយខ្ញុំក៏បានចូលរួមសម្តែងក្នុងសាច់រឿងនេះផងដែរ ក្រោយអ្នកសម្របសម្រួលជ្រើសរើសឱ្យចូលរួមសម្តែង ។ ក្នុងនោះ តួអង្គសំខាន់ៗ មានចំនួន៤នាក់ ដែលសុទ្ធសឹងតែជាអ្នកសារព័ត៌មានទាំងអស់។ ស្ត្រីពីរនាក់ ម្នាក់ដើរតួជាអ្នកមានកំណើតធម្មតា និងស្ត្រីម្នាក់ទៀតដើរតួជាអ្នកពិការជើងពីកំណើត មិនអាចផ្លាស់ទីបាន ។ តួអង្គពីរនាក់ទៀត គឺជាបុរសដែលកើតមកមានកាយសម្បទាគ្រប់គ្រាន់ និងបុរសម្នាក់ទៀត គឺកើតមកជាអ្នកពិការភ្នែកពីកំណើត ។ ដោយឡែក ខ្ញុំបានចូលរួមសម្តែងជាតួអង្គបុរសពិការភ្នែកពីកំណើត នៅក្នុងសាច់រឿង ដែលនិយាយអំពី ល្បែងជីវិតនេះ ។ អ្នកចូលរួមទាំងអស់នៅក្នុងសាលសិក្ខាសាលា គឺត្រូវចូលរួមទាំងអស់គ្នា តាមរយៈការបញ្ចេញមតិយោបល់ បង្ហាញពីអ្វីដែលបានកើតឡើងជាក់ស្តែងនៅក្នុងសង្គម និងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពសង្គមកម្ពុជាសព្វថ្ងៃតែម្តង ។
ក្រោយបែងចែក និងជ្រើសរើសតួអង្គដែលខ្លួនអាចសម្តែងបានហើយ តួអង្គនីមួយៗ ត្រូវឈរនៅក្នុងទីតាំងមួយដែលមានកម្រិតបន្ទាត់ ឬអាចនិយាយប្រៀបធៀបបានថា គឺជាកម្រិតខ្សែជីវិតនៅទីតាំងមួយស្មើគ្នា ។ សំនួរដំបូងគេដែលតួអង្គនីមួយៗត្រូវប្រឈមឆ្លើយម្តងម្នាក់នោះគឺ តើឪពុកម្តាយនឹងមានអារម្មណ៍ ឬសម្ពាធបែបណាខ្លះ នៅពេលតួអង្គកើតមកភ្លាម? តួអង្គទាំងបួនត្រូវចូលរួមឆ្លើយម្តងម្នាក់ៗ ក្នុងនាមជាបុរសមិនពិការ បុរសពិការភ្នែក ស្ត្រីមិនពិការ និងស្ត្រីពិការដើរពុំរួចហើយអ្នកចូលរួមក្នុងសិក្ខាសាលាទាំងមូល ក៏អាចចូលរួមផ្តល់ជាមតិយោបល់បន្ថែមទៅលើដំណើររឿងនេះដូចគ្នា ។
ជាលទ្ធផលនៃសំណួរទីមួយនេះ គឺតួអង្គបុរសមិនពិការអាចឈានទៅមុខមួយជំហានពេញ តួអង្គស្ត្រីមិនពិការក៏អាចឈានទៅមុខមួយជំហានដូចគ្នា ស្មើនឹងទីតាំងតួអង្គបុរសមិនពិការដែរ ។ ចំណែកឯតួអង្គ ពីរនាក់ទៀត ដែលជាស្ត្រីពិការដើរពុំរួចពីកំណើត និងបុរសពិការភ្នែកពីកំណើត គឺពុំអាចឈានដំណើរជីវិតទៅមុខបានទេ ក៏ព្រោះ កើតមកពុំមានលក្ខណៈពេញលេញដូចតួអង្គទាំងពីរដំបូង ។
សំណួរទីពីរក៏ចាប់ផ្តើមសួរ ដោយមានន័យថា បន្ទាប់ពីធំលូតលាស់ដល់អាយុអាចចូលរៀនបាន នៅអាយុ៦ឆ្នាំ តើតួអង្គទាំង៤ អាចមានឱកាសលទ្ធភាពចូលរៀនបានកម្រិតណា? ឬដូចគ្នាដែរឬទេ? សំណួរទីបី គឺ ពេលវ័យ១៨ឆ្នាំ តើមានឱកាស ឬមានលទ្ធភាពអាចបន្តការសិក្សានៅសាកលវិទ្យាល័យដែរឬទេ? ចំណែកឯសំណួរទីបួនចុងក្រោយ គឺលទ្ធភាពនៃការបង្កើតគ្រួសារ ការងារនិងប្រាក់ចំណូល របស់តួអង្គទាំងបួន ។
សរុបជារួម អ្វីដែលខ្ញុំបានឃើញជាក់ស្តែង តាមរយៈការចូលរួមសម្តែងក្នុងសាច់រឿងនោះដោយផ្ទាល់ លទ្ធផលចុងក្រោយបង្អស់នៃការសម្តែងរបស់តួអង្គផ្សេងៗគ្នាទាំងបួន គឺបានឈរនៅលើទីតាំងមួយដែលមានស្ថានភាពខុសគ្នា និងមានគម្លាតឆ្ងាយពីគ្នា ។ នេះបើយើងប្រៀបធៀបទៅនឹងសង្គមជាក់ស្តែង ហាក់បង្ហាញក្នុងន័យថា គម្លាតនៃការរើសអើងក្នុងសង្គម គម្លាតផ្នែកសមភាពនិងសមធម៌ រវាងអ្នកពិការ និងអ្នកមិនពិការនៅតែមាន ដែលនេះនៅតែជាក្តីកង្វល់ក្នុងសង្គមនៅឡើយ ។
តួអង្គបុរសមិនពិការ មានដំណើរជីវិតរលូនជាងគេ ពោលគឺគាត់អាចឈានដំណើរជីវិតទៅមុខគេ និងលូតវែងឆ្ងាយជាងគេ ។ ខណៈឯតួអង្គស្ត្រីមិនពិការ ក៏អាចឈានដំណើរទៅមុខបានដូចគ្នា ក៏ប៉ុន្តែ នៅតែស្ថិតនៅក្រោយជំហានរបស់តួអង្គបុរសមិនពិការ ។ ចំណែកឯតួអង្គបុរសពិការភ្នែកពីកំណើត និងតួអង្គស្ត្រីពិការជើងពីកំណើត ដែលអាស្រ័យលើរទេះរុញនោះ ពួកគេមិនអាចឈានដំណើរឱ្យបានវែងឆ្ងាយដូចតួអង្គដែលមានកាយសម្បទាគ្រប់គ្រាន់បានឡើយ ។
លោកស្រី វណ្ណថុន នាយកប្រចាំប្រទេសរបស់អង្គការ អេឌីឌី អន្តរជាតិ ជាអ្នកសម្របសម្រួលដឹកនាំការសម្តែងនេះ បានបកស្រាយថា កំណើតកើតមករបស់បុគ្គលម្នាក់ៗ គឺសុទ្ធតែឈរលើភាពស្មើគ្នា តែការចាប់យកនូវឱកាសគឺមិនដូចគ្នាទេ ហើយរឿងនេះ គឺពិតជាកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្នមែន ។ គម្លាតនេះ គឺកើតឡើងដោយសារមជ្ឈដ្ឋានទូទៅក្នុងសង្គមតែម្តង ។ អ្វីដែលយើងអាចរួមគ្នាធ្វើបាន គឺត្រូវរួមគ្នាធ្វើយ៉ាងណា ដើម្បីបន្ថយនូវគម្លាតសង្គមរវាងអ្នកពិការនិងអ្នកមិនពិការ រហូតអាចជួយឱ្យពួកគេទទួលបាននូវសិទ្ធិនិងឱកាសស្មើគ្នា…
សំឡេងលោក ស្រី វណ្ណថុន ៖
យ៉ាងណាម៉ិញ ខ្ញុំបានកត់សម្គាល់ និងចាប់អារម្មណ៍ខ្លាំងទៅលើរឿងមួយផ្សេងទៀត នោះគឺ ការចែករំលែកបទពិសោធន៍ជីវិតពិតរបស់ស្ត្រីពិការម្នាក់ មកពីខេត្តបាត់ដំបង ។ គាត់ឈ្មោះថា សៀង សុខច័ន្ទ ។ បើតាមខ្ញុំចាំ តាមរយៈការដំណាលរឿងជីវិតជូរចត់របស់គាត់ គាត់បានប្រាប់ថា គាត់បានកើតក្នុងគ្រួសារក្រីក្រដែលមានបងប្អូនចំនួន៦នាក់ នៅខេត្តបាត់ដំបង ។ អង្គុយកាន់មេក្រូលើរទេះរុញនិយាយសំដៅមកអ្នកចូលរួមក្នុងសាលសិក្ខាសាលាស្ត្រីវ័យ៣៥ឆ្នាំរូបនេះ បានប្រាប់ថាគាត់បានធ្លាក់ខ្លួនពិការបាក់ឆ្អឹងខ្នង កាលពីអាយុ១១ឆ្នាំ ដោយសារត្រូវបានគេលួចវាយពីក្រោយខ្នង ។ តាំងពីពេលនោះមក គាត់ក៏បានធ្លាក់ខ្លួនអាស្រ័យលើរទេះរុញដល់បច្ចុប្បន្ន ។ ដោយសារគ្រួសាររបស់អ្នកស្រីមានបញ្ហាសេដ្ឋកិច្ចផង ណាមួយមិនអាចទៅរៀនព្រោះសាលារៀនពុំមានជំរាលផង បញ្ហាផ្លូវចិត្ត ភាពឯកោ អស់សង្ឃឹម ក៏បានកើតឡើង រហូតគាត់មានអារម្មណ៍ថា គាត់ត្រូវបានសង្គមរើសអើង ។ តែជីវិតរបស់អ្នកស្រីមិនបានបញ្ចប់ត្រឹមនេះនោះទេ គាត់ក៏បានជំនះស្វែងរករៀនជំនាញ រហូតនៅឆ្នាំ២០១៣ ស្ត្រីដ៏មានសមត្ថភាព និងតស៊ូរូបនេះ បានបង្កើតអង្គការវេទិកាស្ត្រីពិការខេត្តបាត់ដំបង ដើម្បីចូលរួមលើកទឹកចិត្ត ជួយបម្រុង ផ្តល់យោបល់លើកទឹកចិត្តដល់ស្ត្រីពិការផ្សេងទៀត ឱ្យពួកគេអាចទទួលបានការលើកទឹកចិត្ត និងទទួលបានឱកាសល្អៗ ។ សព្វថ្ងៃ អ្នកស្រីសុខច័ន្ទ ចិញ្ចឹមកូនពីរនាក់ក្នុងបន្ទុក ម្នាក់អាយុ១៥ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ ។ អ្នកស្រីបញ្ជាក់យ៉ាងខ្លីថា ជនពិការ នឹងមានអារម្មណ៍សប្បាយចិត្ត នៅពេលមិនមានអ្នករើសអើងក្នុងសង្គម ។
តាមរយៈសាច់រឿងសម្តែងអំពីល្បែងជីវិត និងការនិទានរបស់អ្នកស្រី សៀង សុខច័ន្ទ យើងមើលឃើញថា ស្ត្រីនិងក្មេងស្រីពិការកំពុងរស់នៅក្នុងបរិយាកាសរើសអើង បន្ទាបតម្លៃយ៉ាងអាថ៌កំបាំង ហើយពួកគាត់គឺជាជនរងគ្រោះនៃអំពើហិង្សា ក្នុងកម្រិតពីពីរទៅបីដងធ្ងន់ធ្ងរជាងអ្នកដែលគ្មានពិការភាពទៅទៀត ។ ដូច្នេះ អ្វីដែលយើងអាចជួយ និងធ្វើបាន គឺចៀសវាងការរើសអើងអ្នកពិការ លុបបំបាត់អំពើហិង្សាលើស្ត្រី ។ ចំណែកឯអ្នកសារព័ត៌មាន គឺអាចចូលរួមផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ដើម្បីរួមចំណែកកែប្រែឥរិយាបថសង្គម លុបបំបាត់គ្រប់ទម្រង់នៃការរើសអើសនានា ៕
(រាយការណ៍ដោយ៖ គង់ ឧត្តម)