មេធាវី​​លោក​​អ៊ួន ឈិន ​នឹង​ប្តឹង​មន្ត្រីដែល​ទម្លាយ​រូបភាព​​សម្ងាត់​​​កូនក្តី​លោក​​

ដោយ៖ សៅ វិសាល 24-11-2017 4:12 pm 5795

​លោក​កែវ រ៉ាន្នី មេធាវី​ការពារ​ក្តី ឲ្យ​លោក​អ៊ួ​ន ឈិន អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បានបញ្ជាក់​ថា នឹង​ដាក់ពាក្យ​ប្តឹង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បាន​ទម្លាយ​ព័ត៌មាន និង​រូបភាព​សម្ងាត់ នៃ​ការស៊ើបអង្កេត កូនក្តី​របស់​លោក ឲ្យទៅ​ស្ថាប័ន​កាសែត ចុះផ្សាយ ដែល​ធ្វើឲ្យប៉ះពាល់ ដល់​កិច្ច​ស៊ើបសួរ នៃ​រឿងក្តី និង​សេចក្តី​វិនិច្ឆ័យ​រឿងក្តី នៅ​ថ្ងៃ​ខាងមុខ ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​ក្រុម​គ្រួសារ កូនក្តី​របស់​លោក​។

​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា លោក​មេធាវី កែវ រ៉ាន្នី បានបញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យបណ្ដឹង ប្ដឹង​មន្ត្រី​នគរបាល ក្រសួងមហាផ្ទៃ ដែល​បញ្ចេញ​រូប និង​វីដេអូ​អាសអាភាស ដែល​អះអាង​ថា ជា​របស់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ម្នាក់ ទៅ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។​

​លោក​បាន​អះអាង​បន្តថា តាម​មាត្រា​៣១៤ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​ប៉ះពាល់​ដល់​អាថ៌កំបាំង​វិជ្ជាជីវៈ ចែងថា បុគ្គល​ដែល​កាន់កាប់​ព័ត៌មាន​ដែល​មាន​លក្ខណៈ​អាថ៌កំបាំង ដោយ​មូលហេតុ​នៃ​ស្ថានភាព​មុខរបរ មុខងារ ឬ​បេសកកម្ម​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១០០០០០​រៀល ទៅ​២០០០០០​រៀល ប្រសិនបើ​បុគ្គល​នោះ​បង្ហាញ​ព័ត៌មាន​នេះ ដល់​បុគ្គល​ដែល​គ្មាន​សមត្ថកិច្ច​ដើម្បី​ដឹង​ពី​ព័ត៌មាន​នេះ​។​

​ថ្លែង​ប្រាប់​សារព័ត៌មាន​ដដែល លោក​មេធាវី ហែម សុជាតិ ពន្យល់ថា ការស៊ើបអង្កេត​ក្នុង​រឿង​ព្រហ្មទណ្ឌ ត្រូវតែ​ធ្វើ​ឡើង​ជា​ការសម្ងាត់​។ បុគ្គល​ទាំងឡាយ ដែល​ចូលរួម​ក្នុង​ការស៊ើបអង្កេត ជា​ពិសេស​ចៅក្រម ចៅក្រម​ខាង​អយ្យការ មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ​ជា​ដើម ត្រូវ​តែ​រក្សា​ការសម្ងាត់​នៃ​វិជ្ជាជីវៈ​។

​លោក​មេធាវី បន្តថា បើទោះបីជា​តុលាការ​ផ្ដន្ទាទោស​បុគ្គល​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ថតរូប ឬ​ថត​វីដេអូ​អាសអាភាស​ក៏​ដោយ ក៏​តុលាការ​មិន​អាច​ចេញ​សេចក្ដីសម្រេច​បង្គាប់​ឱ្យ​ស្ថាប័ន​សារព័ត៌មាន ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​រឿង​នេះ​បាន​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​។ មានតែ​ចៅក្រម​អយ្យការ​ប៉ុណ្ណោះ ដែល​ច្បាប់​បានអនុញ្ញាត​ឱ្យ​ធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ កាលណា​បើ​ចៅក្រម​អយ្យការ​យល់ឃើញថា​ព័ត៌មាន ដែល​ផ្សព្វផ្សាយ​ពី​រឿង​ណាមួយ​ជា​ព័ត៌មាន​មិន​ពិត​។

​ជុំវិញ​បញ្ហា​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការអត្ថាធិប្បាយ ពី​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានទេ ដោយសារ​បាន​បិទ​ទូរស័ព្ទ​។ អ្នកសារព័ត៌មាន​វិទ្យុ​វា​យោ ក៏​បាន​ទាក់ទង​ទៅកាន់​លោក​មេធាវី គី តិច ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល ឲ្យ​បកស្រាយ​ផ្លូវ​ច្បាប់​ចំពោះ​ករណីនេះ ដោយ​ខ​ល​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​។​

​សូមបញ្ជាក់​ថា លោក​អ៊ួន ឈិន និង​លោក​យាង សុជា​មេ​តា អតីត​បុគ្គល​វិទ្យុ​អាស៊ីសេរី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ពន្ធនាគារ​ព្រៃ​ស ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ “​ផ្តល់​ព័ត៌មាន​ដល់​បរទេស ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ​” តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច បាន​បន្ត​ស្វែងរក​ភស្តុតាង​បន្ថែម នៅលើ​កុំព្យូទ័រ របស់​លោក​លោក​អ៊ួន ឈិន ក៏​បាន​ឃើញ​នូវ​រូបភាព និង​វីដេអូ​អាសអាភាស  សម្រាប់​ផលិត​លក់​ទៅ​ក្រៅប្រទេស​។ ក្រោយ​ការប្រទះឃើញ​ដូច្នេះ  រូបភាព​អាសអាភាស​មួយចំនួន ដែល​សមត្ថកិច្ច​អះ​អា​ថា ជា​លោក​អ៊ួន ឈិន គឺ​ត្រូវបាន​ទម្លាយ​ចេញ​មក​ក្រៅ ហើយ​ត្រូវបាន​សារព័ត៌មាន​ជា​ច្រើន ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​៕ ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត