គជប​បដិសេធ​ការចោទប្រកាន់​របស់​CNRP​រឿង​ប្លន់ឆន្ទៈរាស្ត្រ​

ដោយ៖ គង់ ឧត្តម 25-11-2017 3:50 pm 3311
សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្រ្គោះជាតិ និងលោក សោម សូរីដា អគ្គលេខាធិការរងនៃគជប។

​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចោទ​ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថា​បាន​រួម​ដៃ សមគំនិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​សព្វថ្ងៃ ដោយ​បាន​យក​អាសនៈ​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​ដទៃ លោក សោម សូ​រី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​ថ្លែង​ច្រានចោល​នូវ​សេចក្តីថ្លែងការណ៍​នេះ​ទាំងស្រុង ។ លោក​បាន​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប គឺជា​ស្ថាប័ន​អង្គការ​ឯករាជ្យ ដែល​អនុវត្ត​ច្បាប់​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​…
​សំឡេង​លោក សោម សូ​រី​ដា ៖

​អគ្គលេខាធិការរង គ​.​ជ​.​ប​រូបនេះ​បញ្ជាក់​អះអាងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប គឺជា​ស្ថាប័ន​ប្រតិបត្តិ​ករ​អនុវត្ត​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង ។ ក្នុង​ករណី​បើ គ​.​ជ​.​ប មិន​អនុវត្ត​តាម​ច្បាប់​ដែល​បាន​ចែង​ទេ នោះ​មានន័យ​ថា គ​.​ជ​.​ប ធ្វើ​សកម្មភាព​ប្រាស់ចាក​ពី​រដ្ឋធម្មនុញ្ញ​ផង និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ផង​… 
​សំឡេង​លោក សោម សូ​រី​ដា ៖

​ទោះយ៉ាងណា​ក៏ដោយ លោក សោម សូ​រី​ដា នៅតែ​អះអាងថា ដំណើរការ​នៃ​ការ​បែងចែក​អាសនៈ​ទៅ​ឱ្យ​គណបក្ស​ដទៃ​ទៀត​នេះ គឺ​ស្រប​តាម​ច្បាប់​ទាំងស្រុង​…
​សំឡេង​លោក សោម សូ​រី​ដា ៖

​យ៉ាងណាម៉ិញ វិទ្យុ​វាយោ​មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​ពី​សេចក្តី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ព្រោះ​ទូរស័ព្ទ​លោក​ទាក់ទង​ចូល តែ​ពុំ​មាន​អ្នក​លើក​ទទួល ។​

​គូសបញ្ជាក់ថា តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​មួយ​នេះ បានប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ដែល​បាន​រឹបអូស​អាសនៈ​រដ្ឋសភា​របស់ខ្លួន ទៅ​ចែក​ឱ្យ​គណបក្ស​ដទៃ​ទៀត ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការចែក​អាសនៈ​នេះ គឺ​ធ្វើឡើង​ស្រប​តាម​ច្បាប់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឡើង​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ។ 

​សេចក្តីថ្លែងការណ៍​ដដែល​បានបញ្ជាក់​ថា សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ដែល​បាន​យក​អាសនៈ​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​ដទៃ​ទៀត ដែល​ពុំ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ​.​ជ​.​ប បាន​សមគំនិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​តុលាការ​កំពូល ដោយ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ។ ជាងនេះទៅទៀត គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ លុបចោល​សេចក្តីសម្រេច​នៃ​ការយាយី​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក​កឹម សុខា អ្នកទោស​មនសិកា​រទាំ​ង​អស់ និង​ទម្លាក់ចោល​ការចោទប្រកាន់​អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន អ្នកសារព័ត៌មាន ដើម្បី​កុំឱ្យ​កម្ពុជា​ទទួល​រង​នូវ​ទណ្ឌកម្ម និង​ស្ថិត​នៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត